លោក​ប្តី​មាន​ស្រី​ហើយ ថែមទាំង​មក​ស្រឡាញ់​ប្អូនស្រី​ខ្ញុំ​ទៀត !

Sanofi

​ប្អូនស្រី​បង្កើត​របស់​នាង​ខ្ញុំ​បាន​ប្រាប់ថា ប្តី​នាង​ខ្ញុំ​បាន​ផ្ញើ​សារ និយាយ​ពាក្យ​ស្នេហា ហើយ​មានពេលខ្លះ​គាត់​ព្យាយាម​ចង់​ប៉ះ​រាងកាយ និង ចង់​ចាប់រំលោភ​ទៀតផង ។ កាលពី​នៅ​រៀន​មហាវិទ្យាល័យ​ឆ្នាំ​ទី ៣ នាង​ខ្ញុំ និង គាត់​បាន​ស្គាល់គ្នា គាត់​ជា​បុរស​ស្លូតបូត រូបរាង​សង្ហា មានចំណេះដឹង និង ស្មោះត្រង់ ។ នាង​ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​ក្រោយមក​ក៏បាន​រៀបការ​ជាមួយគ្នា ។ រៀបការ​រួច​យើង​ជួល​ផ្ទះ​នៅ​ភ្នំពេញ​មិនយូរប៉ុន្មាន​ប្តី​នាង​ខ្ញុំ​ក៏​ប្តូរ​ការងារ ដោយ​ទៅកាន់​កាប់​ការិយាល័យ​នៅ​ខេត្តកំពង់ចាម​រយៈពេល ២ ខែ ទើបបាន មក​ផ្ទះ​ម្តង ។

ដោយ​រវល់​ពេក​ទើប​នាង​ខ្ញុំ​កម្រ​នឹង​បាន​ទៅ លេង​គាត់​ណាស់ គឺ​រង់ចាំតែ​គាត់​មក​ផ្ទះ ។ នៅពេល​នាង​ខ្ញុំ​បាន​ទៅសួរសុខទុក្ខ​គាត់​ដល់​កន្លែង ធ្វើការ នាង​ខ្ញុំ​ក៏បាន​លេច​ឮថា លោក​ប្តី​មាន​ស្រី ។ ឮដំណឹង​នេះ​នាង​ខ្ញុំ​ក៏​បង្ខំ​ឱ្យ​គាត់​ឈប់​ធ្វើការ​នៅ​ក្រុមហ៊ុន​នោះ ហើយ​មករក​ការងារ​នៅ​ភ្នំពេញ ។ នាង​ខ្ញុំ​បាន​ស្ងប់ចិត្ត​បន្តិច​នៅពេល​គាត់​ធ្វើការ​នៅ​ភ្នំពេញ ។ នាង​ខ្ញុំ​ខំប្រឹង​ធ្វើ​ដោយ​យកចិត្តទុកដាក់​មិន​បានគិត​បារម្ភ​អំពី បញ្ហា​ស្រី​ញី​របស់គាត់​ទៀត​ទេ ប៉ុន្តែ​លោក​ប្តី​នៅតែ​មិន​ចោល​គំនិត​ចាស់ ។ ក្រោយពី​នាង​ខ្ញុំ​បាន​ស្គាល់​មិត្ត​រួម​ការងារ​របស់គាត់​មួយចំនួន​ទើប​ដឹងថា គាត់​លួចលាក់​ទាក់ទង​នឹង​នារី​ពីរ​នាក់ ម្នាក់​នៅក្នុង​ក្រុមហ៊ុន​ជាមួយគ្នា ឯ​ម្នាក់ទៀត ជា​និស្សិត ។​ពេលនោះ​យើង​បាន​ឈ្លោះ​គ្នា តែ​គាត់​ប្រកែក ។

មិនយូរប៉ុន្មាន​គាត់​បាន​ឈប់​ទាក់ទង​នារី​ទាំងពីរ​នាក់​នោះ ប៉ុន្តែ​បែរ​មាន​ស្រី​ផ្សេង​ម្នាក់ទៀត ។ ក្តៅចិត្ត​ខ្លាំងពេក នាង​ខ្ញុំ​ក៏​បង្ខំ​ឱ្យ​គាត់​ឈប់​ធ្វើការ​ម្តងទៀត ស្របពេល​ដែល​នាង​ខ្ញុំ​បើក​កូន​ក្រុមហ៊ុន​មួយ ។​នាង​ខ្ញុំ​ឱ្យ​គាត់​មកជួយ​ធ្វើការ ដោយ​ក្នុង​ក្រុមហ៊ុន​តូច​នេះ​មាន​បុគ្គលិក តែ​បីនាក់ គឺ​នាង​ខ្ញុំ លោក​ប្តី និង​ប្អូនស្រី​បង្កើត​របស់​នាង​ខ្ញុំ ដូច្នេះ​នាង​ខ្ញុំ​ក៏​ស្ងប់ចិត្ត​ជាង​មុន ។ ប៉ុន្តែ​ប្រការ​អាក្រក់​បំផុត​បានកើត​ឡើង លោក​ប្តី​បែរជា​មក​រញ៉េរញ៉ៃ​ជាមួយ​ប្អូនស្រី​បង្កើត​របស់​នាង​ខ្ញុំ​ទៅវិញ ។

តាម​សម្តី​របស់​ប្អូនស្រី​នាង​ខ្ញុំ ដំបូង​ឡើយ​លោក​ប្តី​បាន​ផ្ញើ​សារ​ស្នេហា​ឱ្យ​នាង​ម្តង​ជា​ពីរដង បន្ទាប់មក​ក៏​ប្រើពាក្យ​សម្តី​ស្នេហា​ដោយផ្ទាល់​នៅពេល​នាង​ខ្ញុំ​មិន​នៅ ។ ថ្មីៗ​នេះ​គាត់​មាន​កាយវិការ​បៀតបៀន​កេរ្តិ៍ខ្មាស និង មានបំណង​ចាប់រំលោភ​ទៀតផង ។ នៅពេល​ឈ្លោះ​គ្នា គាត់​ចេះតែ​ប្រកែក ហើយ​ថា​ប្អូនស្រី​នាង​ខ្ញុំ​និយាយ​មិន​ពិត ។ ជាង​នេះ​គាត់​ថែមទាំង​និយាយថា បើ​នាង​ខ្ញុំ​ជឿ​សម្តី​ប្អូនស្រី​ជាង​ជឿ​គាត់ យើង​គួរតែ​លែងលះគ្នា ។ នាង​ខ្ញុំ​ពិបាកចិត្ត​ខ្លាំងណាស់ មិនដឹង​គួរ​ធ្វើ​បែបណា ?

ចំពោះ​ស្ត្រី​មាន​វិបត្តិ

បុរស​គ្រប់រូប​តែង​មានការ​ស្រមៃ ឬ លួច​ស្រឡាញ់ ឬមួយ​មាន​ស្រី​ម្នាក់ ពីរ​នាក់​នៅ​ខាងក្រៅ​ឬក៏​មាន​ប្រពន្ធចុង ប៉ុន្តែ​បញ្ហា​នីមួយៗ​តែងមាន​ព្រំដែន​របស់​វា ថា​តើ​អាច​ទទួលយកបាន ឬ មិនបាន ។ រឿងរ៉ាវ​របស់​នាង​ហាក់ដូច​មិនមាន​ទីបញ្ចប់​នោះទេ ព្រោះ​ស្វាមី​របស់​នាង​ជា​មនុស្ស​មាន​ចរិត​ល្មោភ​ស្រី​មិនអាច​កែប្រែ​បានទេ ។​ ​បច្ចុប្បន្ន​នាង​ប្រហែលជា​មិនទាន់មាន​ព័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​គាត់​ថា​ជា​មនុស្ស​បែបណា​ឱ្យ​ច្បាស់លាស់​ក្រៅពី​ឮ​មិត្ត​រួម​ការងារ​របស់គាត់​និយាយ​ទាក់ទិន​នឹង​ការ​មាន​ស្រី​ខាងក្រៅ​របស់គាត់ ។ តាមពិត​ប្រការនេះ មិនមែនជា​បញ្ហា​ធំ​ដែល​អាច​នាំឱ្យ​គ្រួសារ​បែកបាក់​ទេ ។​

ខ្ញុំ​មិន​កាន់ជើង​បុរស​នោះទេ ប៉ុន្តែ​នៅក្នុង​លោក​មាន​ស្ត្រី​ជាច្រើន​រស់នៅ​ដោយ​មិនបាន​ខ្វល់​ពី បញ្ហា​ប្តី​មាន​ប្រពន្ធចុង ឬ មាន​ស្រី គឺ​ពួកគេ​នៅតែ​អាច​រស់នៅ​ជាមួយគ្នា​ដោយ​សុខសាន្ត ។​ប្រសិន​មិនមាន​បញ្ហា​ធំ​ជាង​នេះ​ខ្ញុំ​គិតថា នាង​អាច​បន្ត​រស់នៅ​ជាមួយ​គាត់​ទៀត​បាន​ដោយមាន​សុភមង្គល ក៏ប៉ុន្តែ​បញ្ហា​របស់​នាង​ហាក់ដូច​បាន​ដើរ​ដល់​ចំណុច​ហួស​ព្រំដែន ។ ប្តី​របស់​នាង​អាចមាន​ស្រី មាន​ប្រពន្ធចុង​នៅ​ខាងក្រៅ ហើយ​នាង​ប្រាកដជា​អាច​ទ្រាំ​បាន តែ​លើសពីនេះ​គាត់​បែរជា​មក​ទាក់ទង​ស្នេហា និង ចង់​ចាប់រំលោភ​លើ​រាងកាយ​របស់​នារី​ម្នាក់​ដែលជា​ប្អូនស្រី​បង្កើត​របស់​នាង ។

ខ្ញុំ​គិតថា គាត់​ជាម​នុស្ស​ប្រុស​ដែល មិនមាន​កេរ្តិ៍ខ្មាស មិនមាន​ការទទួលខុសត្រូវ​ចំពោះ​គ្រួសារ មិនមែនជា ស្វាមី ជា​ឪពុក និង មិនមែនជា​បងថ្លៃ​ល្អ​នោះទេ ។ ប្រសិន​អ្វីដែល​នាង​បាន​រៀបរាប់​ជាការ​ពិត​នោះ ខ្ញុំ​គិតថា ប្តី​របស់​នាង​លែងមាន​តម្លៃ​សម្រាប់​គ្រួសារ​ទៀតហើយ ។ ខ្ញុំ​ធ្លាប់​បានឃើញ​គ្រួសារ​មួយ​មាន​សមាជិក​ជិត ១០ នាក់ ក្នុងនោះ​បងប្អូន​ស្រី ២ នាក់ មាន​ប្តី​តែមួយ​ជាមួយគ្នា ពួកគេ​អាច​រស់នៅ​ជាមួយគ្នា​បាន ប៉ុន្តែ​ស្ថានភាព​គ្រួសារ​តែងតែមាន​បញ្ហា និង ស្ថិតក្នុង​ភាពអាម៉ាស់​ជាទីបំផុត ពិសេស​គឺ​ឪពុកម្តាយ​ខាង​ស្រី ។ យ៉ាងណាក៏ដោយ​នាង​គួរតែ​បន្ត​រក​ការពិត​ឱ្យបាន​ត្រឹមត្រូវ​មុននឹង​ឈានដល់​ដំណាក់កាល​ចុងក្រោយ ៕

Related