ជនជាតិ​ទួ​រ​គី​វាយ​បុគ្គលិក​ចាក់​សាំង​ហើយ​វាយ​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាសទៀត

រាជ​ធានីភ្នំពេញ ៖ បុរស​ជនជាតិ​ទួរគី​​​ម្នាក់​ស្រវឹង​ស្រា​វាយ​បុគ្គលិក​ចាក់​សាំង​ស្ថានីយប្រេងឥន្ធនៈ PTT ធ្វើ​ឲ្យ​ផ្អើល​ឆោឡោ​អ្នក​យក​ព័ត៌មាន​ទៅ​ថតរូប​ភាព​ត្រូវ​ស្រី​ស្នេហ៍​របស់​គេ​ដើរ​យក​ទៅ​ទូរស័ព្ទ​ហើយ​បុរស​ជា​ជនជាតិ​អង់គ្លេស​ម្នាក់​ទៀត​បាន​ដើរទៅ​វាយ​អ្នក​យក​ព័ត៌មាន​មួយ​ដៃ​ទៀត ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ និង​៥០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៧ ​វិច្ឆិកា នៅ​មុខ​ស្ថានីយប្រេងឥន្ធនៈ PTT តាម​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​បង្ក​ដែល​ជា​បុរស​ជនជាតិ​ទួ​រ​គី​មាន​អាយុ​ជាង​៣០​ឆ្នាំ ​បើករថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ត្រី​ឆ្លូញ ដឹក​ស្រី​ស្នេហ៍​ជា​ជនជាតិខ្មែរ​ម្នាក់ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងមក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ឈប់​នៅ​មុខ​ស្ថានីយប្រេងឥន្ធនៈ PTT ស្រប​ពេល​នោះ​បុគ្គលិក​ដល់​ម៉ោង​បើកទ្វារ​លក់ដូរ​ក៏​បាន​រុញ​របង​ស្ថានីយ​ទៅ​ប៉ះ​នឹង​រថយន្ត​បន្តិច​ស្រាប់តែ​ជន​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​ទៅ​វាយ​បុគ្គលិក​ចាក់​សាំង​នៅ PTT ចំនួន​៣​ដៃ ក៏​ត្រូវ​បុគ្គលិក​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ភ្លាម​ៗ​នោះអ្នក​យក​ព័ត៌មាន​នៅ​ក្បែរ​នោះ​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ក៏​បាន​ទៅ​ថតរូប​ភាព​ក៏​ត្រូវ​ស្រី​ស្នេហ៍​របស់​ជន​បង្ក​បាន​ដើរទៅ​យក​ទូរស័ព្ទ​របស់​អ្នក​យក​ព័ត៌មាន​ដែល​កំពុង​តែ​ថតរូប​ភាព ចំណែក​ជន​បង្ក​បាន​ដើរទៅ​ពីក្រោយ​វាយ​ក្បាល​អ្នក​យក​ព័ត៌មាន​មួយ​ដៃ​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍ តែ​សមត្ថកិច្ចមិន​ហ៊ាន​ឃាត់​ជន​បង្ក​យក​ទៅ​សាកសួរ​ទេរ​ហូត​ម៉ោង​ជិត​៧​ព្រឹក​ទើប​នាំ​ជន​បង្ក​​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ៕