រថយន្តកូរ៉ូឡាបើក​លឿន​ពេកជ្រុលបុក​​ខឿន​ផ្លូវ​ក្រោម​ស្ពាន​អាកាស​តិច​ណូ​​​​រង​ការ​ខូចខាត​យ៉ាងដំណំ

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​បាន​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​នឹង​ខឿន​ផ្លូវ​ក្រោម​ដី​នៅ​ស្ពាន​អាកាស​តិច​ណូ​បណ្ដាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២ និង​៤០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ វិច្ឆិកា ​​២០១៥ នៅចំណុច​​​ខាងក្រោម​ស្ពាន​អាកាសតិច​ណូ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួល​គោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក Corolla S ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2R-8416 ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ លេខ២៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​បើក​ចុះ​តាម​ស្ពាន​ក្រោម​ដីក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង រថយន្ត​មិន​ព្រម​បន្ថយល្បឿន​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ខឿន​ខាងស្តាំ​ផ្លូវ​ក្រោម​ដី​នោះ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​បង្ក​ដាក់​កង​មុខ​ផ្នែក​ខាងស្តាំ​ទៅ​លែង​រួច​តែ​ម្តង ។

ទោះជា​យ៉ាងណា​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​មិន​បង្ក​ឱ្យមាន​មនុស្ស​រង​របួស​ឡើយ គ្រាន់តែ​ខូចខាតរថយន្ត​បង្ក​ និង​ខឿន​ផ្លូវ​ក្រោម​ស្ពាន​អាកាស​តិច​ណូ​តែ​ប៉ុណ្ណោះ ៕