ចិន​បង្ហាញ​នៅ​ក្រុង​ប៉េ​កាំ​ង​ពី​បណ្តា​រ៉ូ​បូ​ប្រឆាំង​ភេរវកម្ម

យោង​តាម​ស៊ី​ន​ហួ​ថា រ៉ូ​បូ​៣​ប្រភេទ​ដែល​មាន​ឯកទេស​ក្នុង​ការ​ស៊ើបការណ៍ កម្ទេច​គ្រឿងផ្ទុះ​តូច​ៗ និង​ការ​វាយប្រហារ​ដោយ​អាវុធ​ត្រូវ​បាន​បង្ហាញ​ក្នុង​ឱកាស​នៃ​សន្និសីទ​ពិភពលោក​នៃ​រ៉ូ​បូ​ឆ្នាំ​២០១៥ ដែល​ទើប​បញ្ចប់​នៅ​ក្រុង​ប៉េ​កាំ​ង ខណៈ​ការ​គំរាមកំហែង​ភេរវកម្ម​មានការ​កើនឡើង​លើ​ពិភពលោក ។

រ៉ូ​បូ​ទាំងនេះ​មាន​ទំហំ​ប៉ុន​របស់​ក្មេង​លេង​អាច​សម្របសម្រួល​គ្នា​ទៅ​វិញ​ទៅ​មក​បាន​លើ​ទីលានប្រយុទ្ធ ។ រ៉ូ​បូ​បំភ្លឺ​ផ្លូវ ឬ​រ៉ូ​បូ​ស៊ើបការណ៍​ទទួល​បន្ទុក​ធ្វើការ​រាវរក​នៅ​កន្លែង​ប្រតិបត្តិការ​ដោយសារ​កាមេរ៉ា​មួយ និង​ប្រដាប់​ចាប់​មួយ ។ នេះ​ជា​ការ​អះអាង​របស់​លោក WU YANPENG វិស្វករ​ក្រុមហ៊ុន HIT ROBOT GROUP នៅ​ទីក្រុង​ហា​ប៊ី​នភា​គ​ឦសាន​ចិន ជា​ក្រុមហ៊ុន​ផលិត​រ៉ូ​បូ​ទាំងនេះ ។

លោក WU បន្ត​ថា ពេល​រ៉ូ​បូ​បំភ្លឺ​ផ្លូវ​ចាប់​បាន​សញ្ញា​របស់​សង្ស័យ​ទាំងឡាយ​ដូច​ជា​ឧស្ម័ន​ពុល បណ្តា​ផលិតផល​គីមី​គ្រោះថ្នាក់ និង​គ្រឿងផ្ទុះ ព័ត៌មាន​នេះ​នឹង​បញ្ជូន​ទៅ​កាន់​កន្លែងធ្វើការ​វិភាគ​ស៊ីជម្រៅ ។ ផ្អែក​លើ​លទ្ធផល​នៃ​ការ​វិភាគ​ប្រភេទ​គ្រឿងផ្ទុះ និង​សេចក្តី​ត្រូវការ​ឱ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ពេល​នោះ​រ៉ូ​បូ​តូច​ទទួល​បន្ទុក​កម្ទេច​គ្រឿងផ្ទុះ និង​រ៉ូ​បូ​វាយប្រហារ​ដោយ​អាវុធ​នឹង​ដល់​វេន​បំពេញបេសកកម្ម ។ រ៉ូ​បូ​កម្ទេច​គ្រឿងផ្ទុះ EOD រំកិល​ខ្លួន​ទៅ ហើយ​កម្ទេច​គ្រាប់បែក ។ ប្រសិនបើ​សភាពការណ៍​ស្មុ​គ្រ​ស្មាញ​ខ្លាំង សម្រាប់​រ៉ូ​បូ​នេះ នោះ​ពួក​អ្នក​ជំនាញការ​ខាង​គ្រឿងផ្ទុះ​នឹង​លើក​មក​ដើម្បី​ធ្វើការ​ដោះស្រាយ​ដោយ​សម​ស្រប ។ រ៉ូ​បូ​តូច EOD ដែល​មាន​ទម្ងន់​ត្រឹម​ប្រមាណ​១២​គីឡូក្រាម ផលិត​ជា​ពិសេស​សម្រាប់​កង​ទាហាន​ដោយ​រ៉ូ​បូ​នេះ​អាច​ស្ពាយ​ដោយ​ទាហាន​ម្នាក់ ។

ចំពោះ​រ៉ូ​បូ​វាយប្រហារ​ប្រដាប់​អាវុធ​ផលិត​សម្រាប់​កាន់​អាវុធ​ធុន​តូច​ៗ កាំភ្លើង​មិន​ធាក់​ថយ និង​កាំភ្លើង​បាញ់​គ្រាប់បែក ។ បំពាក់​ដោយ​វ៉ែនតា​តម្រង់ និង​កៃ វា​អាច​វាយប្រហារ​លើ​គោលដៅ​ស្ថិត​នៅ​ឆ្ងាយ​បាន ៕