ប្រធាន​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា សាទរ​លោក​ហ៊ុន​ម៉ា​នី

ភ្នំពេញ: លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ព្រមទាំង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លិខិត​អបអរសាទរ​ជូន​លោក​ហ៊ុន​ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ឱកាសលោក​ហ៊ុន​ម៉ា​នី ទទួលបាន​ពានរង្វាន់​សន្តិភាព Gusi​។​

​លោក ហ៊ុន​ម៉ា​នី ទទួល​ពានរង្វាន់​សន្តិ​ភាព Gusi នៅ​ហ្វីលីពីន ដែល​គេ​ប្រារព្ធ​ពិធី​ប្រគល់ និង​ទទួល​ពានរង្វាន់​សន្តិភាព Gusi នៅ​ទីក្រុង​ម៉ានីល កាលពី​ព្រលប់​ថ្ងៃទី​២៥ វិច្ឆិកា បាន​ផ្សាយ​ផ្ទាល់​ពី​ប្រទេស​ហ្វីលីពីន តាម​ទូរទស្សន៍​បាយ័ន មកកាន់​ប្រទេស​កម្ពុជា​។ លោក​ហ៊ុន​ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​វ័យក្មេង​របស់​កម្ពុជា ជា​ជ័យលាភី ក្នុងចំណោម​ឥស្សរជន ១៩ រូប លើ​ពិភពលោក​។​

​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ពានរង្វាន់​នោះ គឺ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន មាតា​របស់លោក​ហ៊ុន​ម៉ា​នី រួមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា​ជាច្រើនរូប​ផ្សេងទៀត ព្រមទាំង​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ពានរង្វាន់​របស់​លោក​ហ៊ុន​ម៉ា​នី​។ លោក​ហ៊ុន​ម៉ា​នី បាន​វិល​ត្រលប់​មកដល់​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃទី​២៦​វិច្ឆិកា​នេះ​៕​

ប្រធាន​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា សាទរ​លោក​ហ៊ុន​ម៉ា​នី