«មេធ្មប់»​នៅ​អាហ្វ្រិក​កណ្ដាល ត្រូវ​បាន​កប់ និង​ដុត​ទាំង​រស់!


នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល បណ្ដាជនជាច្រើន ដែលរងការចោទប្រកាន់ ថាជា«មេធ្មប់» ត្រូវបាន​ចាប់​ខ្លួន រួច​យក​ទៅដុត និងកប់ទាំងរស់ ដោយក្រុមកងសេនាជន «anti-balaka» ប្រចាំភូមិស្រុកនីមួយ។ នេះ​បើ​តាម​របាយការណ៍ របស់​អង្គការ​សហ​ប្រជាជាតិ ដែលទើបនឹងចេញផ្សាយឲ្យដឹង នៅក្នុងសប្ដាហ៍នេះ។
«មេធ្មប់»​នៅ​អាហ្វ្រិក​កណ្ដាល ត្រូវ​បាន​កប់ និង​ដុត​ទាំង​រស់!

បុរសម្នាក់ (ក្នុងរូបឃើញតែជើងមួយចំហៀង) ត្រូវបានដុតទាំងរស់ ជាមួយនឹងកង់ឡាន។ (រូបថត HRW)

នៅក្នុងរបាយការណ៍ របស់អង្គការសហប្រជាជាតិនោះ មានបង្ហាញទាំងរូបថត ដែលអះអាងពីហេតុការណ៍​ទាំងអស់នោះ ដូចជាជនរងគ្រោះ ត្រូវគេចង់ឆ្កាងនៅសរសរឈើ រួចយកភ្លើងមកដាក់ក្បែរ និងរូបសាក​សព​ឆេះ​ខ្លោច​ជាដើម។ ទារុណកម្មទាំងនេះ បានកើតឡើងនៅរវាងខែធ្នូ ឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ ស្ថិតក្រោម​បញ្ជា របស់មេដឹកនាំកងសេនាជន ប្រកាន់សាសនាគ្រឹស្ដ៍ «anti-balaka»ដែលប្រយុទ្ធតាំងពី២ឆ្នាំមកហើយ ប្រឆាំង​នឹង​ក្រុមអ្នកបះបោរ ប្រកាន់សាសនាអ៊ីស្លាម «Séléka»។

ប្រទេសអាហ្វ្រិកកណ្ដាល បានធ្លាក់ចូលទៅក្នុងអំពើហិង្សាយ៉ាងឃោឃៅ មានលក្ខណៈជាក្រុម និងជា​សហគមន៍ បន្ទាប់ពីការដណ្ដើមអំណាច របស់ក្រុមអ្នកបះបោរ ប្រកាន់សាសនាអ៊ីស្លាម កាលពីខែមីនា ឆ្នាំ​២០១៣ ខណៈក្នុងប្រទេស មានពលរដ្ឋភាគច្រើន ជាអ្នកកាន់សាសនាគ្រឹស្ដ៍។ បើទោះជាមានការដាក់ឲ្យ​មាន នូវរដ្ឋាភិបាលជាបណ្ដោះអាសន្ន​មួយឡើងក៏ដោយ តែអំពើហិង្សានេះ​នៅតែបន្តមាន ហើយច្បាប់ ​និង​អំណាច​រដ្ឋ ហាក់មិនមានប្រសិទ្ធិភាពអ្វី នៅខាងក្រៅរដ្ឋធានីឡើយ។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានលើកថ្ងៃជាច្រើនដង បាន​កំណត់ធ្វើ នៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ ដើម្បីឈានទៅដឹកនាំប្រទេស ជំនួសរដ្ឋាភិបាលបណ្ដោះអាសន្ន​សព្វថ្ងៃ។ ប៉ុន្តែរយៈពេលនេះ ក្រុមអ្នកឃ្លាំមើលបានសម្ដែងក្ដីបារម្ភថា នឹងមានអំពើហិង្សាជាថ្មីទៀត។

បើតាមរបាយការណ៍នោះ បានឲ្យដឹងថា ក្រុមកងសេនាជននៅតាមតំបន់ បានប្រើប្រាស់អំពើអាបធ្មប់ ជំនឿ​អូមអាម ដែលជាទំនៀមទំលាប់ជាទូទៅ នៅទ្វីបអាហ្វ្រិក ដើម្បីជា«លេស»ក្នុងការកំទេច ការធ្វើទារុណកម្ម និង​ដើម្បីអនុវត្តន៍នូវអំណាចរបស់ខ្លួន នៅក្នុងតំបន់ ដែលមិននិយាយពីច្បាប់ទម្លាប់។ របាយការណ៍បាន​លើក​យក​សំនុំ​រឿង​ចំនួន១៣ ដែលបានកើតឡើង ប្រឆាំងនឹងជនរងគ្រោះ អាយុពី៤៥ដល់៧០ឆ្នាំ ក្នុងក្រុង «Baoro» នៃ​ខេត្ត «Nana-Mambéré» ភាគនារតីនៃប្រទេស មករៀបរាប់ ហើយដែលពិបាក នឹងឲ្យកងកម្លាំង​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ ធ្វើការរៀបចំសណ្ដាប់ធ្នាប់ណាស់។

គេបានស្គាល់មេដឹកនាំ របស់ក្រុមសេនាជនទាំងនោះ ចំនួនបីនាក់ ដែលតែងមានវត្តមាន នៅក្នុងពេលធ្វើ​ទារុណកម្ម និងការកាប់សម្លាប់។ អាចារ្យសាសនាគ្រឹស្ត៍ម្នាក់ បានធ្វើសាក្សីក្នុងសំនុំរឿងមួយ ដោយអះអាង​ថា លោក​ធ្លាប់​ត្រូវបានក្រុមសេនាជនគម្រាម ដោយ«កាំបិត» បន្ទាប់ពីលោកបានសាកល្បង ចូលទៅធ្វើ​អន្តរាគមន៍ លើ​ការ​«កប់»បុរសម្នាក់ទាំងរស់ ដោយហេតុបុរសនោះ ត្រូវបានចោទប្រកាន់ ពីបទធ្វើ​អំពើ​«អាប​ធ្មប់» និង​បាន​សារភាព​ថា ខ្លួនបានសម្លាប់មនុស្ស១៥០នាក់។

របាយការណ៍បានសរសេរបន្តថា ដើម្បីបញ្ជៀសខ្លួន ពីការចងឆ្កាង ឬដុតទាំងរស់ ជនរងគ្រោះត្រូវបានបង្ខំ ក្រោម​​ការ​គម្រាមដោយកាំបិត ឲ្យបង់ប្រាក់រវាងពី៣៥ ទៅ៨៥ដុល្លា (២០ ០០០ ទៅ ៥០ ០០០ ហ្វ្រង់ ប្រាក់​របស់​ប្រទេស​អាហ្វ្រិកកណ្ដាល)។ ប៉ុន្តែបណ្ដាជន២ភាគ៣ នៃប្រទេសដ៏ក្រីក្រនេះ រកចំណូលក្នុងមួយថ្ងៃ បាន​តែ​១,៩៩ដុល្លា​ប៉ុណ្ណោះ។ របាយការណ៍បានសរសេរថា៖ «ក្រុមសេនាជន បានជំរិតឲ្យជនរងគ្រោះ បង់​ប្រាក់​រំលោះ​​ខ្លួន ដើម្បីប្ដូរនឹងការដោះលែង»។

អំពើអាបធ្មប់ ត្រូវបានហាមឃាត់ ដោយច្បាប់របស់ប្រទេស។ មនុស្ស ដែលរងការចោទប្រកាន់ ពីទង្វើនេះ តែង​ត្រូវ​បានចាប់ដាក់ពន្ធនាការ និងមានចំនួន ដល់ទៅជាងពាក់កណ្ដាល នៃអ្នកជាប់ឃុំទាំងអស់ នៅក្នុង​ប្រទេស។ របាយការណ៍ បានបញ្ជាក់ទៀតថា៖ «ទោសទណ្ឌ ដែលកើតចេញពីការចោទប្រកាន់ ទាក់ទង​នឹង​អំពើ​អាបធ្មប់​នេះ ត្រូវបានក្រុមសេនាជន ឬក្រុមប្រដាប់អាវុធ យកមកប្រើ ដើម្បីជាមធ្យោបាយ ក្នុងការអនុវត្ត​នូវអំណាច​របស់​ខ្លួន នៅតាមតំបន់»៕