ប្រជាជន​ដែល​តាំង​ទីលំនៅ​ថ្មី​ក្នុង​សាធារណរដ្ឋ​​​ប្រជាធិបតេយ្យ​កុងហ្គោ​ខ្វះ​ខាត​ឧបករណ៍​កសិកម្ម​និង​គ្រាប់​ពូជ

ប្រជាជន​ដែល​តាំង​ទីលំនៅ​ថ្មី​ក្នុង​សាធារណរដ្ឋ​​​ប្រជាធិបតេយ្យ​កុងហ្គោ​ខ្វះ​ខាត​ឧបករណ៍​កសិកម្ម​និង​គ្រាប់​ពូជ

អ្នក​ត្រលប់​មក​វិញ​នៅ​ខាង​ក្រៅ​ផ្ទះ​ទើប​សង់​ថ្មី​របស់​ពួក​គេ​​នៅ​ភូមិ​ Kimoka នៅឯ​ខេត្ត Kivu​ ខាងជើង ភាគខាងកើតសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ថ្ងៃទី ៦ វិច្ឆិកា ឆ្នាំ២០១៥ (VOA/N.Long)ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ជាច្រើន​និយាយថា​ ដំណោះ​ស្រាយ​រយៈពេល​វែង​គឺ​ត្រូវ​ការ​ចាំបាច់​ណាស់​​សម្រាប់​ប្រជាជន​ដែល​ប្តូរ​លំនៅ​ជិត​២០០.០០០​នាក់ ដែល​កំពុង​រស់នៅ​ក្នុង​ជំរុំ នៅ​ឯ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។​ ជំរុំ​ចំនួន៣​ត្រូវ​បាន​បិទ នៅខេត្ត Kivu ភាគ​ខាង​ជើង​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាលពីខែ​មុន ហើយ​នឹង​មាន​ការ​បិទ​ជំរុំ​ច្រើន​បន្ត​ទៀត​ទោះ​បី​ជា​អសន្តិសុខ​ក្នុង​តំបន់ខ្លះ​នៅ​តែ​បន្ត​មាន​ក៏ដោយ។ ហ្គោម៉ា—

​ប្រជាជន​ដែល​ប្តូរ​កន្លែង​មួយ​ចំនួន​ធំ​ប្រមាណ​៧០០.០០០​នាក់ ក្នុង​ខេត្ត Kivu​ ភាគ​ខាងជើង​មិន​បាន​រស់​នៅ​ក្នុង​ជំរុំ​ និង​មិន​ទទួល​បាន​ជំនួយ​ផ្នែក​ចំនី​អាហារ​នោះទេ។

ទោះ​ជា​យ៉ាងណា​ក៏ដោយ អ្នក​នាំ​ពាក្យ​អង្គការ​អន្តរជាតិ​សម្រាប់​ទេសន្តរប្រវេសន៍​ក្នុង​ខេត្ត Kivu​ខាង​ជើង​និយាយ​ថា ​ម្ចាស់​ជំនួយ​នានា​កំពុង​តែ​នឿយណាយ​ក្នុង​ការ​ចំណាយ​ថវិកា​លើ​ជំរុំទាំង​៥៧​នៅ​ទី​រួម​ខេត្ត។

លោក​បាន​ប្រាប់ក្រុមអ្នក​ព័ត៌មាន​ថា​ ម្ចាស់​ជំនួយ​បាន​ផ្តល់​ប្រាក់​ទៅ​លើ​រឿង​ដដែលៗ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ មិន​តែ​ប៉ុណ្ណោះ​ថវិកា​ជំនួយ​កាន់​តែ​តិច​ទៅៗ។

មូលហេតុ​មួយ​នៃ​ការ​ធុញទ្រាន់​របស់​ម្ចាស់​ជំនួយ​ គឺ​ដោយសារ​ពួកគាត់​បាន​ដឹង​ថា ​ចំនួន​មនុស្ស​ក្នុង​ជំរុំ​ត្រូវ​បាន​បំផ្លើស។ ​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​ពេលយប់​ត្រូវ​បាន​អនុវត្ត​ក្នុង​តំបន់​ចំនួន​៣១​នៅ​ខេត្ត​ Kivu ខាង​ជើង តួលេខ​នៅ​ក្នុង​តំបន់​ទាំង​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​តិច​ជាង​ ២​ភាគ​៣នៃ​ការ​ប៉ាន់ស្មាន​ដំបូង។​ នេះ​បើ​យោង​តាម​របាយការណ៏​រួម​មួយ​ ដោយ​បណ្តា​អង្គការ​ដែល​កំពុង​គ្រប់គ្រង​ជំរុំ​នៅ​ខេត្ត​ Kivu ខាង​ជើង។

មូលហេតុ​មួយ​ចំនួន​នៃ​ការ​ថយចុះ​ចំនួន​មនុស្ស​អាច​បណ្តាល​មក​ពី​ ភាព​ប្រសើរ​ឡើង​នៃ​សន្តិសុខ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ត្រឡប់​ទៅ​ផ្ទះ​ពួកគេ​វិញ​ ប៉ុន្តែ​របាយការណ៍​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មូលហេតុ​ផ្សេងទៀត​គឺ​ការ​បំផ្លើស​តួលេខ។

​នៅ​ក្នុង​ឆ្នាំ​នេះ ​ជំរុំ​ចំនួន​៥​ត្រូវ​បាន​បិទ ហើយ​ប្រជាជន​នៅ​ទីនោះ​ ​ភាគច្រើន​បាន​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ ឬ​តាំងទី​លំនៅ​ថ្មី​ក្នុង​តំបន់​ផ្សេងៗ​ក្បែរ​កណ្តាល​ក្រុង Goma។

VOA បាន​និយាយ​ទៅ​កាន់​អតីត​អ្នក​ផ្លាស់​ទីលំនៅ​ម្នាក់​ គឺ​លោក ​Jean Pierre Havugimana ដែល​បាន​ចាកចេញ​ពី​ ជំរុំ Lac Vert​ នៅ​ក្បែរ​កណ្តាល​ក្រុង Gomaកាល​ពី​ខែ​មុន​ ហើយ​បាន​ត្រឡប់​ទៅ​ភូមិ Kimokaរបស់​គាត់​វិញ។​

លោក​បាន​ប្រាប់​VOA ថា​ លោកពិត​ជា​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ​ដែល​បាន​ត្រឡប់​មក​ផ្ទះ​វិញ ពី​ព្រោះ​អ្នក​រស់នៅ​ក្នុង​ជំរុំ​បរិភោគ​មិន​បាន​គ្រប់គ្រាន់​នោះ​ទេ ​ហើយ​កា​រលាង​សម្អាត​មាន​ការ​លំបាក​ខ្លាំង​ណាស់ ប៉ុន្តែ​ជីវិត​នៅ​ក្នុង​ភូមិ​របស់​គាត់​មាន​លក្ខណៈប្រសើរ​ជាង​ឆ្ងាយ​ណាស់។​ លោក​បាន​បន្ថែម​ថា លោក​ចង់​អរគុណ​ដល់​បណ្តា​អង្គការ​ដែល​បាន​ជួយ​អ្នក​ដែល​បាន​ត្រឡប់​មក​វិញ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​ការ​ឧបករណ៍​ជាច្រើន​ដូចជា​កាំបិត​ផ្គាក់ ចបកាប់ ក៏​ដូច​ជា​គ្រាប់​ពូជ​ផ្សេងៗ​សម្រាប់​ធ្វើ​កសិកម្ម​ផងដែរ។

អ្នក​ជិត​ខាង​ម្នាក់​របស់​លោក ឈ្មោះ Furaka Songo ​ជា​អនុប្រធាន​របស់​ក្រុម​ប្រជាជន​ដែល​មក​ពី​ជំរុំ Lac Vert ហើយ​ត្រូវ​បាន​ផ្លាស់​ទៅ​តំបន់​ Kimoka។

នាង​ប្រាប់​ VOA ថា នាង​ និង​គ្រួសារ​របស់​នាង​ ត្រូវ​បាន​គេ​សន្យា​ថា​ផ្តល់​គ្រាប់​ពូជ​ផ្សេងៗ។ គ្រាប់​ពូជ​នោះមិន​ទាន់​មក​ដល់​ទេ ហើយ​នេះធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​លំបាក​ដោយសារ​តែ​ពួកគេ​រស់នៅ​ពឹង​លើ​វិស័យ​កសិកម្ម​ដើម្បី​ជា​ស្បៀងអាហារ​របស់​ពួកគេ។

​ការ​ចែកចាយ​គ្រាប់​ពូជ​គឺ​ជា​ទំនួល​ខុសត្រូវ​របស់ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​របស់​ អ.ស.ប.​ហើយ​វា​គួរ​តែ​មក​ដល់​ក្នុង​តាំង​ពី​ពាក់​កណ្តាល​ខែ​តុលា​ម្ល៉េះ។​ លោក Ben Oduwa នៃ​អង្គការ​អន្តរជាតិ​សម្រាប់​ទេសន្តរប្រវេសន៍​បាន​ប្រាប់ VOA ថា​ការចែកចាយគ្រាប់​ពូជ​ត្រូវ​បាន​ពន្យារពេល៕

 

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ