ឈើ​ប្រណីត​រៀប​ចេញ​ទៅ​ស្រុក​យួន គយ​ចល័ត​បង្ក្រាប

ឈើ​ប្រណីត​រៀប​ចេញ​ទៅ​ស្រុក​យួន គយ​ចល័ត​បង្ក្រាប

ខេត្តរតនគិរី ៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ហ៊ាន​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញព្រៀប​តែ​ម្តង ដូច​ចោរ​គាស់​ក្រោល​ទាំង​ថ្ងៃ ។ រថយន្ត​នេះ​បំណង​ចូល​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ត្រូវ​រារាំង​ផ្លូវ​ពី​សមត្ថកិច្ច​នាយកដ្ឋាន​ស្រាវជ្រាវ​បង្កា និង​បង្ក្រាប​បទល្មើស​ដែល​ហៅ​ថា គយ​ចល័ត​បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស់​ធ្វើការ​បង្ក្រាប​ភ្លាម​ៗ​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ដែល​រថយន្ត​នេះ​ប្រុងប្រៀប​ឆ្លង​ដែន​ទៅ​ហើយ នា​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា ។
ឈើ​ដែល​គយ​ចល័ត​បង្ក្រាប​នោះ​សុទ្ធ​សឹង​ជា​ឈើប្រណិត​ប្រភេទ​ធ្នង់​ដែល​មានមុខ​កាត់​ចម្រុះ​បន្ទះ និង​ដុំ​ដឹក​តាម​រថយន្ត​យី​ឌុ​ប ពណ៌​ខៀវ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ ៣A-០០៥៣ ។ ប៉ុន្តែ​ពេល​បង្ក្រាប​នេះ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ភ្លាម​ៗ មិន​មាន​ប្រភព​ណាមួយ​ច្បាស់លាស់​ថា ឈើ​នេះ​ជា​របស់​អ្នក​ណា​ឡើយ​។
លោក ព្រាប គា​រ៉ាត ប្រធាន​ក្រុម​បង្ក្រាប​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានឱ្យ​ដឹង​ថា ដោយសារ​រថយន្ត​ដឹកឈើ​១​គ្រឿង​នេះ ពុំ​មាន​លិខិតអនុញ្ញាត​ឱ្យ​ដឹក​ជញ្ជូន​ពី​ស្ថាប័ន​គយ​ទើប​កម្លាំង​របស់​លោក​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជាមួយ​កម្លាំង​ច្រក​ទ្វារ​ធ្វើការ​បង្ក្រាប​តែ​ម្តង ។
យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ប្រណីត​នេះ​ចេញពី​ព្រៃ​ក្នុងស្រុក​លំ​ផាត់ ហើយ​ក៏​ធ្លាប់​ដឹក​ចេញ​ទៅ​ស្រុក​យួន តាម​ច្រក​អូ​រយ៉ា​ដាវ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​ដែល​មាន​សមត្ថកិច្ច​ណាមួយ​ហ៊ាន​បង្ក្រាប​នោះ​ទេ ។ ទើបតែ​ពេល​នេះ​សំណាងអាក្រក់ បាន​ជួប​កម្លាំង​គយ​ចល័ត ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ាត ។
តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​នេះ បាន​រត់ការ​គ្រប់​សមត្ថកិច្ច​តាម​លំដាប់ថ្នាក់​ក្នុង​ខេត្ត​នេះ​អស់ហើយ គឺ​មាន​ន័យ​ថា គេ​បង់លុយ​បើកផ្លូវ​អស់​ទៅ​ហើយ បិទ​ភ្នែក​បិទ​ច្រមុះ ពី​ដើម​ទី​រហូត​ដល់​ចុង​ទី ។ ប៉ុន្តែ​ពេល​ដល់​ទឹក​ចុង​ក្រោយ​រៀបចំ​ឆ្លង​ដែន ក៏​ជួប​ក្រុម​គយ​ចល័ត​ចាំ​ស្ទាក់​រួច​ជា​ស្រេច ។
លោក ព្រាប គា​រ៉ាត បានឱ្យ​ដឹង​ថា រាល់​ទំនិញ​ទាំងអស់​បើ​គ្មាន​ការ​អនុញ្ញាត និង​ធ្វើ​លិខិត​បង់ពន្ធ​ច្បាស់លាស់​ពី​ស្ថាប័ន​គយ​ទេ ត្រូវ​ចាប់​រឹបអូស​យក​មក​រក្សា​ទុក​នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្តរតនគិរី ដើម្បី​ឱ្យ​ម្ចាស់​ឈើ​មក​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ។ ឈើ​ប្រណីត​នៅ​ក្នុង​រថយន្ត​ខាងលើ​មិន​ក្រោម​ពី​ជាង​៣០​ម៉ែត្រគូប​នោះ​ទេ ហើយ​ឈើ​ប្រណីត​នៅ​ក្នុង​រថយន្ត​នោះ ភាគច្រើន​សុទ្ធតែ​ប្រភេទ​ឈើ​ធ្នង់ និង​នាងនួន​ដែល​សមត្ថកិច្ច​គយ​ចល័ត​នៅ​មិន​ទាន់​វាស់វែង​ដឹង​ចំនួន​ច្បាស់លាស់​នៅឡើយ​ទេ ។ ចំណែក​ម្ចាស់​ឈើ​រត់គេច​ខ្លួន​បាត់ ។ លោក​បានឱ្យ​ដឹង​ទៀត​ថា ឈើ​ប្រណីត​ដែល​ចាប់​បាន​១​រថយន្ត​យី​ឌុ​ប​នេះ សមត្ថកិច្ច​គយ​មិន​ប្រគល់​ឱ្យ​មេព្រៃ​នោះ​ទេ ខណៈ​ស្ថាប័ន​គយ​មានច្បាប់​ពិសេស​របស់​ខ្លួន​មួយទៀត ទាក់ទង​នឹង​ការ​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស ។
គួរ​បញ្ជាក់​ថា ឈ្មួញ​ដែល​មាន​លុយកាក់​ទិញ​ឈើប្រណិត​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​សព្វ​ថ្ងៃនេះ មិន​ដែល​មាន​សម្ថ​កិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តរតនគិរី​ណាមួយ​បង្ក្រាប​បាន​ម្តងណា​ឡើយ ។ ការ​បង្ក្រាប​បាន​រថយន្ត​ខ្នាត​យក្ស​ដឹកឈើ​ខាងលើ​នេះ គឺ​ទាល់តែ​មានការ​ចុះ​ផ្ទាល់​ពី​ខាង​នាយកដ្ឋាន​ស្រាវជ្រាវ​បង្កា និង​បង្ក្រាប​បទល្មើស​គយ​ពី​ភ្នំពេញ​ទើប​ចាប់​បាន ។
ឈើ​ប្រណីត​ដែល​សម្ថ​កិច្ច​ចាប់​បាន​ពេញ​មួយ​ឡាន​ខ្នាត​យក្ស​នេះ ម្ចាស់​ឈើ​ប្រហែលជា​អ្នកមាន​អំណាច និង​មាន​លុយ​ទើប​ហ៊ាន​ប្រព្រឹត្តិ​បទល្មើស​ដែល​មាន​តម្លៃ​រាប់​សែន​ដុល្លារ​បែប​នេះ​៕