សង្ស័យអ្នក​បើក​រថយន្ត​ងងុយដេករេ​ចង្កូត​ក្រឡាប់​​ធ្លាក់​ផ្លូវ​​ស្លាប់ស្ត្រី​ម្នាក់នៅ​ក្រុង​សិរី​សោភ័ណ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្បែរ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​​តែ​ម្នាក់ឯង បន្ទាប់​ពី​ជួប​​គ្រោះថ្នាក់​ចរាចរណ៍​​រថយន្ត​រេ​ចង្កូតក្រឡាប់​​ធ្លាក់​ពីលើ​ថ្នល់ នៅ​ក្រុង​សិរី​សោភ័ណ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើងកាល​ពីវេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃ​ទី​២៦​ វិច្ឆិកា ២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សាស្ត្រខាងកើត​ភូមិ​សាលា​ក្រៅ ចម្ងាយ​១០​ម៉ែត្រ ក្នុង​សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ​។​

តាម​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ​​សព​ជន​រង​គ្រោះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ សូ សុផល ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​តាម​ការ​ឲ្យ​ដឹង ​អ្នកបើកបរ​​​អាច​នឹង​​​រង​របួសធ្ងន់ រួម​ទាំង​អ្នក​រួម​ដំណើរ​ម្នាក់​ទៅ​២​នាក់​ផង​ដែរ តែ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​អស់​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ​ គឺ​ឃើញ​តែ​សព​ស្ត្រី​ម្នាក់​​ដេក​ស្លាប់​នៅ​ក្បែរ​រថយន្ត​ប៉ុណ្ណោះ៕