អ៊ាម វន្នី មិន​លាក់បាំង​រឿង​មាន​ប្រពន្ធ​កូន

អ៊ាម វន្នី មិន​លាក់បាំង​រឿង​មាន​ប្រពន្ធ​កូន

តារា​ភាគ​ច្រើន​ព្យាយាម​លាក់បាំង​សមាសភាព​ប្រពន្ធ​កូន ដើម្បី​រក្សា​ប្រជាប្រិយភាព​របស់​ពួក​គេ។ ប៉ុន្តែ​អតីត​បេក្ខភាព Cambodian Idol អ៊ាម វន្នី បាន​អះអាង​ថា មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​នេះ​ទេ ទោះ​បី​ជា​មាន​អ្នក​ដឹង​ថា រូប​គេ​មាន​ប្រពន្ធ​កូន​ហើយ​យ៉ាង​ណា​ក៏​ដោយ។

 

“ខ្ញុំ​មិន​ខ្វល់​ទេ បើ​មាន​គេ​សួរ​នាំ​ប្រាប់​តាម​ដំណើរ​ទៅ តែ​បើ​មិន​មាន​អ្នក​សួរ​ទេ ធ្វើ​ធម្មតា​ទៅ​អត់អី​ផង​បង”។ អ៊ាម វន្នី ថ្លែង​មក​កាន់ Sabay កាល​ពី​ពេល​ថ្មី​នេះ។ រូប​គេ​បន្ត​ដោយ​យល់​ឃើញ​ថា គ្មាន​ហេតុផល​អ្វី​ត្រូវ​លាក់លៀម​ពី​សមាសភាព​ប្រពន្ធ និង​កូន​របស់​គេ​នោះ​ទេ។ សូម្បី​នៅ​លើ​បណ្ដាញ​សង្គម ក៏​បាន​បង្ហោះ​រូប​ថត​របស់​ពួក​គេ​ជា​រឿយៗ​ផង​ដែរ ដោយ​មិន​ខ្លាច​ពី​ការ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​ឡើយ។

 

អ៊ាម វន្នី មិន​លាក់បាំង​រឿង​មាន​ប្រពន្ធ​កូន

 

ម្យ៉ាង​ទៀត រូប​លោក​យល់​ថា ប្រជាប្រិយ​ភាព​មិន​មែន​កើត​ឡើង​ដោយ​ភាព​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​អាស្រ័យ​លើ​សមត្ថភាព​របស់​តារា​ម្នាក់ៗ​ប៉ុណ្ណោះ។ ជាក់​ស្ដែង​បច្ចុប្បន្នភាព​ក្នុង​សង្គម​សិល្បៈ​ខ្មែរ មាន​តារា​សម្ដែង និង​តារា​ចម្រៀង​ជា​ច្រើន ដែល​មហាជន​ដឹងឮ​ស្ទើរ​គ្រប់​គ្នា​ថា មាន​ប្រពន្ធ​កូន​រួច​ហើយ ទី​បំផុត​នៅ​តែ​អាច​រក្សា​ប្រជាប្រិយភាព​បាន​ដដែល ឬ​កាន់​តែ​មាន​ការ​គាំទ្រ​ទៀត​ផង​ក៏​មាន​ដែរ។

 

អតីត​បេក្ខភាព Cambodian Idol រូប​នេះ​ជឿជាក់​ថា រូប​គេ​អាច​ស្វែង​រក​ការ​គាំទ្រ​តាម​រយៈ​សមត្ថភាព​ផ្ទាល់​ខ្លួន ហើយ​ប្រជាប្រិយភាព​កើត​ចេញ​ពី​ការ​ទទួល​ស្គាល់​ការ​ពិត​របស់​ទស្សនិកជន។ លោក​អះអាង​ថា ការ​គាំទ្រ​របស់​មហាជន​ទូទៅ​កន្លង​មក​រហូត​មក​ដល់​ពេល​នេះ មិន​មែន​ដោយ​សារ​ការ​បិទបាំង​ព័ត៌មាន​ប្រពន្ធ​កូន​នោះ​ទេ ប៉ុន្តែ​ជា​ការ​ផ្ដល់​តម្លៃ​លើ​សមត្ថភាព​ប៉ុណ្ណោះ។

 

ហើយ​បច្ចុប្បន្ន​រូប​គេ​កំពុង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ក្នុង​គោល​បំណង​ឈាន​ជើង​កាន់​តែ​ជ្រៅ​ក្នុង​វិស័យ​សិល្បៈ​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង ហើយ​សង្ឃឹម​ថា ទស្សនិកជន​នៅ​តែ​មាន​ការ​គាំទ្រ​ចំពោះ​ស្នាដៃ​បទ​ចម្រៀង​របស់​លោក៕

 

អាន​អត្ថបទ៖ សំ ជំនាញ