អុជ​​ធូប​ទៀនសែន​ព្រះ​ខែ​​លើ​ផ្ទះ​​​ភ្លេច​ខ្លួន​​ចូល​​​ដេក​​​លក់​ត្រូវ​ភ្លើងបំផ្លាញ​អស់​៣​ខ្នង​

​ខេត្ត​កណ្តាល​ ៖ ​អុជ​​​ធូប​ទៀន​​សែន​ព្រះ​ខែ​នៅ​លើ​ផ្ទះ​ពេល​យប់​​​ភ្លេច​ខ្លួន​ រួច​​​ទៅ​​ដេក​លង់​លក់​​ក្នុង​ដំណេក ​​​​អគ្គិភ័យ​កើត​ឡើង​​បណ្តាល​ឱ្យ​ឆេះ​​ផ្ទះ​អស់​៣​ខ្នង ​​​​ដែល​ករណី​នេះ​បាន​កើត​ឡើង​នៅ​កន្លែង​២​ផ្សេង​​គ្នា​ ស្ថិតនៅ​ក្នុង​ឃុំ​គគីរធំ ស្រុកកៀន​ស្វាយ ។​

​ផ្ទះ​​ទាំង​៣ខ្នង​ដែល​​​ភ្លើង​​លេប​ត្របាក់​ខាង​លើ​នេះ ​មាន​​ផ្ទះ​ឈើ​​២​ខ្នង​​ជាប់​គ្នា​​ត្រូវ​អគ្គិភ័យ​បំផ្លាញ​កាលពី​វេលា​ម៉ោង​១០និង​៣០​នាទី​យប់​ថ្ងៃទី​២៥ វិច្ឆិកា ​ស្ថិត​នៅ​​ក្នុង​ភូមិ​រាំង​ដេក ​ឃុំ​គគីរ​​ធំ ​​​ស្រុក​កៀន​​ស្វាយ ​ដែល​​ម្ចាស់​ផ្ទះ​ទី១​​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ អ៊ុក ស្រស់ ​អាយុ​៤៥​ឆ្នាំ ​និង​ប្តី​ឈ្មោះ​ អេង ធា អាយុ​៤៨​ឆ្នាំ និង​មាន​កូន​៥នាក់ ផ្ទះ​ទំហំ​​៥,២ម៉ែត្រ​គុណ​៨​ម៉ែត្រ ប្រក់​​ស័ង្កសី ឆេះ​​អស់​១០០% ​និង​​ទ្រព្យសម្បត្តិ​ដែល​ខូច​ខាត​មាន​ មាស​១​តម្លឹង​៣ជី ប្រាក់​អាមេរិក​​​២.៨៤០ដុល្លារ ប្រាក់​ខ្មែរ​៤លាន​រៀល ម៉ូតូ​សង់​កូរ៉េ​១​គ្រឿង ម៉ាស៊ីន​បូម​​ទឹក​២ ទូរស័ព្ទ​២ គ្រែដេក​២ ទូរទស្សន៍១ ​និង​សម្ភារ​មួយ​​ចំនួន​​ ។​

និង​​ម្ចាស់​ផ្ទះ​​ទី២ ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សុន ថាវី ​អាយុ​៣៤​ឆ្នាំ ប្តីឈ្មោះ ចឹក ប៊ុន​ថេង អាយុ​៣៧​ឆ្នាំ ​​​និង​មាន​កូន​៣នាក់​​នៅ​ជា​មួយ​ជីតា​ ហើយ​ទាំង​​២នាក់​ប្តី​ប្រពន្ធ​មិន​នៅ​ផ្ទះ​ទេ ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ផ្ទះ​មាន​ទំហំ​​៥ម៉ែត្រ​គុណ​៨ម៉ែត្រ ប្រក់​ស៊ីហ្វូស៊ីម៉ងត៍ ​ឆេះ​អស់​១០០% ​​និង​ទ្រព្យ​សម្បត្តិ​​​ដែល​ត្រូវ​ភ្លើង​បំផ្លាញ​ មាន​​ សៀវភៅ​គ្រួសារ ​គ្រែ​ដេក​៣ ម៉ាស៊ីន​បូម​ទឹក​១ សម្លៀក​បំពាក់ និង​​សម្ភារ​មួយ​ចំនួន​ទៀត ។​

​មូល​ហេតុ​​​ដែល​បណ្តាល​ឱ្យ​ភ្លើង​ឆេះ​​​ផ្ទះ​ទាំង​​២​ខាងលើ​នេះ គឺ​​​ដំបូង​ឆេះ​ចេញ​ពី​ផ្ទះ​​​ឈ្មោះ​ សុន​ ថាវី ​ដោយ​សារ​អុជ​ធូប​​ទៀន​សែន​ព្រះ​ខែ​នៅ​យប់​កើតហេតុ​ ។

​ដោយ​ឡែក​ ​​ផ្ទះ​​ទី​៣​​ឈើ​លើ​ថ្ម​ក្រោម ទំហំ​៥ម៉ែត្រ​គុណ​៨ម៉ែត្រ​ ប្រក់​ស័ង្កសី ​ត្រូវ​អគ្គិភ័យ​​បំផ្លាញ​កាលពី​វេលា​ម៉ោង​​១១​និង​១០នាទីយប់​​​​ថ្ងៃ​ទី​២៥​ វិច្ឆិកា ​ស្ថិត​នៅ​​​ក្នុង​ភូមិ​កោះ​តេជោ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ​​ ​ដោយ​សារ​ការ​អុជ​ធូប​ទៀន​សែនព្រះ​​ខែ​ដូច​គ្នា ​​​ផ្ទះ​មួយ​ខ្នង​នេះ​​​ឆេះ​អស់​១០០% ​ដែល​​​មាន​ម្ចាស់​​ឈ្មោះ ​ឌឿក ឌីម៉ង់ ​អាយុ​​៤៩​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ ដួង សាវ៉ាត ។ ទ្រព្យ​សម្បត្តិ​ដែល​ខូច​ខាត​​ មាន​ ​ប្រេង​សាំង​២​ប៊ីដុង ​កង់​២គ្រឿង គ្រែ​ដេក​២ មាស​១តម្លឹង ប្រាក់​អាមេរិក​៥០​ដុល្លារ និង​អីវ៉ាន់​​គ្រឿង​ទេស​​ សម្លៀក​បំពាក់ និង​សម្ភារ​​មួយ​ចំនួន​ធំ ៕