ពលរដ្ឋ​ខេត្ត​កំពង់ចាម​ស្នើ​អាជ្ញាធរ​ឲ្យ​រក្សា​បឹង​ត្រា​ជា​សម្បត្តិ​សាធារណៈ​វិញ

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជើងព្រៃ ស្រុក​បាធាយ ខេត្ត​កំពង់ចាម លើក​ឡើង​ថា ក្រោយ​ពេល​បឹង​សាធារណៈ​នៅ​ក្នុង​ភូមិ​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ដៃ​ឯកជន គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​នេសាទ​របស់​ពួក​គាត់។ ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ ធ្វើ​យ៉ាង​ណា​ដក​ហូត​បឹង​នោះ​មក​រក្សា​ទុក​ជា​សម្បត្តិ​សាធារណៈ​ឡើង​វិញ ជៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ភូមិ​បន្ត​ទៀត។

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ កំពុង​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​បឹង​របស់​ពួក​គេ​មួយ​ឈ្មោះ បឹង​ត្រា ក្លាយ​មក​ជា​សម្បត្តិ​រួម​វិញ។ ពលរដ្ឋ​លើក​ឡើង​ថា កាល​ណា​បឹង​នោះ​ក្លាយ​ជា​សម្បត្តិ​ឯកជន ពួក​គាត់​មិន​អាច​ចុះ​ទៅ​នេសាទ​បាន​ឡើយ។

ពលរដ្ឋ​នៅ​ភូមិ​ត្របែក ឃុំ​ជើងព្រៃ លោក ខាវ ទ្រី មាន​ប្រសាសន៍​ថា បឹង​ត្រា ពី​ដើម​ឡើយ​គឺ​ជា​ទ្រព្យ​រួម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​អាស្រ័យ​ផល ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​លក់​ទៅ​ឲ្យ​បុគ្គល​ឯកជន។ លោក​មិន​ច្បាស់​ថា តើ​ជា​អាជ្ញាធរ​នៅ​ស្រុក​បាធាយ ឬ​ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង នោះ​ទេ។ លោក​បញ្ជាក់​ថា បឹង​នោះ គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង រីឯ​ពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​នៅ​ឃុំ​ជើងព្រៃ ខេត្ត​កំពង់ចាម គឺ​ជា​អ្នក​ពឹង​អាស្រ័យ ដូចជា​ការ​នេសាទ ព្រម​ទាំង​យក​ទឹក​ពី​បឹង​ដើម្បី​ធ្វើ​ស្រែ ជាដើម៖ «បាន​សំខាន់​រឿង​ត្រី​សាច់​ទេ​ទាំង​ខែ​ប្រាំង និង​ខែ​វស្សា។ ខែ​វស្សា បើ​យើង​បើក​កាត់ ឬ​ឃាំងឃារ​របស់​របរ​ពាក់ព័ន្ធ ក៏​អាច​មាន​ការ​ទាស់ទែង​គ្នា​ដែរ»

បឹង​ត្រា ជា​បឹង​មួយ​មាន​ទីតាំង​នៅ​ជាប់​បឹង​ជាច្រើន​ផ្សេង​ទៀត ហើយ​បឹង​នេះ​មាន​ព្រំ​ប្រទល់​ជាប់​ស្រុក​បាធាយ ខេត្ត​កំពង់ចាម និង​ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ទំហំ​ប្រវែង​ប្រមាណ ១​ពាន់​ម៉ែត្រ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ស្រុក​ទាំង​ពីរ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា។

ដោយឡែក​អភិបាល​ស្រុក​បាធាយ លោក ឡោ ចាន់លី មាន​ប្រសាសន៍​ថា បឹង​នោះ​មិន​មាន​នៅ​ក្នុង​ផែនទី​របស់​ស្រុក​បាធាយ ឡើយ។ ដូច្នេះ ការ​គ្រប់គ្រង ឬ​ការ​ដោះស្រាយ គឺ​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ស្រុក​ជលគីរី។ លោក​បញ្ជាក់​ដែរ​ថា អាច​មិន​មែន​ជា​បឹង​សាធារណៈ ពីព្រោះ​ប្រសិន​ជា​បឹង​សាធារណៈ គឺ​មិន​អាច​មាន​បុគ្គល​ណា​យក​ទៅ​លក់​ដូរ​បាន​ទេ រួម​ទាំង​អាជ្ញាធរ ប៉ុន្តែ​អាច​ជា​កន្លែង​ប្រភព​ទឹក ឬ​មេ​ទឹក ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​ច្រើន​ជាង ហើយ​សហគមន៍​អាច​មាន​សិទ្ធិ​ចាត់​ចែង​លក់​តំបន់​នោះ​បាន។ ទោះ​ជា​បែប​នេះ​ក្តី លោក​ថា នឹង​សាកសួរ​ទៅ​អាជ្ញាធរ​ស្រុក​ជលគីរី ឲ្យ​បាន​ច្បាស់​បន្ថែម​ទៀត​ជុំវិញ​ករណី​នេះ៖ «បើ​សិន​ជា​បឹង​ជា​ឡូ​ហ្នឹង គ្មាន​ពី​ណា​ហ៊ាន​ទេ ពីព្រោះ​បាន​លុប​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​រក​អស់​ហើយ»

រីឯ​ពលរដ្ឋ​វិញ​នៅ​តែ​អះអាង​ថា បឹង​ត្រា មិន​មែន​ជា​តំបន់​មេ​ទឹក​ទេ គឺ​ជា​បឹង​សាធារណៈ​សម្រាប់​អ្នក​ស្រុក​ប្រើប្រាស់​តែ​ម្តង។

យ៉ាង​ណា កាល​ពី​ពេល​កន្លង​ទៅ រាជ​រដ្ឋាភិបាល​បាន​ប្រកាស​កាត់​ឡូ​នេសាទ ឬ​រំលាយ​ចោល​នូវ​រាល់​ការ​កាន់​កាប់​បឹង​សាធារណៈ​ពី​សំណាក់​បុគ្គល​ឯកជន ឬ​អ្នក​មាន​ប្រាក់ ដើម្បី​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​គ្រប់គ្រង​ជំនួស​វិញ។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សហគមន៍​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ប្រសិន​បើ​វា​ដូច​ទៅ​នឹង​អ្វី​ដែល​ប្រជាពលរដ្ឋ​អះអាង​មែន​នោះ អ្នកស្រី​ថា វា​គឺ​ជា​រឿង​ខុស​ច្បាប់។ អ្នកស្រី​បញ្ជាក់​ទៀត​ថា បឹង​ធម្មជាតិ ឬ​បឹង​សាធារណៈ មិន​អាច​ក្លាយ​ជា​សម្បត្តិ​ផ្តាច់​មុខ​របស់​បុគ្គល​ណា​ម្នាក់​បាន​ឡើយ ហើយ​វា​ផ្ទុយ​ទៅ​នឹង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ទៀត​ផង៖ «អ៊ីចឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​នៅ​ថ្ងៃ​ខាង​មុខ អាច​ជា​គាត់​ទាមទារ ឬ​ក៏​តវ៉ា​យក​បឹង​ហ្នឹង​នៅ​ថ្ងៃ​ខាង​មុខ។ ទី​ពីរ ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​លើ​អាជ្ញាធរ»

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ជលផល​ដដែល​បន្ថែម​ថា ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក មន្ត្រី​ជំនាញ​គប្បី​ចុះ​ស្រាវជ្រាវ​ជុំវិញ​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់។ ប្រសិន​បើ​រក​ឃើញ​ថា ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ គឺ​ជា​រឿង​ពិត មន្ត្រី​ជំនាញ​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់ ដោយ​ដក​ហូត​បឹង​នោះ​ដាក់​ជា​សម្បត្តិ​រួម​វិញ ព្រម​ទាំង​ចាត់​វិធានការ​លើ​អ្នក​ប្រព្រឹត្តិ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។