ពលរដ្ឋ​ខេត្ត​បាត់ដំបង​ចោទ​ក្រុមហ៊ុន​ឯកជន​ថា​មាន​ចេតនា​ធ្វើ​ឲ្យ​កុងទ័រ​អគ្គិសនី​ដើរ​លឿន

ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ឯកជន តា​ម៉ឺន ជ្រោយ​ស្ដៅ ថា​មាន​ចេតនា​ផ្ដាច់​ចរន្ត​អគ្គិសនី​ញឹកញាប់ ធ្វើ​ឲ្យ​នាឡិកា ឬ​កុងទ័រ​ភ្លើង​ដើរ​លឿន​ខុស​ប្រក្រតី ដើម្បី​បាន​ប្រាក់​ចំណេញ​ពី​អតិថិជន​ច្រើន។ បុគ្គលិក​ក្រុមហ៊ុន​បញ្ជាក់​ថា ចរន្ត​អគ្គិសនី​ដាច់​ញឹកញាប់​ពុំ​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មគោល រៀបរាប់​ឲ្យ​ដឹង​ថា កុងទ័រ​អគ្គិសនី​ដែល​ពួក​គាត់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដើរ​លឿន​ខុស​ប្រក្រតី​ជា​បន្តបន្ទាប់ ដោយសារ​តែ​ចរន្ត​អគ្គិសនី​ដាច់​ញឹកញាប់។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​តាសី ឃុំ​តាម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង លោក ប៊ុន បឿន ថ្លែង​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ឯកជន តា​ម៉ឺន ជ្រោយ​ស្ដៅ ប្រើ​ល្បិច​ធ្វើ​ឲ្យ​ចរន្ត​អគ្គិសនី​ដាច់​ញឹកញាប់ ដើម្បី​ឲ្យ​កុងទ័រ​ភ្លើង​ដើរ​លឿន​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ប្រជាពលរដ្ឋ។ លោក​អះអាង​ថា ចរន្ត​អគ្គិសនី​ដាច់​ប្រមាណ ៥​ដង​ក្នុង​មួយ​ថ្ងៃ ធ្វើ​ឲ្យ​កុងទ័រ​ភ្លើង​ដើរ​លឿន​ខុស​ប្រក្រតី បើ​ទោះ​ជា​ការ​ប្រើ​ភ្លើង​នៅ​ថេរ​ដូច​ពេល​មុនៗ​ក៏ដោយ តែ​កុងទ័រ​ភ្លើង​បាន​ដើរ​លឿន​ជាង​មុន​ទ្វេ​ដង​ទៅ​វិញ។ លោក​ថា ប្រជាពលរដ្ឋ​ដែល​ប្រើ​ចរន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​នេះ ត្អូញត្អែរ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​បញ្ឈប់​ការ​ផ្ដាច់​ភ្លើង​ញឹកញាប់​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ៖ «បាទ! កុងទ័រ​ភ្លើង​ដើរ​លឿន ប្រជាពលរដ្ឋ​ថ្ងូរ​ដូច​គ្នា​គ្រប់​ផ្ទះ ហើយ​យើង​ហៅ​ក្រុមហ៊ុន​ឲ្យ​មក​មើល​កុងទ័រ​ភ្លើង​ក៏​គេ​មិន​បាន​មក​មើល​ឲ្យ​ពួក​ខ្ញុំ​ដែរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​តា​ម៉ឺន ជ្រោយ​ស្ដៅ លោក ប៊ុន ថេត ទទួល​ស្គាល់​ថា ចរន្តអគ្គិសនី​ដែល​ក្រុមហ៊ុន​របស់​លោក​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នោះ ពិត​ជា​មាន​ការ​រអាក់រអួល​ខ្លះ​មែន។ លោក​អះអាង​ថា ការ​រអាក់រអួល​នេះ កើត​ឡើង​ដោយសារ​ចរន្ត​អគ្គិសនី​គោល​ដែល​ក្រុមហ៊ុន​ភ្ជាប់​បណ្ដាញ​ដាច់​ចរន្ត​អគ្គិសនី​ទេ គឺ​ពុំ​មែន​ខាង​ក្រុមហ៊ុន​មាន​ចេតនា​ផ្ដាច់​ចរន្ត​អគ្គិសនី​ដូច​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «បាទ! ប្រជាពលរដ្ឋ​ភាគ​ច្រើន​ឲ្យ​តែ​មាន​ដាច់​ភ្លើង គាត់​ចេះ​តែ​ចោទ​មក​ខាង​ក្រុមហ៊ុន​ថា ធ្វើ​ឲ្យ​កុងទ័រ​ភ្លើង​ឡើង​គីឡូ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​អត់​បាន​ធ្វើ​អ្វី​ដល់​កុងទ័រ​ភ្លើង​របស់​ប្រជាពលរដ្ឋ​ទាល់​តែ​សោះ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អ្នក​ជំនាញ​ខាង​អគ្គិសនី លោក ជិន ចេតនា មាន​ប្រសាសន៍​ថា ចរន្ត​អគ្គិសនី​ដាច់​ញឹកញាប់​មាន​ភាគរយ​តិចតួច ដែល​ធ្វើ​ឲ្យ​កុងទ័រ​ភ្លើង​ដើរ​លឿន​ខុស​ប្រក្រតី​នោះ។ លោក​ពន្យល់​ថា ប្រសិន​បើ​ខាង​ក្រុមហ៊ុន​មាន​បំណង​មិន​ល្អ​ជាមួយ​ប្រជាពលរដ្ឋ គេ​អាច​កែច្នៃ​កុងទ័រ​ភ្លើង​ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់​ដើរ​លឿន​ខុស​ធម្មតា​បាន។ លោក​បញ្ជាក់​ថា កុងទ័រ​ភ្លើង​ដែល​ដាក់​លក់​នៅ​តាម​ទីផ្សារ​មាន​គុណភាព​ល្អ អាច​យក​ទៅ​ប្រើប្រាស់​បាន​ដូច​គ្នា ដោយ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ៖ «បើ​យើង​ដឹង​ថា កុងទ័រ​នោះ​ដើរ​លឿន ឬ​យ៉ាង​ណា យើង​អាច​កុងទ័រ​ភ្លើង​ចំនួន​២ ដែល​មាន​ទំហំ​គីឡូ​វ៉ាត់​ប៉ុន​គ្នា ហើយ​ដាក់​ភ្លើង​ស្ទង់​មើល​រយៈពេល​មួយ​នាទី បើ​វាស់​ភ្លើង​ទៅ​វា​ដើរ​ដូច​គ្នា​នោះ​មិន​អី​ទេ តែ​បើ​ខុស​គ្នា មាន​ន័យ​ថា កុងទ័រ​នោះ​ដើរ​លឿន​ខុស​ប្រក្រតី​ហើយ»

បច្ចុប្បន្ន ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​អគ្គិសនី​ឯកជន​តា​ម៉ឺន ជ្រោយ​ស្ដៅ ផ្គត់ផ្គង់​បណ្ដាញ​ចរន្ត​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​តាម៉ឺន និង​ឃុំ​ជ្រោយស្ដៅ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង និង​មាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ចរន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​នេះ​ប្រមាណ ៣​ពាន់​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។