កកស្ទះ​ចរាចរណ៍ច្រឡំ​ជាន់​ហ្គែរ​បុក​រះ​រថយន្ត​​៥​​គ្រឿង

រាជធានី​ភ្នំពេញ ៖ រថយន្ត​៥​គ្រឿង​​បុក​បន្ត​​កន្ទុយ​គ្នា ខណៈ​​​​ពេល​ផ្លូវ​កំពុង​តែ​ស្ទះចរាចរណ៍​​ ស្រាប់តែ​​មាន​រថយន្ត​​មួយគ្រឿង​​​ច្រឡំ ជាន់​​​ហ្គែរ​​ថា ​ជា​ហ្វ្រាំង​ជ្រុល​​ទៅ​បុក​បន្ត​គ្នា​ចំនួន​៥​គ្រឿង នៅ​ខាងលិច​រង្វង់​​មូល​ចោម​ចៅ ស្ថិត​ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៩​យប់​​ថ្ងៃ​ទី​២៦ ​វិច្ឆិកា ២០១៥ ។

ប្រភព​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ​ស្ទះ​​ច​រាចរណ៍​តាំងពី​ម៉ោង​៦​​ល្ងាច​រហូត​ដល់​ម៉ោង​៩​យប់​​នោះ ស្រាប់តែ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក់​លេខ ភ្នំពេញ​2AA-3815 កំពុង​តែ​ឈប់​ស្ទះចរាចរណ៍​នោះ​ច្រឡំ​ជាន់​ហ្គែរ​​ថា ​ជា​ហ្វ្រាំង​ជ្រុល​ទៅ​បុក​រថយន្ត​រ៉េវ​ហ្វ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-4923 រុញ​ទៅ​បុក​រថយន្ត​​ពាក់​ស្លាក់​ភ្នំពេញ​2D-1546 រុញ​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក​ភ្នំពេញ 2G-6217 និង​បុក​រថយន្ត​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ 2AC-2656 បណ្តាល​ឱ្យ​​រថយន្ត​ទាំង​៥​គ្រឿង​​រង​ការ​ខូចខាត តែ​មិន​មាន​អ្នក​រង​របួសទេ ។

ក្រោយ​ពេល​កើតហេតុ ​រថយន្ត​បង្ក​ទទួលខុសត្រូវ​ធានា​​សងគ្រប់​រថយន្ត​ដែល​រង​ការ​ខូចខាតទាំង​៤​គ្រឿង​​សរុប​ទាំងអស់​១០៥០​ដុល្លារ​បញ្ចប់រឿង ដោយ​សង​ទៅ​រថយន្ត​រ៉េវ​ហ្វ័​រ​ចំនួន​២៥០​ដុល្លារ រថយន្ត​ហ្វ័​រ​រ៉េនន័​រ​ចំនួន​១៥០​ដុល្លារ រថយន្ត​ឡិច​​ស៊ី​ស​២៥០​ដុល្លារ និង​រថយន្តហ្វ​ត​ចំនួន​៤០០​ដុល្លារ ៕