អាល្លឺម៉ង់​ប្រកាស​បញ្ចេញ​យោធា​កម្ចាត់​ភេរវកម្ម សម្រាល​បន្ទុក​បារាំង​

​នៅ​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ ក្នុងជំនួប​រវាង​លោកស្រី មឺ​ហ្គែ​ល និង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ រដ្ឋាភិបាល​អាល្លឺម៉ង់​មិន​ខ្លា​ចនឹង​សន្យា​ជាមួយ​បារាំង​ថា នឹង​បញ្ជូន​ទ័ព​៦៥០​នាក់​ទៅ​ម៉ាលី  ដើម្បី​សម្រាល​បន្ទុក​បារាំង ក្នុង​យុទ្ធនាការ​កំចាត់​ភេរវកម្ម​ទេ​។ ដោយឡែក អាល្លឺម៉ង់​មិន​អន្តរាគមន៍​ផ្ទាល់​ប្រឆាំង​ក្រុម​ជី​ហាត​នៅ​តំបន់​បូព៌ា​ទេ​។

​មុន​ជួប​ប្រធានាធិបតី​បារាំង នៅ​យប់​ថ្ងៃ​ពុធ​ម្សិលមិញ អធិការបតី​អាល្លឺម៉ង់ អាន់​ហ្កឺ​ឡា មឺ​ហ្គែ​ល បានប្រកាសថា អាល្លឺម៉ង់​មិន​បដិសេធ​ផ្តល់ជំនួយ​យោធា​ទៅ​កម្ចាត់​ភេរវកម្ម ដើម្បី​ជួយ​យោធា​បារាំង​នោះទេ​។ កាលពី​ព្រឹក​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់​ក៏​ប្រកាស​រួចហើយ​ដែរ​ថា នឹង​បញ្ជូន​ទ័ព​៦៥០​នាក់ ទៅ​ជួយ​បារាំង​នៅ​ម៉ាលី​។ កងទ័ព​អាល្លឺម៉ង់​នឹងចូលរួម​ជួយ​ដល់​ការរៀបចំ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល​ម៉ាលី​និង​ក្រុម​ឧទ្ទាម​ភាគ​ខាងជើង​។​

​ក្រៅពីនេះ​ក្រុង​ប៊ែ​រ​ឡាំង​ក៏​អាច​ពង្រឹង​វត្តមាន​យោធា ផ្នែក​បច្ចេកទេស​សម្ភារៈ និង​ព័ត៌មាន​ផ្សេងៗ ជា​ជំនួយ​ដល់​បេសកកម្ម​យោធា Minusma របស់​អង្គការសហប្រជាជាតិ​នៅ​ម៉ាលី​ដែរ​។ យើង​ឃើញថា បើ​អាល្លឺម៉ង់​អាចជួយ​សម្រាល​បន្ទុក​យោធា​បារាំង កំចាត់​ភេរវកម្ម​ក្នុង​សមរភូមិ​ផ្សេងៗ អាល្លឺម៉ង់​មិន​អន្តរាគមន៍​កម្ទេច​ក្រុម​រដ្ឋ​ភេរវជន​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ នៅ​ស៊ី​រី​ទេ​។ លោកស្រី​មែរ​គែល​ដឹង​ច្បាស់​ណាស់​ថា បើ​គ្មាន​ដីកា​អង្គការសហប្រជាជាតិ សភា​អាល្លឺម៉ង់​មិន​ងាយ​អនុញ្ញាតអោយ​បញ្ចេញ​ទ័ព រឺ​យន្តហោះ​ទៅ​ស៊ី​រី​បាន​ស្រួល​ទេ​។​

​ម្យ៉ាងទៀត ប្រជាជន​ក្នុងស្រុក​ក៏​មិន​ចង់អោយមាន​អន្តរាគមន៍​ទ័ព​នៅ​ស៊ី​រី​ដែរ​។ យោងតាម​ការ​ស្ទាបស្ទង់​មតិ​មួយ​រៀបចំឡើង ក្រោយ​មាន​ភេរវកម្ម​នៅ​ក្រុងប៉ារីស ប្រជាជន​អាល្លឺម៉ង់​៥២​ភាគរយ​ជំទាស់​គម្រោង​បញ្ជូនទាហាន​អាល្លឺម៉ង់​ចេញទៅ​កម្ចាត់​ក្រុម​ជី​ហាត​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ទេ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​