ពលរដ្ឋ​ខ្មែរ ល្មម​ដល់ពេល​ផ្លាស់ប្តូរ​ឥរិយាបថ ចំពោះ​បញ្ហា​សម្រាម​ហើយ​!

ភ្នំពេញ:  ជាទូទៅ គេ​សង្កេតឃើញថា ឲ្យ​តែមាន​ពិធី​បុណ្យទាន ឬ​ការជួបជុំ​នៅ​ទីសាធារណៈ​ម្តងៗ គឺ​ច្បាស់​ណាស់ បន្ទាប់ពី​ចប់​ពិធី​នោះ គេ​ក៏​តែងតែ​ឃើញ​មាន​សម្រាម ដូចជា ដប​ទឹក​សុទ្ធ ស្បោង​កៅស៊ូ កញ្ចប់​ជ័រ​ស្នោរ ជាដើម នៅ​រាយប៉ាយ​តាមផ្លូវ សួនច្បារ ជាមិនខាន​ឡើយ​។​

​ជាក់ស្តែង ក្នុងឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​មិនមាន​ទូកង​អុំ​ប្រណាំង នៅមុខ​ព្រះបរមរាជវាំង គឺ​សម្រាម ដប​ទឹក​សុទ្ធ ស្បោង​កៅស៊ូ​ផ្លា​ស្ទីក និង​កញ្ចប់​ជ័រ​ស្នោរ នៅ​រាយប៉ាយ ពេញ​ផ្លូវ លើ​ស្មៅ​សួនច្បារ និង​ការ៉ូឡា​។ នេះ​ជា​ទម្លាប់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ គួរតែ​កែប្រែ​។​

​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​មក​កម្សាន្ត​សប្បាយ​ក្នុងឱកាស​បុណ្យអុំទូក ឬ​ការជួបជុំ​កម្សាន្ត​នានា តាម​ទីសាធារណៈ គួរតែ​បង្កើន​ការទទួលខុសត្រូវ​បន្ថែមទៀត លើ​បញ្ហា​សម្រាម​។
​ពោលគឺ​នៅពេល​ទទួលទាន​ទឹក បកសំបក​ផ្លែឈើ និង​ចំណីអាហារ ដែល​វេច​ខ្ចប់​នឹង​កញ្ចប់​ជ័រ​ស្នោរ ឬក៏​ថង់កៅស៊ូ​ផ្លា​ស្ទីក​គ្រប់​ប្រភេទ រួចហើយ គួរតែ​វេច​ខ្ចប់​នូវ​កាកសំណល់​ទាំងនោះ ដាក់​ក្នុង​ធុងសម្រាម​ឲ្យ​បាន​ត្រឹមត្រូវ​។​

​ជាការ​ពិត នៅ​ភ្នំពេញ គឺមាន​ក្រុមហ៊ុន​ស៊ីន​ទ្រី ជា​អ្នកទទួល​រ៉ាប់រង​ក្នុងការ​ប្រមូល​សម្រាម​។ ប៉ុន្តែ​ប្រជាពលរដ្ឋ អ្នក​បោះចោល​សម្រាម គួរតែ​ប្រកាន់​ឥរិយាបថ​ម៉ឹងម៉ាត់ ដោយ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ដោយ​យក​សម្រាម ទៅ​បោះចោល​ក្នុង​ធុងសម្រាម​ត្រឹមត្រូវ មិនត្រូវ​ពង្រាយ​ពាសវាល​ពាសកាល នាំ​ឲ្យ​ទិស​ភ្នែក​អ្នកទេសចរ​បរទេស ដែល​នាំ​ដល់​ការ​អាប់អោន​មុខមាត់​ខ្មែរ​ទាំងមូល​នោះទេ​។​

​នៅតាម​សួនច្បារ ទីសាធារណៈ និង​នៅ​មាត់ទន្លេ តែងតែមាន​ធុងសម្រាម​។ បើសិនជា​មិនមាន​ធុងសម្រាម ក៏​គួរតែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល​ទទួលទាន​ចំណីអាហារ​ទាំងនោះ កាន់​កាកសំណល់ សំរាម យក​ទៅរក​កន្លែង​ណា​សមរម្យ ឬក៏​ទៅរក​គំនរ​សំរាម ដែល​នៅ​ជិត​នោះ ដើម្បី​បោះ​សំរាម​ចោល​។​

​អាណាព្យាបាល ឪពុកម្តាយ គួរតែ​ធ្វើជា​គំរូ​សម្រាប់​កូនៗ​។ ឪពុកម្តាយ គួរតែ​ប្រាប់ប្រង់​កូនចៅ ឲ្យ​បោះចោល​សម្រាម​ក្នុង​ធុងសម្រាម ហើយ​វេច​ខ្ចប់​សម្រាម​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បោះចោល​សម្រាម​ពាសវាល​ពាសកាល ដែលជា​ទង្វើ​មិន​សមរម្យ​ឡើយ​។ កូនៗ នឹង​ស្តាប់​នូវ​ការ​ទូន្មាន​ដ៏​ប្រពៃ​នេះ​។​

​មួយវិញទៀត អាជ្ញាធរ​សមត្ថកិច្ច ក៏​គួរតែ​ដាក់ពង្រាយ​ធុងសំរាម​ឲ្យ​បាន​ច្រើន​ថែមទៀត ក្នុងឱកាស​មានបុណ្យ​ទាន​ធំៗ ដែលមាន​អ្នក​មក​ចូលរួម​ទស្សនា​ច្រើន​។ ការបង្កើត​ធុងសម្រាម​ច្រើន​នៅតាម​ទីសាធារណៈ​សួនច្បារ​នោះ ក៏​ជាការ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ អ្នក​មក​កម្សាន្ត​សប្បាយ ដើម្បី​បោះចោល​សម្រាម​ឲ្យ​មាន​របៀបរៀបរយ​ផងដែរ​។​

​សរុបមក ប្រជាពលរដ្ឋ​ខ្មែរ​យើង គួរតែ​ប្តូរ​ឥរិយាបថ​នៃ​ការ​បោះចោល​សំរាម​ពាសវាល​ពាសកាល ហើយ​វេច​ខ្ចប់​សម្រាម​ទាំងនោះ ឲ្យ​មាន​របៀបរៀបរយ និង​យក​សម្រាម កាកសំណល់​ពី​ការទទួល​ទាន​ចំណីអាហារ​នៅតាម​សួនច្បារ ពេល​មក​កម្សាន្ត​បុណ្យជាតិ​ធំៗ ឬ​ការជួបជុំ​នានា​តាម​ទីសាធារណៈ បោះចោល​ក្នុង​ធុងសម្រាម​។ ពេលនោះ សោ​ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ និយាយ​ដោយឡែក និង​និយាយ​ជារួម​ប្រទេស​កម្ពុជា​របស់​យើង នឹង​កាន់​តែមាន​សោ​ភណ្ឌ​ភាព​មួយកម្រិត​ទៀត ក្នុង​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​៕