​​​បង្ក្រាប​សំបុក​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​ពីរ​កន្លែង​​ក្នុង​ក្រុង​កំពត​ ឃាត់ខ្លួន​២​នាក់​​

ខេត្តកំពត​ ៖​ ចាប់តាំងពី​យប់​រហូត​ដល់​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥​ នេះ ​កំលាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ដឹកនាំ​បញ្ជា​ផ្ទាល់ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ម៉ៅ​ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្ត​ និង​បានការ​សហការ​ជាមួយ​លោក ខៃ ស​ម្ផ​ស្ប័ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សំបុក​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ពីរ​កន្លែង​ក្នុង​ក្រុង​កំពត​។

ផ្ទះ​ដែល​សមត្ថកិច្ច​ចូល​ឆែកឆេរ​ដំបូង​ក្នុង​បន្ទប់​ផ្ទះល្វែង​មួយ​កន្លែង ​ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ជា​ស្ត្រី​ម្នាក់​ដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​រួច​ចាក់សោពី​ខាងក្រៅ ។

ពេល​សមត្ថកិច្ច​ចូល​ឆែកឆេរ​បាន​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់​ទាំង​តូច ​ទាំង​ធំ​ និង​ឧបករណ៍​សំរាប់​ជក់ ​និង​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​។ ស្ត្រី​ដែល​សមត្ថកិច្ច​ចូល​ឆែកឆេរ​ប្រទះ​ឃើញ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​កាន់​អធិការ​នគរបាល​ក្រុង​រង់ចាំ​ការ​សាកសួរ​បន្ត​​ ហើយ​ក្នុង​ម៉ោង​នោះ​កំលាំង​សមត្ថកិច្ច​បាន​បន្ត​ឆែកឆេរ​លំនៅ​ឋាន​របស់​ជន​ស​ង្ស​យ័​មួយ​កន្លែង​ទៀត​ស្ថិត​ក្នុងភូមិ​១​ឧសភា ​សង្កាត់​កំពង់​កណ្តាល  ក្រុង​កំពត តែល​ទ្ឋ​ផល​​​សមត្ថកិច្ច​ចម្រុះ​ពុំ​មានរក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​នោះ​ទេ​។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ​ ស្នងការ​ខេត្ត​ដែល​បាន​ដឹកនាំ​កំលាំង​ចូល​ពិនិត្យ ​និង​ឆែកឆេរ​ផ្ទះ​ទី​២​នេះ​បាន​ថ្លែងប្រាប់​អ្នក​យក​ព័​ត៌​មាន​ថា ​ការ​ចូល​ពិនិត្យ​ផ្ទះ​ចុង​ក្រោយ​នេះ​ពុំ​មាន​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​នោះ​ទេ​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ប្រាប់​​​​ក្នុង​​​ប្រតិបត្តិការ​បង្ក្រាប​នេះ​ថា កាលពី​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៥​​ កំលាំង​របស់​លោក​បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀនបាន​មួយ​ករណី​ដែល​កំពុង​ចរាចរ​ចែកចាយ​ជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​និង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១១កញ្ចប់​តូច-ធំ​ និង​សម្ភារ​សំរាប់​ជក់​មួយ​ចំនួន​នៅ​ចំណុច​មុខ​សាលា​សាមគ្គី​ ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥​ លោក​បាន​ដឹកនាំ​កំលាំង​នគរបាល​អន្តរា​គម​ន៍របស់​ការិយាល័យ​កណ្តាល​ព្រហ្ម​ទ​ណ្ឌស្នងការ​ខេត្ត​ដោយ​សហការ​ជាមួយ​ស្ថា​ប័នតុលាកា​ដែល​មាន​លោក ខៃ ស​ម្ផ​ស្ប័ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​មន្ត្រី​ក្រឡាបញ្ជី​សាលាដំបូង​ខេត្ត​មួយ​រូប​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ផង​ដែរ​។ ជាល​ទ្ឋ​ផល​ការ​ឆែកឆេរ​ផ្ទះ​បន្ទាប់​ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​កំលាំង​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​៣​កញ្ចប់​ធំ​ ​​ថង់​សំរាប់​វេច​ខ្ចប់​មួយ​ចំនួន​ និង​ឧ​បករណ៍​ជក់​មួយ​កំ​ប្លេ ​ហើយក៏បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​នោះ​មក​សួរនាំ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព