អាជ្ញាធរ​អប្សរា​បង្ហាញ​ក្រុម​យុវជន​-​យុវតី​មក​ពី​២១​ប្រទេស​ស្តី​ពី​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​គណៈកម្មការ​យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា បាន​ធ្វើ​ពិធី​បង្ហាញ​ឱ្យ​ក្រុម​យុវជន​-​យុវតី​លើក​ទី​១​ថ្នាក់​តំបន់​អាស៊ី ស្តី​ពី​បេតិកភណ្ឌ​ពិភពលោក នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ដល់​ថ្ងៃ​ទី​៣ ធ្នូ ២០១៥ ដោយ​មាន​យុវជន​មក​ពី​២១​ប្រទេស និង​មាន​អ្នកចូលរួម​ទាំងអស់​ចំនួន​៤៥​រូប​ផង​ដែរ​ ។

អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​ទី​២៦​ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ធ្វើការ​បង្ហាញ​ឱ្យ​ក្រុម​យុវជន​-​យុវតី​យល់​ដឹង​ពី​វប្បធម៌​របស់​ខ្មែរ​ បានឱ្យ​ដឹង​ថា ខ្លឹមសារ​នៃ​វេទិកា​នេះ​គឺ​ផ្តោត​ទៅ​លើ​ប្រធានបទ​ពីរ​សំខាន់​ៗ​គឺ ១-ភាព​សម្បូរ​បែប​នៃ​រចនាប័ទ្ម​ស្ថាបត្យកម្ម​នៃ​រមណីយដ្ឋាន​អង្គរ​, ២-​កិច្ច​ការពារ និង​ភាព​ប្រឈម​ក្នុង​រមណីយដ្ឋាន ដែល​នឹង​ផ្តោត​ទៅ​លើ​ប្រាសាទ ទីតាំង​ជុំវិញ​ប្រាសាទ ប្រព័ន្ធ​ទឹក បារាយណ៍ ព្រៃ ទេសភាព​វប្បធម៌ ទំនៀមទម្លាប់​រស់នៅ​របស់​អ្នកស្រុក ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​គ្រប់គ្រង​ទេសចរណ៍ ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។

ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា​បានឱ្យ​ដឹង​ស​ថា វេទិកា​នេះ​ក៏​ត្រូវ​បាន​ដឹកនាំ​ឧទ្ទេសនាម​ដោយ​អ្នក​ជំនាញការ​នៃ​អាយ​ស៊ី​ស៊ី​អង្គរ និង​អ្នកជំនាញ​ជា​ច្រើន​រូប​ទៀត​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។ ក្រៅពី​នេះ​ក៏​មាន​បន្តដំណើរ​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​តាម​បណ្តា​ប្រាសាទ និង​ការដ្ឋាន​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ក្រុម​យុវជន​ដែល​ចូលរួម​ទាំង​២១​ប្រទេស​នឹង​លើកយក​តំបន់​រមណីយដ្ឋាន​នានា​ដែល​មាននៅ​ក្នុង​ប្រទេស​របស់​ខ្លួន​មក​បង្ហាញ ដើម្បី​សិក្សា​ប្រៀបធៀប​ឱ្យ​បាន​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​មក ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​របស់​ក្រុម​យុវជន​នៃ​វេទិកា​នេះ ក៏​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​២២ នៃ​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​សាលសន្និសីទ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ខេត្តសៀមរាប​ផង​ដែរ ៕