សម្ភាស​អតីត​អគ្គលេខាធិការ​អាស៊ាន​ថា​តើ​អាស៊ាន​នឹង​ជួយ​ពលរដ្ឋ​តាម​ជនបទ​ដូចម្ដេច? (ភាគ​២)

ជាង​មួយ​ខែ​ទៀត​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ បណ្ដា​ប្រទេស​ជា​សមាជិក​ទាំង​១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន (ASEAN) នឹង​ចាប់​ផ្ដើម​ធ្វើ​សមាហរណកម្ម​ជា​សហគមន៍​សេដ្ឋកិច្ច​តែ​មួយ។

បើ​ទោះ​ជា​ពេលវេលា​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ក៏ដោយ​ចុះ ប្រជាជន​ដែល​រស់នៅ​តាម​ជនបទ​មួយ​ចំនួន នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា នឹង​មាន​សហគមន៍​បែប​នេះ​កើត​ឡើង។

អតីត​អគ្គលេខាធិការ​អាស៊ាន លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់ (Surin Pitsuwan) បាន​យល់​ព្រម​ផ្ដល់​បទសម្ភាសន៍​ផ្ទាល់​ផ្ដាច់​មុខ​មួយ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​លោក​បណ្ឌិត​ស្នាក់នៅ។

នៅ​ក្នុង​បទសម្ភាសន៍​នេះ លោក សុរិន ពិតសុវ៉ាន់ បាន​លើក​ឡើង​ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នឹង​ផ្ដល់​ប្រយោជន៍​ផ្ទាល់​ដល់​កសិករ ប្រសិន​បើ​រដ្ឋាភិបាល​នៃ​រដ្ឋ​ជា​សមាជិក​នីមួយៗ រៀបចំ​គោល​នយោបាយ និង​ពង្រឹង​វិស័យ​ចាំបាច់​មួយ​ចំនួន។

លោក សាន សែល៖ បើ​ទោះ​ជា​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​កាន់​តែ​ខិត​ចូល​ដល់​ក៏ដោយ ក៏​ប្រជាជន​មួយ​ចំនួន​នៅ​តាម​តំបន់​ដាច់​ស្រយាល​តាម​ស្រុក​ស្រែ​ចម្ការ តាម​ចុង​កាត់​មាត់​ញក នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ថា​នឹង​មាន​សមាហរណកម្ម​នេះ។ អ៊ីចឹង ថា​តើ​សមាហរណកម្ម​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​នៅ​តាម​តំបន់​ដាច់​ស្រយាល​ដូចម្ដេច​ទៅ?

លោក សុរិន ពិតសុវ៉ាន់៖ ខ្ញុំ​សូម​រំឭក​ដដែល​ថា វា​អាស្រ័យ​ទៅ​លើ​រដ្ឋាភិបាល។ រដ្ឋាភិបាល​គួរ​យល់​ថា មាន​សមាហរណកម្ម​កាន់​តែ​ច្រើន ឱកាស​ក៏​មាន​កាន់​តែ​ច្រើន​ដែរ។ ប្រសិន​បើ​រដ្ឋាភិបាល​ធ្វើ​វា​ត្រូវ ការ​បែង​ចែក​ប្រាក់​ចំណូល​នឹង​បង្កើន​ទ្រព្យ​សម្បត្តិ និង​ប្រាក់​ចំណូល​របស់​ប្រជាជន ដែល​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​ទិញ​ទំនិញ និង​ទំហំ​ទីផ្សារ​សម្រាប់​ទាំងអស់​គ្នា។

ឥឡូវ​នេះ ខ្ញុំ​គិត​ថា វិស័យ​ទេសចរណ៍​ប្រហែល​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​ផ្សេង​ទៀត ដែល​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច ដោយសារ​នៅ​ពេល​អ្នក​ទេសចរ​មក​ទស្សនា​ខេត្ត​សៀមរាប ត្រូវ​ការ​កន្លែង​សម្រាប់​ស្នាក់នៅ ត្រូវ​ការ​អាហារ​សម្រាប់​បរិភោគ ត្រូវ​ការ​មធ្យោបាយ​សម្រាប់​ធ្វើ​ដំណើរ។ ពួក​គេ​ត្រូវ​ការ​សេវាកម្ម​ទាំង​នេះ។ សេវាកម្ម​ទាំងអស់​នេះ មិន​មែន​ផ្ដល់​ដោយ​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​នោះ​ទេ តែ​នឹង​ផ្ដល់​ដោយ​ប្រជាជន​នៅ​ជុំវិញ​ខេត្ត​សៀមរាប។

ទេសចរណ៍​ជា​វិស័យ​ដ៏​ប្រសើរ​បំផុត​នៅ​ក្នុង​ដំណើរ​ការ​សេដ្ឋកិច្ច។ ដូច្នេះ បើ​យើង​អាច​គ្រប់គ្រង​វិស័យ​ទេសចរណ៍​បាន​ល្អ យើង​អាច​ទាក់ទាញ​រូបិយប័ណ្ណ​បរទេស​ចូល​ក្នុង​ស្រុក ហើយ​យើង​អាច​ឲ្យ​ប្រជាជន​ជាច្រើន​ចូលរួម និង​សហការ​ជាមួយ​យើង​បាន ហើយ​ប្រហែល​ជា​ប្រជាជន​ទាំង​នោះ​អាច​ចូលរួម​ក្នុង​សកម្មភាព​នេះ​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់។

ដោយសារ​បែបបទ​នៃ​ការ​រស់នៅ វប្បធម៌ របៀប​នៃ​ការ​ផលិត​អាហារ ដែល​វិស័យ​ទេសចរណ៍​នឹង​ជួយ​បង្ហាញ​ទៅ​កាន់​បរទេស នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា នឹង​បង្ហាញ​ពី​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា នៅ​តាម​ជនបទ។

ឱកាស​សំខាន់​នៃ​សមាហរណកម្ម​នេះ នឹង​នាំ​ទេសចរ​ប្រមាណ ៧០ ទៅ ៨០​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ មក​ទស្សនា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០។ វា​នឹង​ជួយ​នាំ​មក​នូវ​ភាព​រុងរឿង​ឲ្យ​ប្រជាជន។ ប្រជាជន​ជាច្រើន នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​សមាហរណកម្ម​ដែល​ដំណើរ​ការ​នេះ។

លោក សាន សែល៖ តើ​សមាហរណកម្ម​អាស៊ាន​នេះ​មាន​ន័យ​ដូច​ម្ដេច​ទៅ ចំពោះ​ប្រជាជន​រស់នៅ​តាម​ជនបទ និង​ចុង​កាត់​មាត់​ញក?

លោក សុរិន ពិតសុវ៉ាន់៖ មិន​ប្រាកដ​ថា មនុស្ស​ទាំងអស់​នៅ​ក្នុង​តំបន់​អាស៊ាន ទទួល​អត្ថប្រយោជន៍​ស្មើ​គ្នា​ពី​សមាហរណកម្ម​នេះ​ទេ។ អ្នក​ណា​ដែល​បាន​ត្រៀម​ខ្លួន​ដោយ​មាន​ការ​អប់រំ​ល្អ ចេះ​ភាសា​បរទេស ភាសា​អង់គ្លេស មាន​ជំនាញ​ច្បាស់លាស់ ពួក​គេ​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន។ មិន​មែន​ប្រយោជន៍​ទាំង ១០០​ភាគរយ អាច​ទទួល​បាន​ទាំងអស់​នោះ​ទេ។ តែ​បាន​កាន់​តែ​ច្រើន កាន់​តែ​ល្អ។ យើង​មិន​មាន​ផែនការ ឬ​យុទ្ធសាស្ត្រ​ណា​ដែល​អាច​ធានា​ថា ប្រជាជន​ទាំងអស់​នឹង​អាច​ទទួល​បាន​ប្រយោជន៍​ពី​សមាហរណកម្ម​នេះ​ស្មើ​គ្នា​នោះ​ទេ។ ជាង ៦០០​លាន​នាក់។ អ្នក​ខ្លះ​ត្រូវ​រង់ចាំ។ អ្នក​ខ្លះ​អាច​បាន​ប្រយោជន៍​ពី​ឥឡូវ​ទៅ ហើយ​អ្នក​ខ្លះ​ទៀត នឹង​អាច​ទទួល​បាន​ច្រើន​នៅ​ពេល​អនាគត។ វា​អាស្រ័យ​ទៅ​លើ​ថា តើ​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ប៉ុណ្ណា?

ដូច្នេះ ប្រជាជន​មក​ពី​កន្លែង​ផ្សេង​គ្នា​នៃ​អាស៊ាន នឹង​បាន​ប្រយោជន៍​ផ្សេង​គ្នា។ អ្នក​ដែល​នៅ​ជិត​ព្រំដែន នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​សមាហរណកម្ម​នេះ។

វា​អាស្រ័យ​ទៅ​លើ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច។ វា​អាស្រ័យ​ទៅ​លើ​របៀប​ដែល​អ្នក​រៀបចំ​នៅ​តាម​ប្រទេស​រៀង​ខ្លួន។ អ្នក​អាច​បង្កើន​សាងសង់​ផ្លូវ​ថ្នល់ ផ្ដល់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​នៅ​តាម​ជនបទ។ អ្នក​ពាំនាំ​នូវ​ការ​អប់រំ សុខាភិបាល​ទៅ​ជនបទ។ នៅ​ពេល​មាន​សេវាកម្ម​បែប​នេះ​ច្រើន គុណភាព​ជីវិត​នៅ​ទីនោះ​នឹង​មាន​ភាព​ប្រសើរ​ឡើង។ ពួក​គេ​មាន​ឱកាស​កាន់​តែ​ច្រើន ដើម្បី​ទទួល​បាន​ការ​អប់រំ។ កូន​ចៅ​របស់​ពួក​គេ នឹង​ទទួល​បាន​ប្រយោជន៍​កាន់​តែ​ច្រើន។

សូម​កុំ​សួរ​ថា តើ​មនុស្ស​ទាំងអស់​នឹង​ទទួល​បាន​ប្រយោជន៍​ស្មើ​គ្នា​នៅ​ក្នុង​ពេល​តែ​មួយ​បាន ឬ​ក៏​អត់? វា​មិន​អាច​ទៅ​រួច​នោះ​ទេ។ វា​មិន​ប្រាកដ​និយម​នោះ​ទេ។ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​បាន​ឡើយ។ តែ​យើង​អាច​ព្យាយាម​ធ្វើ​ការ​កាត់​បន្ថយ​នូវ​គម្លាត​នេះ​បាន។ គោលដៅ​ចម្បង​នោះ គឺ​ធ្វើ​ម៉េច​ឲ្យ​ប្រជាជន​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​សមាហរណកម្ម​អាស៊ាន។ វា​នឹង​នាំ​មក​នូវ​សុខដុមរមនា​សម្រាប់​តំបន់។ វា​នឹង​បង្កើត​នូវ​ចំនួន​ប្រជាជន​នៃ​វណ្ណៈ​មធ្យម​ថែម​ទៀត។

សមាហរណកម្ម​អាស៊ាន បើ​សិន​ជា​យើង​អនុវត្ត និង​គ្រប់គ្រង​វា​បាន​ល្អ នឹង​ជួយ​ពង្រីក​ចំនួន​ប្រជាជន​វណ្ណៈ​មធ្យម​បន្ថែម​ទៀត។ វា​នឹង​ជួយ​បង្រួញ​ចំនួន​ប្រជាជន​ក្រីក្រ​ឲ្យ​រួម​តូច​ទៅ។ វា​នឹង​ជួយ​បង្កើត​ស្ថិរភាព សន្តិសុខ និង​ឱកាស។ វា​នឹង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ទទួល​បាន​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ និង​ការ​វិយោគ​បរទេស និង​បាន​ប្រយោជន៍​ពី​ឱកាស ដែល​បង្កើន​ឡើង​ថែម​ទៀត​នៅ​ក្នុង​តំបន់។

លោក សាន សែល៖ កម្មករ​សំណង់ និង​កសិករ ប្រហែល​ជា​ពួក​គេ​លើក​ឡើង​ថា គេ​មិន​ចង់​ខ្វល់​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នេះ​ទេ។ តើ​អ្វី​ជា​ពាក្យ​របស់​លោក​បណ្ឌិត​ថ្លែង​ទៅ​កាន់​អ្នក​ទាំង​នេះ?

លោក សុរិន ពិតសុវ៉ាន់៖ នឹង​មាន​ការងារ​ច្រើន​ថែម​ទៀត​សម្រាប់​វិស័យ​សំណង់ ដោយសារ​យើង​មាន​ធនធាន​បន្ថែម​ទៀត ដោយសារ​តែ​យើង​មាន​ការ​វិនិយោគ​ថែម​ទៀត​ពី​ក្រៅ ដោយសារ​តែ​ចំនួន​អ្នក​មាន​នឹង​កើន​ឡើង។ វា​នឹង​មាន​ឱកាស​ជាច្រើន​សម្រាប់​វិស័យ​សំណង់។ ប្រសិន​បើ​កម្មករ​សំណង់​គាត់​ពង្រឹង និង​ពង្រីក​នូវ​ជំនាញ​របស់​ពួក​គាត់​ថែម​ទៀត ពួក​គាត់​នឹង​អាច​រក​ប្រាក់​កម្រៃ​បាន​ច្រើន​ជាង​មុន។ ចំណែក​ឯ​កសិករ​ដែល​ផលិត​បន្លែ​ផ្លែ​ឈើ​មាន​គុណភាព​ស្តង់ដារ ពួក​គេ​នឹង​អាច​លក់​បាន​ផល​ចំណេញ​កាន់​តែ​ច្រើន ដោយសារ​ទីផ្សារ​នឹង​ត្រូវ​ពង្រីក​នៅ​ទូទាំង​តំបន់​អាស៊ាន។

ដូច្នេះ វា​អាស្រ័យ​លើ​មនុស្ស​ទេ ថា​តើ​ពួក​គេ​អាច​ឆក់​យក​ឱកាស​នេះ ដើម្បី​ប្រយោជន៍​ខ្លួន​ឯង​ដូចម្តេច។ ប្រសិន​បើ​ពួក​គេ​មិន​បាន​ដឹង ឬ​មិន​ចង់​ដឹង ឬ​មិន​បាន​ត្រៀម​ខ្លួន ឬ​សិក្សា​ស្វែង​យល់​បន្ថែម​ទៀត ឬ​ចូលរួម​ឲ្យ​សកម្ម ពួក​គេ​នឹង​បាន​ផល​តាម​នេះ​ដែរ។ អ្នក​មិន​អាច​ទម្លាក់​កំហុស​ទៅ​លើ​នរណា​ម្នាក់​បាន​ទេ។ អ្នក​ដែល​មិន​ចង់​ដឹង​ឮ​បន្ថែម​ទៀត ត្រូវ​ប្រឈម​នឹង​របត់​ថ្មី​នេះ។ ដើម្បី​ត​ទល់​នឹង​ការ​ប្រឈម​នេះ អ្នក​ត្រូវ​តាំង​ចិត្ត​ហ្វឹកហាត់​ខ្លួន​ឯង​ថែម​ទៀត។ ខំ​ប្រឹង​សិក្សា និង​ខំ​ប្រឹង​ធ្វើ​ការ​ឲ្យ​កាន់​តែ​ខ្លាំង។ ពង្រឹង​ជំនាញ​របស់​អ្នក​បន្ថែម​ទៀត មិន​ថា​អ្នក​ជា​កម្មករ​សំណង់ ឬ​កសិករ​ទេ។ នៅ​ពេល​អ្នក​មាន​ជំនាញ​កាន់​តែ​ច្បាស់ អតិថិជន​នឹង​មក​រក​អ្នក​កាន់​តែ​ច្រើន។

គ្រប់​គ្នា​នឹង​ទទួល​បាន​ឱកាស​ពី​ការ​ដែល​ចូលរួម​ក្នុង​ដំណើរ​ការ​នៃ​សមាហរណកម្ម​អាស៊ាន​នេះ។ ដំណើរ​ការ​នេះ​ដើរ​បាន​ល្អ វា​អាស្រ័យ​ទៅ​ប្រព័ន្ធ​នយោបាយ ប្រព័ន្ធ​រដ្ឋបាល និង​ទីភ្នាក់ងារ​នានា​នៅ​ក្នុង​រដ្ឋ​នីមួយៗ។

ឧស្សាហកម្ម​ចំណី​អាហារ នឹង​ហូរ​ចូល​មក​ក្នុង​អាស៊ាន​កាន់​តែ​ច្រើន។ ផលិតផល​របស់​កសិករ​ច្បាស់​ណាស់​ថា នឹង​អាច​ទទួល​បាន​តម្លៃ​កាន់​តែ​ថ្លៃ។ លើស​ពី​ការ​នាំ​ចេញ​ស្រូវ​អង្ករ កៅស៊ូ កសិករ​នឹង​មាន​លទ្ធភាព​នាំ​ចេញ​ផលិតផល​សម្រេច។ អាច​ជា​ត្រី​ស្រស់ ឬ​ជា​ត្រី​កំប៉ុង។ រដ្ឋាភិបាល​នឹង​ជួយ​អ្នក​ក្នុង​កំណត់​នូវ​គោល​នយោបាយ​នៃ​ទំនិញ​សម្រាប់​នាំ​ចេញ។

ប្រទេស​មួយៗ​មិន​ត្រឹម​តែ​ទាក់ទាញ​វិនិយោគិន​មក​វិនិយោគ​លើ​ធនធាន​ដើម​នោះ​ទេ តែ​ក៏​នឹង​មក​បង្កើត​រោងចក្រ ដើម្បី​ធានា​ថា ផលិតផល​កសិកម្ម​នឹង​មាន​តម្លៃ​ពិត​ប្រាកដ។ យើង​ក៏​នឹង​នាំ​ចេញ​ទៅ​ទីផ្សារ​ពិភពលោក។ ឧទាហរណ៍ យើង​មិន​ត្រឹម​តែ​នាំ​ចេញ​ជ័រ​កៅស៊ូ​តែ​មួយ​មុខ​នោះ​ទេ តែ​យើង​នឹង​នាំ​ចេញ​ផលិតផល​កង់ឡាន។ អាហារ​មិន​មែន​ត្រឹម​តែ​ជា​ផលិតផល​ដើម​ទាំង​ដុល​នោះ​ទេ តែ​ជា​ផលិតផល​អាហារ​សម្រេច ជា​អាហារ​កំប៉ុង។ ត្រី​ស្រស់​ដូច​គ្នា អង្ករ​ដូច​គ្នា។ ទំនិញ​នេះ​ដូច​គ្នា។ តែ​លើស​ពី​នាំ​ចេញ​វត្ថុ​ធាតុ​ដើម យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​នាំ​ចេញ​ផលិតផល​ពាក់​កណ្ដាល​សម្រេច។

នេះ​ជា​អ្វី​ដែល​ប្រជាជន​យើង​អាច​ទទួល​ប្រយោជន៍ ឬ​ក៏​ជា​ឱកាស​ពី​ការ​ធ្វើ​សមាហរណកម្ម​ជាមួយ​គ្នា​នេះ។

ម្ដង​ទៀត វា​អាស្រ័យ​លើ​យុទ្ធសាស្ត្រ​នៃ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច ប្រទេស​ខ្លះ​អាច​ធ្វើ​បាន​ល្អ​ជាង​ប្រទេស​មួយ​ទៀត។ អ្នក​មិន​អាច​ស្នើ​ថា យើង​ត្រូវ​តែ​ទទួល​បាន​ផល​ប្រយោជន៍​ស្មើ​គ្នា។ វា​អាស្រ័យ​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​អភិវឌ្ឍ​ខ្លួន​របស់​អ្នក អាស្រ័យ​លើ​រដ្ឋាភិបាល​របស់​អ្នក និង​មេ​ដឹក​នាំ​របស់​អ្នក។ វា​នឹង​ជួយ​ឲ្យ​អ្នក​បាន​ត្រៀម​ខ្លួន ដើម្បី​ទទួល​បាន​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​សមាហរណកម្ម​នេះ។

លោក សាន សែល៖ នៅ​ពេល​ដែល​សមាហរណកម្ម​អាស៊ាន​មក​ដល់ ប្រទេស​ជា​សមាជិក​នឹង​អាច​ចរចា​ទំនិញ​ដោយ​សេរី​នៅ​ក្នុង​តំបន់។ ប្រទេស​ថៃ ប្រទេស​វៀតណាម នឹង​នាំ​ផលិតផល​កសិកម្ម​របស់​ពួក​គេ​មក​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា កាន់​តែ​សេរី​ថែម​ទៀត។ តែ​ប្រហែល​ជា​កសិករ​កម្ពុជា ព្រួយ​បារម្ភ​ថា ផលិតផល​បរទេស​ទាំង​នេះ​នឹង​ប៉ះពាល់​ដល់​ពួក​គេ។ អតិថិជន​កម្ពុជា អាច​នឹង​ងាក​មក​គាំទ្រ​ផលិតផល​បរទេស​កាន់​តែ​ច្រើន។ កសិករ​កម្ពុជា អាច​ប្រឈម​នឹង​ការ​ក្ស័យ​ធន។ អ្វី​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ?

លោក សុរិន ពិតសុវ៉ាន់៖ រឿង​នេះ​វា​អាស្រ័យ​ទៅ​លើ​រដ្ឋាភិបាល​របស់​អ្នក ដើម្បី​ធានា​ថា​មាន​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌។ វា​នឹង​អាច​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រកួត​ប្រជែង តែ​ត្រូវ​ប្រាកដ​ថា ពាណិជ្ជកម្ម​នេះ​នឹង​ត្រូវ​បាន​ការពារ។ អ្នក​ដឹង​ហើយ​ថា ការ​បើក​ទីផ្សារ​ឲ្យ​សេរី នឹង​ជួយ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​របស់​អ្នក​រីក​ចម្រើន​កាន់​តែ​ខ្លាំង។ ប្រសិន​បើ​យើង​នៅ​តែ​ជួយ​កសិករ​ទាំង​នោះ​ជា​រៀង​រហូត កសិករ​នឹង​មិន​អាច​រស់​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ។ កសិករ​នឹង​មិន​ខ្លាំង​នោះ​ទេ។ អ្នក​មិន​អាច​បិទ​ទីផ្សារ មិន​ឲ្យ​បរទេស​មក​ប្រកួត​ប្រជែង​ជា​រៀង​រហូត​នោះ​ទេ។ កសិករ​នឹង​មិន​មាន​ការ​ប្រកួត​ប្រជែង ហើយ​ពួក​គេ​មិន​អាច​ទទួល​បាន​ប្រយោជន៍​ពី​ទីផ្សារ​សេរី​បាន​ទេ។ យើង​ការពារ​កសិករ តែ​យើង​ក៏​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដែរ៕

ចុច​ត្រង់​នេះ​ដើម្បី​អាន និង​ស្ដាប់​បទសម្ភាសន៍​ភាគ​១

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។