សមត្ថកិច្ច ឃាត់ខ្លួន​អ្នកកាសែត ៩​នាក់ ដែល​ថតរូប​គណៈអធិបតី ក្នុង​ពិធីបុណ្យ​អុំទូក ​នៅ​ខេត្តសៀមរាប​

ខេត្តសៀមរាប: អ្នកកាសែត​ចំនួន ៩​នាក់ នៅ​អង្គភាព​ដែល​ពុំ​សូវ​លឺឈ្មោះ ត្រូវបាន​កំលាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឃាត់ខ្លួន នៅក្នុង​ពិធីបុណ្យ​អុំទូក សំពះ​ព្រះ​ខែ អកអំបុក និង​បណ្តែតប្រទីប នៅ​ស្ទឹង​សៀមរាប ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។ ការឃាត់ខ្លួន​អ្នកកាសែត​ទាំងនោះ បានធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចោទប្រកាន់ថា ពួកគេ បាន​ថតរូប​គណៈអធិបតី  ព្រមទាំង​យកទៅ​ផ្តិត​រូបភាព​ទាំងនោះ ទៅ​ឲ្យ​អ្នកធំ ដើម្បី​ទារលុយ​។

​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តសៀមរាប បាន​ទទួលស្គាល់ថា ពិតជា​មានការ​ឃាត់ខ្លួន​អ្នកកាសែត​ទាំង ៩​នាក់ ពិតមែន​។ ប៉ុន្តែ​បន្ទាប់ពី​ការសាកសួរ ណែនាំ​រួច សមត្ថកិច្ច ក៏បាន​ដោះលែង​ទៅវិញ​។​
​    ​
​អ្នកកាសែត​ទាំង ៩​រូប ត្រូវបាន​អធិការ​ក្រុង​សៀមរាប គឺ​លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង លោក​វរសេនីយ៍ត្រី ហុង ប៊ុន​ហាវ អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កម្រិត​ស្រាល ខេត្ត សៀមរាប  ក៏ដូចជា​លោក លីវ សុខុន ប្រធាន​ព័ត៌មាន​ខេត្តសៀមរាប បានបញ្ជាក់​ស្រដៀងៗ​គ្នា​ថា អ្នកកាសែត​ទាំង ៩​រូប គឺ​ខ្លះ​មាន​កាត ខ្លះ​អត់​កាត ខ្លះ​មាន​កាត តែ​ហួស​សុពលភាព​។ អាជ្ញាធរ​សមត្ថកិច្ច បានធ្វើ​ការអប់រំ ហើយ​ដោះលែង​អ្នក​ទាំងនោះ ទៅវិញ​ហើយ​។​
​    ​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​បញ្ជាក់ថា អ្នកកាសែត​ទាំង ៩​រូបនេះ គឺ​មក​កាសែត​សេរីភាព​កម្ពុជា និង​កម្ពុជា​សន្តិភាព​កិ​តិ្ត​បណ្ឌិត​ខ្មែរ ប្រចាំខេត្ត​កណ្តាល ដោយ​អាជ្ញាធរ​ខេត្តសៀមរាប មិនបាន​អញ្ជើញ​ជា​ផ្លូវការ​មក​ចូលរួម ក្នុង​ពិធី​ថតរូប​យក​ព័ត៌មាន នៅក្នុង​ពិធីបុណ្យ​អុំទូក នា​ល្ងាច​នោះ ទេ ដោយ​អ្នកកាសែត​ទាំងនោះ ដើរ​ថត​សកម្មភាព និង​ថត​គណៈអធិបតី ហើយ​ផ្តិត​រូបថត​ទាំងនោះ ដើម្បី​ជា​ថ្នូរ​នឹង​លុយកាក់​។     ​

​ដោយឡែក​លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការ​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ក្រៅពី​ថត​គណៈអធិបតី ជា​ថ្នាក់ដឹកនាំ គឺ​អ្នកកាសែត​ទាំងនោះ បាន​ថតរូប និង​ផ្តិត​ភ្លាមៗ ហើយ​យក​រូបភាព​នោះ ទៅ​ឲ្យ​ថ្នាក់ដឹកនាំ ដែល​អង្គុយ​នៅ​វេទិកា​អុំទូក ហើយ​ទារលុយ​រាប់រយ​ដុល្លារ​។ ចំណុច​នេះហើយ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ការពារ​សុវត្ថិភាព បុណ្យអុំទូក អះអាងថា ជា​អំពើ​មិន​គប្បី ហើយក៏​នាំខ្លួន​ទៅ​សាកសួរ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តសៀមរាប​។
​    ​
​លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​សមត្ថកិច្ច ពិតជា​បាន​ឃាត់ខ្លួន​អ្នកកាសែត​ទាំង ៩​នាក់​នោះ​មែន​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ លោក​ប្រធាន​មន្ទីរ​រូបនោះ បាន​និយាយថា អាជ្ញាធរ​សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន យកមក​ធ្វើការ​សាកសួរ រួច​ក៏​ដោះលែង​ឲ្យ​ត្រលប់​ទៅវិញ​។​
​    ​
​អ្នកកាសែត​ទាំង ៩​នាក់​នោះ គឺមាន​ស្រី​ចំនួន ៥​នាក់ ប្រុស ៤​នាក់ ដែល​មកពី​កាសែត​សេរីភាព កម្ពុជា និង​កាសែត​កម្ពុជា​សន្តិភាព​កិត្តិ​បណ្ឌិត​ខ្មែរ ប្រចាំខេត្ត​កណ្តាល​។

​សកម្មភាព​ឃាត់ខ្លួន​អ្នកកាសែត​ទាំងនោះ បានធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​កន្លែងកើតហេតុ ហើយ​មាន​មនុស្ស​ជាច្រើន បាន​ចោមរោម​មើល ហើយ​នេះ ក៏​ជា​លើក​ទី​១​ហើយ​ដែរ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ខេត្តសៀមរាប អនុវត្ត​វិធាន​ការឃាត់​អ្នកកាសែត យកទៅ​សាកសួរ​យ៉ាង​ដូច្នេះ​៕