រដ្ឋបាល​អូបាម៉ា​ព្រមាន​រដ្ឋ​នានា​ថា​ការ​បដិសេធ​មិន​ព្រម​ទទួល​ជនភៀស​ខ្លួន​គឺជា​ទង្វើ​ខុស​ច្បាប់

រដ្ឋបាល​អូបាម៉ា​ព្រមាន​រដ្ឋ​នានា​ថា​ការ​បដិសេធ​មិន​ព្រម​ទទួល​ជនភៀស​ខ្លួន​គឺជា​ទង្វើ​ខុស​ច្បាប់

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​ក្នុង​បន្ទប់ Roosevelt ក្នុង​សេតវិមាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បី​ធ្វើ​ការ​សង្ខេប​សាធារណៈ​ជន​ពី​ជំហរ​សន្តិសុខ​ជាតិ។

រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​កំពុង​ព្រមាន​មន្រ្តី​ថ្នាក់​រដ្ឋ​នានា​ថា​ ពួកគេ​មិន​មាន​សិទ្ធិអំណាច​ស្រប​ច្បាប់​ ដើម្បី​បដិសេធ មិន​ទទួល​យក​ជនភៀស​ខ្លួន​ពី​ប្រទេស​ស៊ីរី​នោះ​ទេ។

ការ​ព្រមាន​នេះ បាន​ធ្វើឡើង​នៅក្នុង​លិខិត​មួយ​ច្បាប់ចុះ​កាលបរិច្ឆេទ​កាល​ពី​ថ្ងៃ​ពុធ ដែល​ចេញ​ពី​នាយក​ការិយាល័យ​ទទួល​បន្ទុក​ការ​តាំង​ទីលំនៅ​ជន​ភៀស​ខ្លួន ផ្ញើ​ទៅ​កាន់​ទីភ្នាក់ងារ​ទទួលបន្ទុក​ការ​តាំង​ទីលំនៅ​ជន​ភៀស​ខ្លួន​នៅ​តាម​រដ្ឋ​នានា។

ប្រធាន​ការិយាល័យ​នេះ​គឺ លោក Robert Carey បាន​និយាយ​ថា រដ្ឋ​នានា មិន​អាច​ប្រកែក​ មិន​ផ្តល់​អត្ថប្រយោជន៍​ និង​សេវាកម្ម​នានា ដែល​ផ្តល់​មូល​និធិ ដោយ​ការិយាល័យ​ទទួល​បន្ទុក​ការ​តាំង​ទីលំនៅ​ដល់​ជន​ភៀស​ខ្លួន ដោយ​ផ្អែកលើ​ប្រទេស​កំណើត ​ឬក៏​ការ​កាន់​សាសនា​របស់​ជន​ភៀស​ខ្លួន​បាន​ឡើយ។

លោក Carey បាន​ព្រមាន​នៅក្នុង​លិខិត​របស់​លោក​ថា «រដ្ឋ​ណា​ដែល​បដិសេធ មិន​អនុលោម​តាម​លិខិត​នេះ នឹង​រំលោភ​ច្បាប់» ហើយ​អាច​ប្រឈម​នឹង​ចំណាត់​ការ​បង្ខំ​ឲ្យ​អនុវត្ត។

អភិបាល​រដ្ឋ​ជាង​២០ ដែល​ភាគច្រើន​មក​ពី​គណបក្ស​សាធារណ​រដ្ឋ បាន​ប្តេជ្ញា​ថា ពួកគេ​នឹង​រារាំង ការ​ប៉ុនប៉ង​របស់​សហព័ន្ធ ក្នុង​ការ​ផ្តល់​ទីលំនៅ​ដល់​ជន​ភៀស​ខ្លួន​ស៊ីរី​ នៅ​ក្នុង​រដ្ឋ​របស់​ពួកគេ ដោយ​លើកឡើង​ថា ​ជន​ភៀស​ខ្លួន​ទាំង​នោះ អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ខាង​សន្តិសុខ​ដែល​មិន​អាច​ទទួល​យក​បាន។

លោក​ប្រធានាធិបតី បារ៉ាក់​ អូបាម៉ា ​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ គ្រោង​នឹង​ទទួល​យក​ជន​ភៀសខ្លួន​ពី​ប្រទេស​ស៊ីរី ចំនួន​១ម៉ឺន​នាក់ នៅ​ឆ្នាំ​ក្រោយ។

ចំនួន​ជន​ភៀស​ខ្លួន​នេះ កើន​ឡើង​យ៉ាង​ច្រើន ពី​ចំនួន​ជន​ភៀស​ខ្លួន​ស៊ីរី​ប្រមាណ​២ពាន់ ដែល​សហរដ្ឋ​អាមេរិក​ បាន​ទទួល​យក​រួច​ហើយ ចាប់តាំង​ពី​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី​បាន​ចាប់​ផ្តើម ប៉ុន្តែ ចំនួន​នេះ តំណាង​ឲ្យ​តែ​ចំណែក​តូច​មួយ​នៃ​ចំនួន​ប្រជាជន​រាប់​លាន​នាក់​ ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ដែល​ហែក​ហួរ​ដោយសារ​សង្គ្រាម​នោះ។

កាល​ពី​សប្តាហ៍​មុន សភា​តំណាង​រាស្ត្រ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណ​រដ្ឋ​ បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​មួយ​ ដែល​បង្កើន​លក្ខខណ្ឌ​ដល់​ជនភៀសខ្លួន​មក​ពី​ប្រទេស​ស៊ីរី​ និង​អ៊ីរ៉ាក់។

ប៉ុន្តែ អនាគត​នៃ​សេចក្តី​ស្នើ​ច្បាប់​នោះ នៅ​មិន​ទាន់​ប្រាកដប្រជា​នៅ​ឡើយ​ទេ ​នៅក្នុង​ព្រឹទ្ធសភា​។ លោក អូបាម៉ា បាន​ប្តេជ្ញា​ថា​ លោក​នឹង​វេតូ​លើ​សេចក្តី​ស្នើ​ច្បាប់​នោះ៕