ក្រុម​ការងារ​ក្រសួង​ធនធាន​ទឹក បន្ត​យុទ្ធនា​ការបូម​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​ប្រជា​កសិករ នៅ​ខេត្ត​កណ្តាល-ព្រៃវែង

កណ្តាល-ព្រៃវែង៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តកណ្តាល និងខេត្តព្រៃវែង ចុះពិនិត្យការងារបង្កបង្កើនផល, ការងារអន្តរាគមន៍ប្រមូលទឹករក្សាទុក និងសង្គ្រោះស្រូវជូនបងប្អូនប្រជាកសិករ នៅក្នុងខេត្តកណ្តាល និងខេត្តព្រៃវែង ។

ថ្លែងនៅឱកាសចុះពិនិត្យការងារនេះ លោកស្រីរដ្ឋលេខាធិការ សេង វណ្ណសាយ បានមានប្រសាសន៍ឱ្យដឹងថា តាមរយៈការអនុវត្តនូវបទបញ្ជារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ស្ថានភាពទឹកសម្រាប់បម្រើឱ្យការងារ បង្កបង្កើនផលនៅក្នុងខេត្តទាំងពីរ មកដល់ពេលនេះ ស្ទើតែលែងមានបញ្ហាហើយ ក្នុងនោះខេត្តព្រៃវែង គឺយើងអាចធានាបានទាំងស្រុង ។

លោក ជុន ប៉េងឡុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា មកដល់ពេលនេះ ប្រជាកសិករនៅក្នុងខេត្តកណ្តាល អនុវត្តការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង បានចំនួន ១២,១៨១ ហិកតា ស្មើនឹងប្រមាណ ២០ភាគរយ នៃផែនការ ខណៈប្រមូលផលដំណាំស្រូវរដូវវស្សាបានចំនួន ៩,៦០១ ហិកតា ស្មើនឹងប្រមាណ ២៧ ភាគរយ នៃផ្ទៃដីអនុវត្តបាន ។ លោកបន្តថា ចំពោះការងារប្រមូលទឹក និងរក្សាទុក បច្ចុប្បន្នក្រុមការងាររបស់យើងកំពុងដំណើរការនៅក្នុងស្រុកចំនួន ០៥ រួមមានស្រុកខ្សាច់កណ្តាល ពញាឮ មុខកំពូល កៀនស្វាយ និងស្រុកល្វាឯម ដោយប្រើប្រាស់ស្ថានីយបូមទឹកសម្តេចតេជោ ចំនួន ០២ កន្លែង (ស្ថានីយហ៊ុនសែនទី ៣៨ និងទី ១០), ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ២៧ គ្រឿង និងម៉ាស៊ីនសហគមន៍ទំនប់ សរុបចំនួន ៤២គ្រឿង ។

ដោយឡែកការងារបង្កបង្កើនផលនៅក្នុងខេត្តព្រៃវែងវិញ ត្រូវបានលោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានបញ្ជាក់ឱ្យដឹងផងដែរថា មកដល់ពេលនេះ ប្រជាកសិករធ្វើការដាំដុះដំណាំស្រូវរដូវប្រាំង បានប្រមាណ ៣៧,៥០០ ហិកតា ស្មើនឹង ៥០ភាគរយ នៃផែនការដែលបានដាក់ចុះ ខណៈប្រមូលផលដំណាំស្រូវរដូវវស្សាបានចំនួន ៩៣,៩១០ ហិកតា ស្មើនឹងប្រមាណ ៣៥ភាគរយ នៃផ្ទៃដីអនុវត្តបាន ។ លោកបន្តថា ចំពោះការងារប្រមូលទឹករក្សាទុក និងសង្គ្រោះស្រូវនៅក្នុងខេត្តព្រៃវែង បច្ចុប្បន្នក្រុមការងាររបស់ក្រសួង និងមន្ទីររបស់លោក កំពុងអនុវត្តនៅក្នុងស្រុកចំនួន ០៣ រួមមានស្រុកបាភ្នំ ពោធិរៀង និងស្រុកពារាំង ដោយប្រើប្រាស់ស្ថានីយបណ្តែតទឹកសម្តេចតេជោ ចំនួន ០១កន្លែង (ស្ថានីយហ៊ុនសែនទី៣), និងម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ០៥គ្រឿង ៕

ក្រុម​ការងារ​ក្រសួង​ធនធាន​ទឹក បន្ត​យុទ្ធនា​ការបូម​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​ប្រជា​កសិករ នៅ​ខេត្ត​កណ្តាល-ព្រៃវែង

ក្រុម​ការងារ​ក្រសួង​ធនធាន​ទឹក បន្ត​យុទ្ធនា​ការបូម​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​ប្រជា​កសិករ នៅ​ខេត្ត​កណ្តាល-ព្រៃវែង

ក្រុម​ការងារ​ក្រសួង​ធនធាន​ទឹក បន្ត​យុទ្ធនា​ការបូម​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​ប្រជា​កសិករ នៅ​ខេត្ត​កណ្តាល-ព្រៃវែង