ស្រឡាញ់​ដូច​គ្នា

ស្រឡាញ់​ដូច​គ្នា

 

មង្គល​គឺ​ជា​ឈ្មោះ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ស្គាល់​ស្រី​ម្នាក់​អស់​រយៈ​ពេល​ជិត​បី​ឆ្នាំ​ហើយ ស្រី​ម្នាក់​ហ្នឹង​ជិះ​ម៉ូតូ​ Icon នៅ​ក្បែរ​ផ្ទះ​ខ្ញុំ​ នាង​ជាកូន​​​ច្បង​ស្អាត​ម្នាក់​ដែល​ចូល​ចិត្ត​រៀន​សូត្រ មិន​សូវ​ចូល​ចិត្ត​ដើរ​លេង​ប៉ុន្មាន​ទេ ហើយ​នាង​ឈ្មោះ​ម៉ូនីកា។ ខ្ញុំ​ស្គាល់​នាង​នៅ​​​​​​ថ្ងៃ​ដែល​ខ្ញុំ​ជួយ​ដាក់​ឥវ៉ាន់​នៅ​ផ្ទះ​​​​​។ ​ខ្ញុំ​​​​​ប្រទះ​ឃើញ​ស្រី​ម្នាក់​ជិះ​ Icon ពណ៌​ក្រហម​ ខ្ញុំ​បាន​ឃើញ​គេ​ចេញ​ពី​ផ្ទះ​របស់​គេ ហើយ​គេ​ក៏​ដឹក​ប្អូន​ស្រី​គេ​ទៅ​រៀន​បាត់​ទៅ។​

 

 

នៅ​ពេល​ដែល​បាន​ជួប​ស្រី​ស្អាត​ម្នាក់​ហ្នឹង​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​ជួប​ទេព​អប្សរ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ចឹង។ ​ចាប់​តាំង​ពី​ថ្ងៃ​ជួប​គេ​លើក​ដំបូង​នោះ​មក ខ្ញុំ​ចេះ​តែ​គេង​ស្រមៃ​ឃើញ​គេ​រហូត​មិន​ថា​យប់​ណា​ទេ អារម្មណ៍​របស់​ខ្ញុំ​នឹក​គេ​ខ្លាំង​ណាស់។ មាន​ថ្ងៃ​មួយ​នាង​បាន​ដួល​ម៉ូតូ​ពី​នៅ​មុខ​ផ្ទះ​ខ្ញុំ ខណៈ​ពេល​ដែល​​ខ្ញុំ​កំពុង​តែ​សរសេរ​កម្មវិធី​ (ភ្លេច​ប្រាប់​ថា​ខ្ញុំ​ជា​អ្នក​អាយធី) ហើយ​ខ្ញុំ​ងាក​ទៅ​ក៏​​ឃើញ​ម៉ូតូ​ របស់​ស្រី​ម្នាក់​ដួល​ដោយ​សារ​តែ​មេឃ​ភ្លៀង​ទើប​នាង​ដួល​ម៉ូតូ​ដូច្នេះ​។

 

 

មិន​បង្អង់​យូរ​ក៏​រត់​ទៅ​ជួយ​គេ​ទាំង​មិន​ទាន់​បាន​បិទ​ Laptop បាន​ស្រួល​បួល​ ពេល​រត់​ទៅ​ដល់​ ខ្ញុំ​ក៏​ជួយ​គ្រាហ៍​​​គេ​មក​មុខ​ផ្ទះ​ខ្ញុំ ​ហើយ​ក៏​ប្រញាប់​រត់​ទៅ​យក​ម៉ូតូ​របស់​គេ​មក​ដាក់​មុខ​ផ្ទះ​ខ្ញុំ។ ​ខ្ញុំ​ក៏​បាន​អោយ​មនុស្ស​ប្រុស​ម្នាក់​ដែល​ជា​អ្នក​ជិត​ខាង​ខ្ញុំ​រត់​ទៅ​ប្រាប់​អ្នក​ផ្ទះ​របស់​នាង​ ​ឯ​​ខ្ញុំ​​​រត់​ចូល​ក្នុង​ផ្ទះ​​​​យក​អាល់កុល​មក​លាប​របួស​លើ​ជើង​របស់​នាង។

 

 

បាន​ប្រហែល​ដប់​នាទី​ម្ដាយ​របស់​នាង​ក៏​បាន​ដើរ​មក​ផ្ទះ​ខ្ញុំ​ព្រម​ទាំង​នាំ​ប្អូន​ស្រី​នាង​មក​ដែរ ហើយ​គាត់​ក៏​បាន​និយាយ​ អរគុណ​ខ្ញុំ​និង​ពឹង​ ឱ្យ​ខ្ញុំ​ ឌុប​នាង​ទៅ​ផ្ទះ​វិញ​ ចាំ​គាត់​ទៅ​តាម​ក្រោយ។

 

 

ស្រឡាញ់​ដូច​គ្នា

(រូបតំណាង)

 

មិន​បង្អង់​យូរ​ខ្ញុំ​ក៏​ទាញ​​ម៉ូតូ​​នាង​រួច​ហើយ​ហៅ​នាង​ឡើង​ម៉ូតូ​ជិះ​ពី​ក្រោយ។​ ប្រហែល​ប្រាំ​នាទី​ខ្ញុំ​ក៏​បាន​មក​ដល់​មុខ​ផ្ទះ​របស់​នាង នាង​ចុះ​ពី​លើ​ម៉ូតូ​រួច​ក៏​ដើរ​បើក​ទ្វារ​ផ្ទះ ខ្ញុំ​ក៏​ជិះ​ម៉ូតូ​ចូល​ដាក់​ក្នុង​ផ្ទះ។ ខ្ញុំ​បម្រុង​និង​លា​នាង​ទៅ​ផ្ទះ​របស់​ខ្ញុំ​វិញ​ហើយ​ តែ​នាង​បាន​ឃាត់​ខ្ញុំ​កុំ​ទាន់​អាល​អោយ​ខ្ញុំ​ទៅ ហើយ​នាង​បាន​ចាក់​ទឹក​មួយ​កែវ​អោយ​ខ្ញុំ​។

 

 

ខ្ញុំ​បាន​សរសើរ​ពី​ផ្ទះ​របស់​នាង​ថា​ស្អាត​ដូច​នាង​អញ្ចឹង នាង​បាន​ត្រឹម​តែ​​សើច​។ ពេល​នោះ​ខ្ញុំ​ក៏​ដាច់​ចិត្ត​ខ្សឹប​សុំ​លេខ​ទូរសព្ទ​នាង​ ម៉ូនីកា​គ្រាន់​តែ​សើច​ ហើយ​ដើរ​ទៅ​បន្ទប់​យក​ប៊ិច​មក​សរសេរ​ដាក់​ក្រដាស​ហើយ​ហុច​មក​អោយ​ខ្ញុំ​។

 

 

ពេល​ហុច​រួច​នាង​រក​និយាយ​ តែ​ម្ដាយ​និង​​ប្អូន​ស្រី​របស់​នាង​ក៏​បាន​មក​ដល់​ល្មម ​ខ្ញុំ​ងើប​ហើយ​ក៏​លា​គាត់​និង​ម៉ូ​នី​កា​មក​ផ្ទះ​វិញ។ ​

 

 

លុះ​​​ដល់​​​ពេល​យប់​ខ្ញុំ​ក៏​បាន​យក​ក្រដាស​នោះ​រួច​យក​ទូរសព្ទ​ ផ្ញើ​សារ​ទៅ​នាង​ ​ថា « Pong Tver ​Ey​ Ning »។ ប្រហែល​ដប់​នាទី​ក្រោយ​​មាន​សារ​របស់​នាង​ផ្ញើ​​មក​វិញ​ថា « Pong Keng » រួច​ពួក​យើង​ក៏​ចាប់​ផ្ដើម​និយាយ​ទូរស័ព្ទ​ជា​មួយ​គ្នា​វិញ​ម្ដង។

 

 

ការ​សន្ទនា​ក៏​បាន​កើត​ឡើង យើង​ក៏​និយាយ​គ្នា​ពីនេះ​ពីនោះ រហូត​ដល់​ចំណុច​មួយ​ខ្ញុំ​ដាច់​ចិត្ត​សួរ​នាង​ថា​នាង​មាន​សង្សារ​ឬ​នៅ​នាង ក៏​ប្រាប់​ថា​មិន​ទាន់​មាន​ទេ។ ដូច្នេះ​ថ្ងៃ​នោះ​ខ្ញុំ​ក៏​បាន​សុំ​នាង​ធ្វើ​សង្សារ​តែ​នាង​បែរ​ជា​និយាយ​ថា « អូន​ក៏​គិត​ចឹង​ដែរ តែ​សុំទោស​ផង អូន​ចង់​បាន​បង​ជា​ប្ដី​របស់​អូន​វិញ»។ ឮ​ហើយ​ខ្ញុំ​អរ​សឹង​តែ​លោត​បាក់​គ្រែ​ចោល​ រហូត​ដល់​ថ្នាក់​ម៉ាក់​ស្រែក​អោយ​ពី​ក្រោម​មក។ នាង​បាន​ឮ​ម៉ាក់​ខ្ញុំ​ស្ដី​អោយ​ក៏​សើច​ មុន​ពេល​ដាក់​ទូរសព្ទ​ចុះ​នាង​​ថែម​ទាំង​បាន​និយាយ​ថា «ចឹង​អូន​គេង​សិន​ហើយ​ណា​លោក​ប្ដី»។ ខ្ញុំ​ក៏​តប​វិញ​ទាំង​រំភើប « បាទ​ប្រពន្ធ​សម្លាញ់»។

 

 

ពួក​យើង​ទាំងពីរ​និយាយ​ឡើង​ផ្អែម​ជាង​ស្ករ​តាំង​ម៉ែ​ទៅ​ទៀត ពេញ​មួយ​យប់​ខ្ញុំ​គេង​មិន​លក់​នោះ​ទេ ខ្ញុំ​បាន​ទាញ​ទូរស័ព្ទ​មក​បើក Facebook ​លេង​ហើយ Search រក​ឈ្មោះ​នាង​រហូត​ដល់​ឃើញ​ទើប​ Add ទៅ។​រហូត​ដល់​ពេល​ព្រឹក​ទើប​នាង​ Confirm រួច​ខ្ញុំ​ក៏​ដាក់ Marriage ក្នុង​ហ្វេសប៊ុក​ជាមួយ​នាង ខ្ញុំ​បាន​ប្រាប់​ម៉ាក់​របស់​ខ្ញុំ​អោយ​គាត់​ចូល​ស្តី​ម៉ូនីកា ​ហើយ​ប៉ា​ម៉ាក់​ម៉ូនីកា​ក៏​មិន​ថា​អ្វី​ដែរ​គាត់​បាន​លើក​កូន​មក​អោយ​ខ្ញុំ​រួច​ពួក​គាត់​ក៏​សម្រេច​ចិត្ត​រើស​ថ្ងៃ​មង្គលការ​អោយ​ពួក​យើង​ទាំង​ពីរ។

 

 

ហើយ​ពួក​យើង​ក៏​បាន​រៀបការ​នឹង​គ្នា​​ខ្ញុំ​ពិត​ជា​អរគុណ​នាង​ខ្លាំង​ណាស់​ដែល​បាន​ធ្វើ​ជា​ប្រពន្ធ​ដ៏​​ល្អ​របស់​ខ្ញុំ​រហូត​មក​៕

 

ចុចអាន៖ ការ​ណាត់​ជួប​ ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ជីវិត​នេះ

ចុចអាន៖ ស្រី​ស្អាត​ជួយ​ដោយ​ស្មោះ មិន​ទទួល​សំណូក​
អត្ថបទ៖ មង្គល

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖
អ៊ីមែល៖ [email protected]
ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូមចុចត្រង់នេះ