ប្រទេស​រុស្សី​សន្យា​ជួយ​កម្ពុជា​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ

ប្រទេស​រុស្សី នឹង​ជួយ​កម្ពុជា ដើម្បី​តំឡើង​រោង​ចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

យោងតាម​ទីភ្នាក់ងាររ៉ុយទ័រ (Reuters) ប្រធាន​ក្រុម​ហ៊ុន​ថាមពល​នុយក្លេអ៊ែរ រូហ្សាធម (Rosatom) ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​រុស្សី លោក សឺហ្គី គិរីអែនកូ (Sergei Kirienko) បញ្ជាក់់​ថា ការ​សន្យា​របស់​រដ្ឋាភិបាល​រុស្សី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ទាំង​ពីរ​ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ស្តី​ពI «កិច្ច​សហប្រតិបត្តិ​ការ​នៃ​ការ​ប្រើប្រាស់​ថាមពល​អាតូមិច(Atomic) ដោយ​សន្តិភាព»។

លោក​បាន​ថ្លែង​ថា អនុសារណៈ​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ពិចារណា​បង្កើត​រោងចក្រ​អគ្គីសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ នៅ​ពេល​អនាគត។

កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ របស់​នាយករដ្ឋ​មន្ត្រី​រុស្សី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) នៅ​កម្ពុជា ចន្លោះ​ពី​ថ្ងៃ​ទី​២២ ដល់​២៤ វិច្ឆិកា។

យ៉ាងណា​​ក៏ដោយ វិទ្យុអាស៊ីសេរី មិន​អាច​ទាក់​ទង​ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក​ ទុន លាង នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ដើម្បី​សុំ​ការ​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​ទេ។

បើ​តាម​កិច្ច​ព្រម​ព្រៀង​នេះ ប្រទេស​រុស្សី នឹង​ផ្ដល់​ជា​ជំនួយ​បច្ចេកទេស ការ​សិក្សា​ស្រាវជ្រាវ និង​ការ​បណ្តុះបណ្តាល ដល់​ប្រទេស​កម្ពុជា ដើម្បី​រៀប​ចំ​ដំឡើង​រោងចក្រ​នេះ។

ភាគី​រុស្សី​ អះអាង​ថា រោង​ចក្រ​នេះ នឹង​ជួយ​ឲ្យ​តម្លៃ​អគ្គីសនី​នៅ​កម្ពុជា ចុះ​ថោក និង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។