បុណ្យអុំទូក ខេត្តសៀមរាប ឆ្នាំនេះ អ្នក​មក​ទស្សនា​មានការ​ថយចុះ​

ខេត្តសៀមរាប: អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប បាន​និយាយថា ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ពិធីបុណ្យ​អុំទូក សំពះ​ព្រះ​ខែ អកអំបុក និង​បណ្តែតប្រទីប​ឆ្នាំនេះ ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ការប្រណាំង​ទូក មានការ​ថយចុះ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ មិនមាន​ការថយចុះ​ទេ ទាំង​មក​មើល​ការ​អុំទូក ទាំង​មក​ទស្សនា​រមណីយដ្ឋាន​ខេត្តសៀមរាប​។​
​    ​
​លោក ប៊ុន ថា​ឬ​ទ្ធិ អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ថា ភ្ញៀវ​ដែល​មក​ទស្សនា​បុណ្យអុំទូក នៅ​ស្ទឹង​សៀមរាប គឺ​ប្រមាណ​ជា ៧ ម៉ឺន​នាក់​។

លោក ប៊ុន ថា​ឬ​ទ្ធិ បាន​និយាយទៀតថា នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ដែលជា​ថ្ងៃទី​២ នៃ​បុណ្យអុំទូក អាច​នឹងមាន​ការកើនឡើង​លើសពី​ថ្ងៃទី​១​។​
​    ​
​លោក​បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលមក ទស្សនា​បុណ្យអុំទូក គឺ​ប្រមាណ​ជា ៧​ម៉ឺន​នាក់ និង​ប្រមាណ ៣​ម៉ឺន​នាក់​ទៀត ពួកគាត់​ប្រមូល​ផ្តុំគ្នា នៅ​លេង​កំសាន្ត​សប្បាយ​នៅ​តំបន់​អង្គរ​ឃ្យូ​ង​យូ​។​
​    ​
​លោក ប៊ុន ថា​ឬ​ទ្ធិ បាន​បន្តថា កត្តា​ដែល​ធ្វើ​ឲ្យ​មានការ​ធ្លាក់ចុះ​បុណ្យអុំទូក គឺ​ដោយសារ​ខែ​នេះ គឺ​រដូវ​ច្រូតកាត់ ទទួលផល​ស្រូវ ហេតុនេះ ពួកគេ​មិន​អាចមក​ទស្សនា​បុណ្យអុំទូក បាន​គ្រប់គ្នា​នោះទេ ដោយ​គាត់​ខិតខំ​ប្រមូល​ផល​ស្រូវ​ឲ្យ​ទាន់​រដូវ​កាល​។
​    ​
​ដោយឡែក លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប យើង​បាន​ទាក់ទង​សុំ​ការបំភ្លឺ​ដែរ អំពី​ភ្ញៀវទេសចរ ដែល​ចូលមក​កាន់​ខេត្តសៀមរាប លោក​បាន​ឆ្លើយថា កំពុងតែ​បូក​ចំនួន​ភ្ញៀវ មិនទាន់​ដឹង​ជាក់លាក់​ប៉ុន្មាន​នាក់​នោះទេ ប៉ុន្តែ​អាច​ដឹង​ចំនួន​ពិតប្រាកដ​នៅពេល​ក្រោយ​។
​    ​
​ទោះបីយ៉ាងណា​ក៏ដោយ អ្នកណា​ក៏​គេ​ថា អ្នក​មក​ទស្សនា​បុណ្យអុំទូក​ឆ្នាំនេះ នៅ​ខេត្តសៀមរាប មានការ​ថយចុះ​ច្រើន ព្រោះថា ហ្វូងមនុស្ស​មិនបាន​កកកុញ ដូច​បណ្តា​ឆ្នាំមុនៗ​ទេ ដោយ​កត្តា​នេះ គេ​មិនអាច​ដឹង​ពិតប្រាកដ​អំពី​សកម្មភាព​នៃ​ការថយចុះ​នៃ​ចំនួន​អ្នក​មក​ទស្សនា​បុណ្យអុំទូក ខេត្តសៀមរាប​ទេ រួមទាំង​ភ្ញៀវទេសចរ​ក្នុងស្រុក ដែលមាន​ការថយចុះ​ផង សំរាប់​ពិធីបុណ្យ​អុំទូក​ខាងលើនេះ នៅ​ខេត្តសៀមរាប​។

​ប៉ុន្តែ​សំរាប់​ភ្ញៀវ​ក្នុងស្រុក គេ​អាច​ដឹងថា រមណីយដ្ឋាន​ទេសចរណ៍​នៅ​កម្ពុជា មាន​ច្រើន អញ្ចឹង​ប្រជាជន​កម្ពុជា​មួយចំនួន ទៅលេង​នៅ​តំបន់​អេកូ​ទេសចរណ៍ តំបន់ឆ្នេរ និង​តំបន់ កំសាន្ត​សប្បាយ​មួយចំនួនធំ​ទៀត​៕