បទ​វិភាគ៖ ផល​ប្រយោជន៍​នៃ​សមាហរណកម្ម​កម្ពុជា​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការAPEC

កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក ដែល​ភាសា​អង់គ្លេស​ហៅ​កាត់​ថា APEC បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨៩ ដែល​មាន​ប្រទេស​ជា​ស្ថាបនិក​ចំនួន ១២។ ក្នុង​នោះ​ប្រទេស​អាស៊ាន​ចំនួន ៧ បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​មួយ​នេះ លើកលែងតែ​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា។ គេ​រំពឹង​ថា ការ​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច APEC នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រទេស​ក្រីក្រ តួ​យ៉ាង​ដូចជា​កម្ពុជា ជាដើម។

តើ APEC ជា​អ្វី? តើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នេះ​មាន​សារសំខាន់​យ៉ាង​ណា? ប្រសិនបើ​កម្ពុជា ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​វេទិកា​សេដ្ឋកិច្ច APEC តើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​នឹង​អាច​ទទួល​បាន​ផលប្រយោជន៍​អ្វី​ខ្លះ​ពី​សមាហរណកម្ម​នេះ?

កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក គឺ​ជា​វេទិកា​សេដ្ឋកិច្ច​សេរី បង្កើត​ឡើង​ដោយ​បណ្ដា​ប្រទេស​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ក្នុង​គោលបំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក  អោយ​កាន់តែ​ស៊ីជម្រៅ​តាម​រយៈ​ការ​បើក​ចំហ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​ការ​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម ដោយ​អនុវត្ត​នូវ​របប​អនុគ្រោះ​ពន្ធ ពង្រឹង​បទដ្ឋាន​គតិយុត្តិ ព្រម​ទាំង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​អន្តរប្រទេស តាម​រយៈ​ការ​បង្កើត​យន្តការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម និង​ការ​បង្កើត​ក្របខ័ណ្ឌ​រួម​ក្នុង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ជាដើម។

កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក ឈរ​លើ​សសរស្ដម្ភ​ចំនួន​បី​ជា​មូលដ្ឋាន​គឺ សសរស្ដម្ភ​ទី​១ សេរីភាព​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ។ បណ្ដា​ប្រទេស​សមាជិក APEC នីមួយៗ​យល់​ព្រម​ធ្វើ​សេរីភាវូបនីយកម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគទុន​ដែល​ទាក់ទង​ទៅ​នឹង​ការ​លើក​កម្ពស់​កម្មសិទ្ធិ​បញ្ញា ការ​គោរព​តាម​គោលនយោបាយ​ប្រកួតប្រជែង​ដោយ​ស្មើភាព និង​ការ​ដោះស្រាយ​ជម្លោះ ពាណិជ្ជកម្ម ដោយ​សន្តិវិធី​ជាដើម។

សសរស្ដម្ភ​ទី​២ សម្របសម្រួល​ពាណិជ្ជកម្ម។ ប្រទេស​សមាជិក​ទាំង​អស់​ត្រូវ​បាន​លើកទឹកចិត្ត​អោយ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​ពន្ធគយ​វិស័យ​ថាមពល ទូរគមនាគមន៍ និង​ជាពិសេស​ការ​ធ្វើ​អោយ​មាន​តម្លាភាព​ក្នុង​ពាណិជ្ជកម្ម ដោយ​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគទុន និង​អ្នក​ជំនួញ​ធ្វើ​យ៉ាង​ណា​អោយ​ទទួល​បាន​នូវ​ព័ត៌មាន​ច្បាស់លាស់​លើ​បទបញ្ញត្តិ និង​លក្ខខណ្ឌ​វិនិយោគ​ក្នុង​បណ្ដា​ប្រទេស APEC នីមួយៗ។

សសរស្ដម្ភ​ទី​៣ បង្កើន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស។ មេដឹកនាំ APEC តម្រូវ​អោយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិវឌ្ឍ​នូវ​ធនធាន​មនុស្ស ពង្រឹង​ទីផ្សារ​មូលធន​ប្រកប​ដោយ​ប្រសិទ្ធភាព ពង្រីក​និង​កែ​លម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​លើក​ទឹក​ចិត្ត​សហគ្រាស​ធុន​តូច និង​មធ្យម​ជាដើម។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ  កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក មាន​ផលិតផល​សរុប​ក្នុង​ស្រុក (GDP) ជិត ៥៧​ភាគរយ​នៃ​ផលិតផល​សរុប​ពិភពលោក កើន​ទ្វេ​ដង​ពី ១៦ ទ្រី​លាន​ដុល្លារ នៅ​ឆ្នាំ​១៩៨៩ ដល់ ៣១ ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ និង​មាន​ប្រទេស​សមាជិក​កើន​ឡើង​រហូត​ដល់ ២១​ប្រទេស ពី​ទ្វីប​អាស៊ី អាមេរិកឡាទីន និង​អាមេរិក​ខាងជើង ក្នុង​នោះ​ក៏​មាន​សមាជិក​អាស៊ាន ៧ ប្រទេស​ផង​ដែរ គឺ​ប្រ៊ុយណេ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និង​សិង្ហបុរី ស្រប​ពេល​ដែល​កម្ពុជា កំពុង​ស្វះស្វែង​ឱកាស​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​មួយ​នេះ។

តើ​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​គុណប្រយោជន៍​អ្វី​ខ្លះ ប្រសិនបើ​ប្រទេស​នេះ​ភ្ជាប់​ខ្លួន​ទៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​មួយ​នេះ?

APEC ត្រូវ​គេ​ចាត់​ទុក​ថា ជា​ក្លឹប​ប្រទេស​អ្នក​ឈ្នះ ដោយ​ហេតុ​ថា សមាជិក​ទាំង​អស់​នៃ​វេទិកា​នេះ​សុទ្ធ​តែ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់។ ក្នុង​នោះ​ក៏​មាន​មហា​អំណាច​ពិភពលោក​ចំនួន ៣ ប្រទេស​ផង​ដែរ​ជា​សមាជិក​ពេញ​សិទ្ធិ ពោល​គឺ​សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី។ បន្ថែម​លើ​នេះ សមាជិក​ពីរ​ទៀត គឺ ចិន និង ឥណ្ឌូនេស៊ី គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក និង​មាន​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​ដែល​កត្តា​នេះ​ធ្វើ​អោយ APEC ក្លាយ​ជា​ទីផ្សារ​ដ៏​ធំ​ប្រកប​ដោយ​សក្ដានុពល​ដែល​មាន​ប្រជាជន​ជាង ២,៨​ប៊ី​លាន​នាក់។

នេះ​ជា​ហេតុផល​ដែល​ជំរុញ​អោយ​ប្រទេស​ជា​ច្រើន​ដែល​មិន​ស្ថិត​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី-​ប៉ាស៊ីហ្វិក តួយ៉ាង ឥណ្ឌា  ប៉ាគីស្ថាន ម៉ុងហ្គោលី និង​ប្រទេស​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​កម្ពុជា ផង​ដែរ បាន​ស្នើ​សុំ​ចូល​ជា​សមាជិក APEC នេះ។

​សម្រាប់​កម្ពុជា ការ​អាច​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ គឺ​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​ទាក់ទាញ​វិនិយោគទុន​បរទេស​អោយ​មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស ដែល​កត្តា​នេះ​នឹង​អាច​បង្កើត​ការងារ​ជា​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា និង​ការ​ពង្រីក​លំហ​នាំ​ចេញ​ផលិតផល​ក្នុង​ស្រុក មាន​ដូចជា សំលៀកបំពាក់ អង្ករ កៅស៊ូ ដំណាំ​កសិផល​ផ្សេង​ទៀត​ទៅ​លក់​ក្នុង​ទីផ្សារ​អន្តរជាតិ​ក្រោម​ការ​អនុគ្រោះ​ពន្ធ ឬ​មិន​យក​ពន្ធ​ពី​ប្រទេស​សមាជិក​ផ្សេង​ទៀត។

ទន្ទឹម​នឹង​នេះ កម្ពុជា​អាច​នឹង​ជួប​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ដំណើរ​សមាហរណកម្ម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច APEC នេះ ត្បិត​ដោយ​ហេតុ​ថា កម្ពុជា​នឹង​ខាតបង់​ចំណូល​រដ្ឋ​លើ​ការ​ប្រមូល​ពន្ធអាករ​ទំនិញ បញ្ហា​បទដ្ឋាន​ផលិតភាព​ទាប លក្ខខណ្ឌ​ការងារ និង​គុណភាព​សេវាកម្ម​នៅ​មាន​កម្រិត បញ្ហា​អំពើ​ពុករលួយ និង​ស្ថិរភាព​នយោបាយ ការ​ពុំ​ទាន់​ពង្រឹង​ការ​ទុក​ចិត្ត​ដល់​អ្នក​វិនិយោគទុន​បរទេស និង​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​បទដ្ឋាន​គតិយុត្តិ​ជាដើម។ លើស​ពី​នេះ​ទៅ​ទៀត កម្ពុជា​នឹង​អាច​ប្រឈម​បញ្ហា​បរិស្ថាន​ធ្ងន់ធ្ងរ ដោយ​ហេតុ​ថា វេទិកា​សេដ្ឋកិច្ច APEC ជា​វេទិកា​ដែល​នាំ​មុខ​គេ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ដែល​បាន​បង្កើត​អោយ​មាន​លំហូរ​ឧស្សាហកម្ម «កខ្វក់» ជះ​ឥទ្ធិពល​ដល់​បរិយាកាស និង​បម្រែបម្រួល​អាកាសធាតុ។

យ៉ាងណាមិញ ការ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​កំណើន​សេដ្ឋកិច្ច និង​ពង្រីក​ទំនាក់ទំនង​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគទុន​អន្តរជាតិ អោយ​មាន​សន្ទុះ​កាន់​តែ​ខ្លាំង តួយ៉ាង​ដូចជា កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចុង​ឆ្នាំ​២០១៥ នឹង​នាំ​មក​នូវ​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។