នៅ​ភ្នំពេញ ដាច់​ភ្លើង ដាច់ទឹកនៅ​គ្រប់​តំបន់ រីឯខេត្តមួយចំនួនទៀត ក៏ដាច់ភ្លើងដែរ

ភ្នំពេញ: នៅ​ម៉ោង​ជិត ១០ យប់​ថ្ងៃទី​២៦​វិច្ឆិកា​នេះ ភ្លើងអគ្គិសនី និងទឹកស្អាត នៅក្នុង​រាជធានី​ភ្នំពេញ បាន​ដាច់​​គ្រប់​តំបន់​ទាំងអស់​។ ក្រៅពី​​ដាច់​ចរន្តអគ្គិសនី​ និងដាច់ទឹក នៅ​ទូទាំង​រាជធានី​ភ្នំពេញ នា​យប់​ថ្ងៃទី​៣ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នា​យប់​ថ្ងៃទី​២៦​វិច្ឆិកា​នេះ គឺនៅខេត្តមួយចំនួនទៀត ក៏ដាច់ភ្លើង​ផងដែរ។

នៅពេលដាច់ភ្លើងដូច្នេះ អ្នកដែលទៅទស្សនា​កម្សាន្តនៅមាត់ទន្លេ ក្នុងឱកាស​បុណ្យ​អុំទូក​​ថ្ងៃទី៣​នេះ ក៏បានវិលត្រលប់​មកកាន់ផ្ទះសម្បែងវិញ​ផងដែរ។

លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានឲ្យដឹងថា ការដាច់ភ្លើង​នៅភ្នំពេញ និងនៅខេត្តមួយចំនួននោះ ដោយសារតែដាច់តង់ស្យុង នៅប្រទេសវៀតណាម​ ព្រោះកម្ពុជាយើង ភ្ជាប់ភ្លើងមកពីវៀតណាម​។​

រហូតដល់ម៉ោងជិត ១១ យប់នេះ នៅតំបន់មួយចំនួននៅភ្នំពេញ គឺមានភ្លើងអគ្គិសនី និងទឹកស្អាតប្រើប្រាស់វិញ​ខ្លះៗហើយ។

សូមបញ្ជាក់​ថា ក្រៅពីនៅភ្នំពេញ នៅខេត្តមួយចំនួនទៀត ដូចជា ខេត្តកណ្តាល ខេត្តតាកែវ ខេត្ត​ពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក៏បានដាច់​ភ្លើងអគ្គិសនី ព្រមៗ​គ្នា​ផងដែរ៕