លទ្ធផល​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់ ITF Futures ស​ប្ដា​ហ៍​ទី​1

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ITF Futures ស​ប្ដា​ហ៍​ទី​១​មានឈ្មោះ​ថា GLF OPEN 2015 ដែល​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​២១ វិច្ឆិកា មក​នោះ កាន់តែ​ខិត​ជិត​ឈាន​ចូល​ដល់ទី​បញ្ចប់​ហើយ ។

តាម​មន្ត្រី​រៀបចំ​ព្រឹត្តិការណ៍​នេះ​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​១​នេះ ត្រូវ​គេ​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កម្រិត​ទាប​ដើម្បី​ចម្រាញ់​រក​អ្នក​ខ្លាំង​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។ ក្នុង​ចំណោម​កីឡាករ​ចម្រុះ​ជាតិ​សាសន៍​ដែល​បាន​ចូលរួម​ប្រកួត​ចំនួន​៥៩​នាក់ កីឡាករ​កម្ពុជា​សុទ្ធតែ​ចាញ់​នៅ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១​ទាំងអស់ ។ ការ​ប្រកួត​នេះ​ចែក​ចេញ​ជា​២​វិញ្ញាសា គឺ​ប្រកួត​វាយ​ទោល និង​ប្រកួត​វាយ​គូ ។ វិញ្ញាសា​ប្រកួត​វាយ​គូ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​វាយ​ទោល​វិញ​នោះ​ទើបតែ​ឈាន​ចូល​ដល់​វគ្គ​ជម្រុះ​១​ភាគ​៤​ប៉ុណ្ណោះ ។

ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើ​វិញ្ញាសា​វាយ​គូ​មាន​កីឡាករ​Khun-YiLEE និង​កីឡាករ​Sao-Fan LIU​មក​ពី​ចិនតៃវ៉ាន់ ប្រកួត​ជាមួយ​កីឡាករ​ISMAILOV និង​កីឡា​SHOFA YZIYEV​មក​ពី​ចិនតៃវ៉ាន់​ដូច​គ្នា និង​មួយ​ប្រកួត​ទៀត​កីឡាករ​មក​ពី​ចិនតៃវ៉ាន់​ឈ្មោះ​Liang Chi HUANG និង​Cheng –YuYu ប្រកួត​ជាមួយ​កីឡាករ​មក​ពី​កូរ៉េ​ឈ្មោះ​Soon Woo Kwon​និង​កីឡាករ Ji Hoon Son ។

ដោយឡែក​សម្រាប់​ការ​ប្រកួត​វាយ​ទោល​ជម្រុះ​៨​នាក់​ចុង​ក្រោយ​មាន​កីឡាករ​Richad GABB មក​ពី​អា​ល្លឺ​ម៉​ង់ ប្រកួត​ជាមួយ​កីឡាករ Ji Hoon Son មក​ពី​កូរ៉េ ។ កីឡាករ Ahmed Deedet Aboul  Razak មក​ពី​ម៉ា​ឡេ​ស៊ី ប្រកួត​ជាមួយ​កីឡាករ​Soon Woo Kwon មក​ពី​កូរ៉េ​។ កីឡាករ​Liang-Chi  HAUNG មក​ពី​ចិនតៃវ៉ាន់ ប្រកួត​ជាមួយ​កីឡាករ​Miliaan NIESTEN មក​ពី​នូ​វែ​ល​សេ​ឡង់ និង​មួយ​ប្រកួត​ចុង​ក្រោយ​កីឡាករ​Cheng-yuyu​មក​ពី​ចិនតៃវ៉ាន់ ប្រកួត​ជាមួយ​កីឡាករ​Cheon-Eui Kim មក​ពី​កូរ៉េ ។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​វាយ​ទោល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា នេះ ហើយ​គណៈកម្មការ​នឹង​ធ្វើការ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ដែល​ជា​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​លើ​វិញ្ញាសា​ប្រកួត​វាយ​គូ ៕