ជនជាតិ​ដើម​ភាគ​តិច​គួយ​ខេត្ត​កំពង់ធំ​ស្នើ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​បាន​ឆាប់

ជនជាតិ​ដើម​ភាគ​តិច​គួយ នៅ​ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​បាន​ចប់​សព្វគ្រប់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ទំនាស់​ក្នុង​ចំណោម​ពួក​គាត់​អូស​បន្លាយ​បន្ត​ទៀត។ បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ពលរដ្ឋ​ទាំង​នោះ​បាន​ចូល​កាន់​កាប់​ដី​សហគមន៍​ដោយ​ខុស​ច្បាប់ ទើប​បណ្ដាល​ឲ្យ​មាន​ជម្លោះ​កើត​ឡើង។

ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ឃុំ​សាលាវិស័យ លើក​ឡើង​ថា ពួក​គេ​នឹង​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត ឬ​ថ្នាក់​ជាតិ​បន្ថែម​ទៀត ប្រសិន​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ដោះស្រាយ​ជូន​ពួក​គាត់​បាន​ទេ​នោះ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​តាឡេកចាស់ លោក ហយ ខុម មាន​ប្រសាសន៍​ថា ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ពលរដ្ឋ​នៅ​លើ​ដី​សហគមន៍ កើត​ឡើង​ខ្លាំង​នៅ​ឆ្នាំ​នេះ​តែ​ម្តង។ លោក​ថា ដោយសារ​ដី​តំបន់​នោះ​ជា​ប្រភេទ​ដី​ចម្ការ​វិល​ជុំ​របស់​ពលរដ្ឋ​ពី​ដើម​មក ទើប​ធ្វើ​ឲ្យ​ពួក​គាត់​ដែល​ខ្វះខាត​ដី នាំ​គ្នា​ទៅ​រុក​រាន​ដើម្បី​កាន់​កាប់។ យ៉ាង​ណា លោក​អះអាង​ថា ពួក​គាត់​បាន​កាន់​កាប់​ដី​តំបន់​នោះ​រយៈពេល ៣​ឆ្នាំ​មក​ហើយ រីឯ​ពលរដ្ឋ​ផ្សេង​ក៏​បាន​ទៅ​រុក​រាន​ដែរ ដោយ​ម្នាក់ៗ​មាន​ទំហំ​មិន​ដល់​មួយ​ហិកតារ​ផង ប៉ុន្តែ​អ្នក​មាន​ប្រាក់​ខ្លះ ទៅ​កាន់​កាប់​រំលោភ​បំពាន​លើ​ដី​របស់​ពួក​គាត់។ លោក​ថា នៅ​ពេល​អាជ្ញាធរ​ឃុំ​ហៅ​ទៅ​ដោះស្រាយ គឺ​តែង​តែ​ទាមទារ​ប្រាក់​ពី​អ្នក​ភូមិ​ក្រីក្រ​ក្នុង​មួយ​គ្រួសារ ២​លាន​រៀល ដើម្បី​អាច​រស់នៅ​លើ​ដី​សហគមន៍​បន្ត​ទៀត​បាន ប៉ុន្តែ​អ្នក​ភូមិ​គ្មាន​ប្រាក់​សម្រាប់​ផ្តល់​ជូន៖ «ស្នើសុំ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​អស់​លុយ​អស់​កាក់ គ្នា​នៅ​ដី​រដ្ឋ​ទេ គ្នា​គ្មាន​លុយ​ឲ្យ​ទៅ​ភាគី​ខាង​ណោះ​ទេ»

ប្រជាពលរដ្ឋ​នៅ​ឃុំ​សាលាវិស័យ ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី គឺ​មាន​ជាង ៥០​គ្រួសារ ហើយ​ពួក​គេ​ទាំង​នោះ បាន​ចូល​ទៅ​កាន់​កាប់​ដី​សហគមន៍​មួយ​ឈ្មោះ ចម​ម្រេច ដែល​មាន​ទំហំ​ផ្ទៃ​ដី​សរុប​ជាង ៣​ពាន់​ហិកតារ។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​សាលាវិស័យ លោក អ៊ឹម អន មាន​ប្រសាសន៍​ថា ជម្លោះ​ដីធ្លី​នេះ គឺ​កើត​ឡើង​រវាង​ពលរដ្ឋ និង​ពលរដ្ឋ ដោយសារ​ការ​បែង​ចែក​ដី​គ្នា​មិន​បាន​ច្បាស់លាស់។ លោក​បន្ត​ថា ពលរដ្ឋ​ទាំង​នោះ​ចូល​ទៅ​កាន់​កាប់​ដី​សហគមន៍​បែប​អនាធិបតេយ្យ ហើយ​អាជ្ញាធរ​ក៏​បាន​ទៅ​ហាម​ឃាត់​ពួក​គាត់​មិន​ឲ្យ​ចូល​ទៅ​កាន់​កាប់​ដី​តំបន់​នោះ​ដែរ ពីព្រោះ​វា​ជា​រឿង​ខុស​ច្បាប់។ លើស​ពី​នេះ អាជ្ញាធរ​ឃុំ​បាន​ហៅ​ភាគី​ជម្លោះ​ទាំង​នោះ​មក​សម្រប​សម្រួល​គ្នា​ជាច្រើន​ដង តាម​រយៈ​ការ​ប៉ះប៉ូវ​ប្រាក់​ខ្លះ​ទៅ​ឲ្យ​ភាគី​ដែល​រង​ផល​ប៉ះពាល់ ប៉ុន្តែ​ពួក​គេ​នៅ​មិន​ទាន់​ទទួល​យក​បាន៖ «អាជ្ញាធរ​ថា​ប្រសិន​បើ​នាំ​គ្នា​ទៅ​កាន់​កាប់​អនាធិបតេយ្យ​ហើយ កុំ​ឲ្យ​មាន​ជម្លោះ ខុស​ត្រូវ​អី សម្រប​សម្រួល​គ្នា​កុំ​ឲ្យ​មាន​បញ្ហា»

លោក​មេ​ឃុំ​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​ដី​សហគមន៍​ជាង ៣​ពាន់​ហិកតារ ខាង​អាជ្ញាធរ​ឃុំ​មិន​បាន​ដឹង​ច្បាស់​ថា ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ​បាន​កាន់​កាប់​ដី​ប៉ុន្មាន​ហិកតារ​ទេ។ ទោះ​ជា​បែប​នេះ​ក្តី ខាង​លោក​ក៏​បាន​ស្នើសុំ​ដាក់​ជា​ដី​សម្បទាន​សង្គមកិច្ច​ទៅ​អាជ្ញាធរ​ខេត្ត ព្រម​ទាំង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​បែង​ចែក​ជូន​ពួក​គាត់​ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង​មាន​ជម្លោះ​ត​ទៅ​ទៀត។

ដោយឡែក​ជនជាតិ​គួយ មួយ​រូប​ទៀត លោក សុខ គា ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​ជម្លោះ​ដីធ្លី គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​អ្នក​ភូមិ ដូចជា​ត្រូវ​រស់នៅ​ក្នុង​ភាព​មិន​ស្ងប់​ចិត្ត មិន​អាច​ដាំ​ដំណាំ​ធំ​ដុំ​បាន និង​ត្រូវ​រង់ចាំ​ដោះស្រាយ​តែ​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន បញ្ជាក់​ថា ដំបូង​ឡើយ ជម្លោះ​ដី​សហគមន៍​ចម​ម្រេច មិន​មែន​កើត​ឡើង​រវាង​ពលរដ្ឋ និង​ពលរដ្ឋ​ទេ ប៉ុន្តែ​ជា​វិវាទ​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គួយ ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ទីនោះ។ លោក​ថា ដោយសារ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​មិន​បាន​ចេញ​ជា​រូប​រាង ទើប​ពលរដ្ឋ​សម្រុក​ចូល​កាន់​កាប់​ដី​សហគមន៍​រៀងៗ​ខ្លួន។ លោក​បន្ថែម​ថា ម្យ៉ាង​ទៀត ដោយសារ​សហគមន៍​នោះ​នៅ​មិន​ទាន់​ទទួល​ស្គាល់​តាម​លក្ខណៈ​ច្បាប់​នៅ​ឡើយ ទើប​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​ជូន​ពួក​គាត់៖ «អ៊ីចឹង​ដណ្ដើម​យក​ដី​ហ្នឹង​តាម​រយៈ​កម្លាំង​អំណាច​រៀងៗ​ខ្លួន អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​មាន​ជម្លោះ​រវាង​ពលរដ្ឋ និង​ពលរដ្ឋ»

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​លើក​ឡើង​ថា ប្រជាពលរដ្ឋ​អាច​មាន​សង្ឃឹម​ទទួល​បាន​ដំណោះស្រាយ គឺ​លុះត្រា​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ការងារ​នេះ​ប្រកប​ដោយ​ឆន្ទៈ បើ​ពុំ​នោះ​ទេ ប្រជា​សហគមន៍​នៅ​តែ​បន្ត​រស់នៅ​ក្នុង​ភាព​រង់ចាំ​រហូត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។