រឿង​ទាំងនេះ​នឹង​កើតឡើង​នៅ​ពេល​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​

រឿង​ទាំងនេះ​នឹង​កើតឡើង​នៅ​ពេល​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​

​សព្វថ្ងៃនេះ ការ​គេង​គឺមាន​សារៈសំខាន់​ណាស់ ចាប់តាំងពី​ការ​គេង​មិន​គ្រប់គ្រាន់​កំពុងតែ​ក្លាយទៅជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​សង្គម​ដ៏​ទំនើប​នេះ​។ ព្រោះថា នៅពេលដែល​យើង​គេ​ង​បាន​គ្រប់គ្រាន់​ហើយ យើង​នឹង​អាច​មាន​ថាមពល​ឡើងវិញ ដូច្នេះ​យើង​ក៏​នឹង​មាន​ផលិតផល​ការងារ​កាន់តែច្រើន សុខ​ភាព​កាន់តែ​ល្អ និង​អារម្មណ៍​កាន់តែ​ល្អ​ដែរ​។

ក្រុម​អ្នកវិទ្យាសាស្ត្រ​សរសៃប្រសាទ បាន​រកឃើញថា ការ​គេង​មិនបាន​គ្រប់គ្រាន់​អាច​នឹង​ធ្វើឱ្យ​មនុស្ស​ឆេវឆាវ​។ សំណាង​ដែរ រាងកាយ​របស់​យើង​អាច​ជួសជុល​វា​បាន​មក​វិញ​ក្រោយពី​គេង​សង​វិញ​។ ចំណែកឯ​ការសិក្សា​ផ្សេងៗ​ទៀត​បង្ហាញថា ការ​គេង​មិន​គ្រប់គ្រាន់​អាច​រំខាន​ដល់​ហ្សែ​ន​របស់​យើង    ដែរ​។ យ៉ាងណាមិញ ស្ថិត​ក្នុង​ករណី​ដែល​គេង​មិន​គ្រប់គ្រាន់​រយៈពេល​យូរ អ្នកជំងឺ​អាច​នឹង​មាន​បញ្ហា   រយៈពេល​យូរ​ដែរ ដូចជា​៖

មាន​បញ្ហា​នៃ​ការគិត​
ការ​គេង​មិន​គ្រប់​អាច​នាំឱ្យ​មាន​ការសម្រេច​ចិត្ត​ខុស ហេតុផល​មិន​គ្រប់គ្រាន់ ការដោះស្រាយ​បញ្ហា​មាន​ភាពយឺតយ៉ាវ និង​មាន​ប្រតិកម្ម​អ្វីមួយ​កាន់តែ​យឺត​។​

ឡើង​ទម្ងន់​
យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការ​គេង​មិន​គ្រប់​មាន​ទំនាក់ទំនង​នឹង​ការ​ធាត់​។ តាម​ការសិក្សា   រយៈពេល ៣​ឆ្នាំ​លើ​មនុស្ស​ប្រមាណ​ជាង ២១០០០​នាក់​បាន​ឱ្យដឹងថា អ្នក​ដែល​គេង​តិចជាង​៥​ម៉ោង​ក្នុង​មួយ​យប់​គឺ​ងាយ​នឹង​ធាត់​ណាស់ ហើយ​ក៏​ប្រឈម​នឹង​ជំងឺ​ធាត់​ជ្រុល​ខ្លាំង​ផង​ដែរ​។

មាន​ជំងឺ​
ការសិក្សា​បញ្ជាក់ថា ការ​គេង​មិន​គ្រប់គ្រាន់​ងាយ​នឹង​ធ្វើឱ្យ​ពួកគេ​ឈឺ​ខ្លាំងណាស់​។

គ្រោះថ្នាក់​ដល់​បេះដូង​
ការ​គេង​មិន​គ្រប់គ្រាន់​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។

ឆាប់​ភ្លេច​
ការសិក្សា​ខ្លះ​បង្ហាញថា ខួរក្បាល​នឹង​ចងចាំ​អ្វីៗ​ទាំងអស់​ក្នុង​ពេល​កំពុងតែ​គេង ដែល​ជាហេតុ​នាំ​ឱ្យ​ពួកគេ​អាច​នឹកឃើញ​ឡើងវិញ​បាន​យ៉ាង​ងាយ​។ នៅពេល​គេ​គេង​មិន​គ្រប់គ្រាន់ ដូច្នេះ​រាល់​ការនឹកឃើញ​ឡើងវិញ​ក៏​កាន់តែ​ពិបាក​ដែរ​។

ឆាប់​ចាស់​
អ្នក​ដែល​មាន​អាយុ​ចាប់ពី​៣០ ទៅ​៥០​ឆ្នាំ ដែល​គេង​មិន​គ្រប់គ្រាន់ នឹង​មាន​បញ្ហា​ស្បែក​ព្រោះតែ​ស្បែក​ជ្រួញ​កាន់តែខ្លាំង មាន​កន្ទួល​ដោយសារ​ស្បែក​មាន​ភាព​ចាស់ និង​កាត់បន្ថយ​ភាពយឺត​របស់​ស្បែក   ទៀត​។

មិនសូវ​មាន​ចំណង់​ផ្លូវភេទ​
បុរស​ដែល​គេង​តិចជាង​៥​ម៉ោង​គឺ​មាន​ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ទាប​ជាង​អ្នក​ដែល​គេង​ធម្មតា​។ នេះ​ដោយសារ​តែ​របប​អាហារ​សម្រាប់​ផ្លូវភេទ​ថយចុះ ដូច្នេះ​អ័រម៉ូន​ភេទ​នឹង​កាត់បន្ថយ​រហូតដល់​១៥​ភាគរយ​ឯណោះ​។

ប្រឈម​នឹង​ជំងឺមហារីក​កាន់តែខ្លាំង​
ការ​គេង​មិន​គ្រប់គ្រាន់​ក៏​ជាហេតុ​នាំ​ឱ្យ​ប្រឈម​នឹង​ជំងឺ​មហារីក​កាន់តែ​ខ្លាំង​ដែរ​។ ក្នុង​ពេល​សិក្សា អ្នក​ដែល​គេង​ពី​ចាប់ពី​៧​ម៉ោង​ឡើងទៅ​គឺ​ប្រឈម​នឹង​ការស្លាប់​ដោយសារ​មហារីក​កាន់តែ​ទាប​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។