សង្គម​ស៊ីវិល​ថា​ជន​ពិការ​នៅ​តែ​មិន​ទាន់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី

អង្គការ​ជន​ពិការ​កម្ពុជា  លើក​ឡើង​ថា ជន​ពិការ​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​សិទ្ធិ​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​ពេញលេញ​បាន​នៅ​ឡើយ។ ទន្ទឹម​គ្នា​នេះ អង្គការ​ជន​ពិការ​កម្ពុជា រក​ឃើញ​ថា ជន​ពិការ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ចុះ​ឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត ដោយសារ​មិន​ទាន​មាន​តារាង​ប្រភេទ​សម្រាប់​ជន​ពិការ​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ គ.ជ.ប ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​បញ្ហា​នេះ។

អង្គការ​ជន​ពិការ​កម្ពុជា​ស្នើ ជា​ថ្មី​ទៀត​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បែង​ចែក​ប្រភេទ​តារាង​ឈ្មោះ​ជន​ពិការ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី ដើម្បី​បង្ក​ភាព​ងាយ​ស្រួយ​សម្រាប់​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត និង​ជន​ពិការ​នៅ​ពេល​ទៅ​បោះ​ឆ្នោត។

ការ​លើក​របស់​អង្គការ​ជន​ពិការ​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ធានា​ថា នឹង​ជួយ​សម្រួល​អោយ​ជន​ពិការ​ឲ្យ​ទទួល​បាន​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​ពេញលេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា កន្លង​ទៅ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា តាម​ការ​សង្កេត​របស់​អង្គការ​ជន​ពិការ​រក​ឃើញ​ថា សកម្មភាព​ចុះ​ឈ្មោះ​សាកល្បង​របស់ គ.ជ.ប នៅ​ខេត្ត​បាត់ដំបង និង​ស្វាយរៀង​ថ្មី​នេះ នៅ​មាន​ភាព​ខ្វះ​ចន្លោះ។ លោក​ថា នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មិន​ទាន់​បាន​បែង​ចែក​ប្រភេទ​ពិការភាព ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​រក​ឃើញ​ចំនួន​ជន​ពិការ​ពិត​ជាក់ស្ដែង​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត និង​ធ្វើ​ឲ្យ​ជន​ពិការ​កម្ពុជា នៅ​តែ​បាត់​សិទ្ធិ​បោះឆ្នោត៖ «»។

​អ្នក​ធ្វើការ​ពាក់ព័ន្ធ​នឹង​ជន​ពិការ​រូប​នេះ​យល់​ថា ការ​យឺតយ៉ាវ​បន្ថែម​តារាង​ប្រភេទ​ឈ្មោះ​ជន​ពិការ​ដោយ​មាន​បញ្ជាក់​ប្រភេទ​ពិការភាព​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សិទ្ធិ​ប៉ុណ្ណោះ​ទេ វា​នឹង​បង្ក​ការ​លំបាក​ដល់​ជន​ពិការ​នៅ​កម្ពុជា។ លោក​ជំរុញ​ឲ្យ គ.ជ.ប ថ្មី ត្រូវតែ​កែប្រែ​ប្រវត្តិសាស្ត្រ​ធ្វើ​យ៉ាង​ណា​បន្ថែម​តារាង​ប្រភេទ​ឈ្មោះ​ជន​ពិការ ដោយ​មាន​បញ្ជាក់​ប្រភេទ​ពិការភាព​ទៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី៖ «»។

​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ភាព​យឺតយ៉ាវ​របស់ គ.ជ.ប កន្លង​មក ក្នុង​ការ​បែងចែក​ប្រភេទ​ជន​ពិការ​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត គឺ​ជន​ពិការ​ខ្លះ​នៅ​តែ​លាក់លៀម​ពី​អត្តសញ្ញាណ​របស់​ខ្លួន និង​តារាង​បញ្ជី​បោះឆ្នោត​កន្លង​មក មាន​បញ្ចូល​រូបថត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​រក​កន្លែង​បែងចែក​ប្រភេទ​ជន​ពិការ។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នៅ​សប្ដាហ៍​ក្រោយ គ.ជ.ប គ្រោង​ជួប​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​អង្គការ​ជន​ពិការ​កម្ពុជា៖ «»។

​អង្គការ​ជន​ពិការ​កម្ពុជា អះអាង​ថា កន្លង​មក​ពេល​បោះ​ឆ្នោត​ម្តងៗ ជន​ពិការ​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន មាន​ដូចជា​ការិយាល័យ​បោះឆ្នោត​នៅ​ឆ្ងាយ មិន​មាន​ជម្រាល មិន​មាន​និមិត្តសញ្ញា​សំគាល់ ពិបាក​លើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ កង្វះ​ព័ត៌មាន អក្សរ​ស្ទាប និង​ភាសា​សញ្ញា​សម្រាប់​ជន​ពិការ គ​ថ្លង់ និង​ងងឹត​ភ្នែក​ជាដើម។

អង្គការ​ជន​ពិការ​កម្ពុជា យល់​ថា ការ​បន្ថែម​តារាង​ប្រភេទ​ឈ្មោះ​ជន​ពិការ​ដោយ​មាន​បញ្ជាក់​ប្រភេទ​ពិការភាព​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី គឺ​ជា​ការ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ដើម្បី​មាន​ឱកាស​ចូល​រួម​បោះ​ឆ្នោត ព្រោះ​ថា ជន​ពិការ​មាន​ប្រមាណ​ជាង ១៥% ដែល​ស្មើ​នឹង ១,៥​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។