សម្តេច​ហ៊ុនសែន សង្ឃឹមលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ការពារ​ប្រជាពលរដ្ឋ​ ​គ្រប់​ទីកន្លែង

ភ្នំពេញ: ​នៅ​ថ្ងៃទី​៣ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ដែល​មិនមាន​ទូក​អុំ​នៅមុខ​ព្រះបរមរាជវាំង ត្រូវ​នឹង​ថ្ងៃទី​២៦​វិច្ឆិកា​នេះ សម្តេច​តេ​ជោ​ហ៊ុនសែន បានបង្ហាញ​ក្តីសង្ឃឹម​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​​គ្រប់លំដាប់​ថ្នាក់ ការពារ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។ ក្នុងនោះ ​ប្រជាពលរដ្ឋ​ខ្លួនឯង ក៏ត្រូវ​ការពារ​ខ្លួន ពិសេស​បើកបរ​ដោយ​ប្រយ័ត្នប្រយែង​ផងដែរ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​ហ៊ុនសែន នៅ​ព្រឹក​ថ្ងៃទី​២៦​វិច្ឆិកា​នេះ បានសរសេរថា "​ពីរ​ថ្ងៃ​ពីរ​យប់​បាន​កន្លងផុត​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​។ នេះ​ជា​ថ្ងៃ​ចុងក្រោយ ដែល​ខ្ញុំ​សង្ឃឹមថា សេចក្ដីសុខ​នឹង​ការសប្បាយរីករាយ​រប​ស់​ប្រជាជន​នឹង​បន្ត​កើតមាន​ដូច​២​ថ្ងៃ​កន្លងមក​។ សង្ឃឹមលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ការពារ​ប្រជាពលរដ្ឋ គ្រប់​ទីកន្លែង​។ សង្ឃឹមលើ​ប្រជាពលរដ្ឋ​ចេះ​ការពារ​ខ្លួនឯង ពិសេស​ការបើកបរ ដោយ​គោរព​ច្បាប់​ចរាចរណ៍​។ សូម​ជូនពរ​ដល់​បង​ប្អូន​ជនរួមជាតិ ទាំងអស់​ជួបតែ​សេចក្តីសុខ និង​ការរីកចំរើន​"៕​