សមត្ថកិច្ច ចាប់ខ្លួនក្មេងទំនើង យកដបសាំងគប់រួចដុតផ្ទះគេ ទាំងកណ្តាលអាធ្រាត្រ

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានចាប់ខ្លួនក្មេងទំនើងម្នាក់ បន្ទាប់ពីជនរងគ្រោះជាម្ចាស់ផ្ទះ បានប្តឹងថា បានយកសាំង១ដប មកគប់ដុតផ្ទះទាំង កណ្តាលអាធ្រាត្រ ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២និង២០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ នគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ស៊ីវ សារិន្ទ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិ- សង្កាត់កើតហេតុខាងលើ។ ចំណែកយុវជន សង្ស័យមានឈ្មោះ ម៉ត មុតម៉ារ៉ាវី ជាកូនលោកគ្រូបង្រៀនម្នាក់ រស់នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានមុខរបរមិនពិតប្រាកដ ជាមុខសញ្ញាក្មេងទំនើង ។

យុវជនទំនើងរូបនេះ សមត្ថកិច្ចធ្លាប់ចាប់ខ្លួន៣ដងពីបទ បង្កវាយរថយន្តសាំងយ៉ុងគេខូចខាត និងបង្ករបួសស្នាម ចំនួន២លើក ដោយឡែកជាមួយម្ចាស់ផ្ទះរងគ្រោះ គឺគេធ្លាប់មានទំនាស់ គ្នាចំនួន២ដងផងដែរ ។ ជនរងគ្រោះបានអោយដឹងថា នៅម៉ោង២និង២០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ គាត់កំពុងដេកជាប់មាត់ ទ្វារផ្ទះខាងមុខ បានឮសម្លេងដូចជាគរជះទឹកប្រាវមកលើផ្ទះ ហើយក៏មានភ្លើងឆេះទ្វារផ្ទះសន្ធោសន្ធៅឡើង។ នៅពេលនោះគាត់ក៏បាន ស្រែកឆោរឡោឡើង ផ្អើលអ្នកជិតខាងចេញមក ជួយពន្លត់ភ្លើងកំពុងឆេះទ្វារ ផ្ទះរហូតដល់រលត់ទាំងស្រុង ក្នុងពេលនោះដែរគាត់ក៏ បានឃើញឈ្មោះ វី ដែលបានឈរមើលពួកគាត់ ពន្លត់ភ្លើងឆេះផ្ទះ រួចគេក៏បាន ឡើងជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅចេញពីកន្លែងកើតហេតុ។

ភ្លាមៗនេះដែរគាត់ ក៏បានឡើងជិះម៉ូតូដេញតាម និងទាន់គេនៅកំពង់ផែផ្សារក្រោម ហើយបានសួរនាំចោទ ប្រកាន់រូបគេតែ គេបានប្រកែក នៅពេលនោះ គាត់បានចាប់ដៃអាវគេ មកហិត គឺបានធំក្លិនសាំង ហើយក៏បានប្តឹងសមត្ថកិច្ចនគរបាល ប៉ុស្តិរដ្ឋបាលផ្សារឆ្នាំង អោយជួយចាត់ការតាមផ្លូវច្បាប់។ តាមបញ្ជារលោកព្រះរាជអាជ្ញាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោង១០ព្រឹក សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរកសាងសំណុំរឿង ។

អ្នកលក់សាំងពេលយប់ បានឆ្លើយថា នៅយប់នោះគេបានច្រកសាំង១លីត្រដាក់ក្នុងដបទឹកសុទ្ធ២ដប លក់អោយ មិត្តភ័ក្រជនសង្ស័យ តែមួយដបគេ បានចាក់ចូលម៉ូតូ និងមួយដបទៀតគេយក ទៅអោយជនសង្ស័យ ចំណែកអ្នកជួយពន្លត់ភ្លើងឆេះផ្ទះ ក៏បានឆ្លើយថា ពិតជាបានឃើញជនសង្ស័យ នៅឈរមើលក្នុងពេល កើតហេតុពិតមែន។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំរឿងបន្ថែមតាម និតិវិធីបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់ ៕

សមត្ថកិច្ច ចាប់ខ្លួនក្មេងទំនើង យកដបសាំងគប់រួចដុតផ្ទះគេ ទាំងកណ្តាលអាធ្រាត្រ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត