រុស្ស៊ី​មិន​ប្រើ​អាវុធ​គ្រាប់​ផ្ទុះ​ដើម្បី​សងសិក​តួកគី​ទេ តែ​នឹង​ប្រើ​អាវុធ​សេដ្ឋកិច្ច

ពីរ​ថ្ងៃ​បន្ទាប់​ពី​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​មួយ​គ្រឿង ​ត្រូវ​បាន​តួកគី​បាញ់​បំផ្លាញ​ នៅ​ស៊ីរី​ រុស្ស៊ី​បាន​ប្រកាស​ថា​គេ​នឹង​មិន​ប្រើ​អាវុធ​គ្រាប់ផ្ទុះ​ ដើម្បី​សងសិក​ទៅ​នឹង​ទង្វើ​របស់​តួកគី​ទេ ​តែ​គេ​នឹង​ប្រើ​មធ្យោបាយ​សេដ្ឋកិច្ច​ ដើម្បី​ដាក់​ទារុណកម្ម​លើ​តួកគី។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ កំពុង​ថ្កោល​ទោស​តួកគី ​ថា​មាន​ចេត្តនា ​បង្ករ​រឿង ​និង​បង្អាក់​បេសកកម្ម​របស់​រុស្ស៊ី ​ក្នុង​ការ​កម្ទេច​ក្រុម​ជីហាដ ​នៅ​ឯ​ក្រុង​ម៉ូស្គូ ​ស្ថានទូត​តួកគី​ ត្រូវ​បាន​ក្រុម​បាតុករ ​យក​ដុំថ្ម​គុប ​និង​វាយ​កម្ទេច។ ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី ​នៅ​ស៊ីរី​ ធ្វើឲ្យ ​គេ​មើល​ឃើញ កាន់តែ​ច្បាស់​ អំពី​ភាព​ស្ទើរស្ទាក់​របស់​តួកគី ​ក្នុង​ការ​ចូលរួម​កម្ទេច ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។