រណ្តៅរ៉ែមាសជ្រៅៗ នៅខេត្តមណ្ឌលគិរី កំពុងរំលោភច្បាប់ អនុញ្ញាតក្រុមអាជ្ញាធរ មើលរំលង

មណ្ឌលគិរី៖ ថៅកែរណ្តៅមាសជាច្រើនរណ្តៅនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលគេអះអាងថា មានអ្នកកាងក្រោយខ្នង (ខ្សែ) អាចមានភាគហ៊ុនជាមួយមន្រ្តីធំៗនៅខេត្តនេះផង កំពុងបន្តដាក់ម៉ាស៊ីនខួងរណ្តៅ ជ្រៅៗរហូតដល់ជំរៅរាប់រយម៉ែត្រ និង ដាក់រំសេវជាតិផ្ទុះយ៉ាងអនាធិបតេយ្យ មានទាំងជនបរទេសជាច្រើន ប្រ ទេសមានដូចជា វៀតណាម និងចិនជាដើម កំពុងធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងខាងមន្រ្តីជំនាញ និង អាជ្ញាធរ ខេត្តមិនខ្ចីឈឺក្បាលគិតគូរចាត់វិធានការឡើយ។

តាមប្រភពពីក្រុមប្រជាពលរដ្ឋនៅក្នុងតំបន់នោះនិយាយថា បើទោះបីច្បាប់អនុញ្ញាត្តបានអនុញ្ញាតដល់សហគមន៍ ឃុំចុងផ្លាស់អនុញ្ញាតឱ្យជីករណ្តៅពីមាត់ដីទៅក្រោមតែត្រឹម២០ម៉ែត្រប៉ុណ្ណោះជាមួយនិងការប្រើប្រាស់គ្រឿងបំផ្ទុះមិនគោរពតាមគោលការណ៍ច្បាប់ឡើយ។ បញ្ហានេះក៏មានដាក់ការសង្ស័យថាមានមន្រ្តីក្នុងអង្គភាពមានសមត្ថកិច្ច មួយចំនួនក្នុងខេត្តនេះ នាំយករំសេវជាតិផ្ទុះទៅធ្វើអាជីវកម្មទីនោះទៀតផង ព្រោះប្រជាពលរដ្ឋនិយាយថា កាលពី មួយរយៈពេលមុនៗគ្រឿងបំផ្ទុះមានក្រុមឈ្មួញ ដែលជាមន្រ្តីមានអំណាចនៅខេត្តនេះដឹកជញ្ជូនឆ្លងកាត់នៅតំបន់ នេះ ចូលទៅកាន់ឃុំចុងផ្លាស់មានចំនួនច្រើនតោនទៀតផង។

ប្រជាពលរដ្ឋបានបន្តទៀតថា រៀងរាល់ថ្ងៃពួកគាត់បានសម្តែងនៅការព្រួយបារម្ភអំពីស្នូរបំផ្ទុះគ្រាប់រំសេវសម្រាប់បំ បែកផ្ទាំងរ៉ែរង្គើរព្រះធរណីគ្មានខ្លាចញញើតច្បាប់ដោយសារតែប្រយោជន៍ផ្ទាល់។

ប្រភពបានបន្ថែមទៀតថា ម្ចាស់ រណ្តៅ ដែលមានជំរៅជ្រៅៗនៅតំបន់នោះ មានឈ្មោះលោក លាត លឹមគុន ជា តួនាទីជាមេឃុំចុងផ្លាស់ លោក តែ គឹមសាន លោក លឹម ជាប្រធានសហគមន៍ លោក ឌី នៅមានរណ្តៅជាច្រើន ទៀត។

ទាក់ទងករណីខាងលើ លោក តែ គឹមសាន នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកបានបញ្ជាក់ថា ចំពោះ ជនជាតិចិន និង ជនជាតិវៀតណាម មានពិតប្រាកដមែនតែពួកគេមកធ្វើជាកម្មករជំនាញ រីឯខាងគ្រឿងបំផ្ទុះ លោកមិនបានបរិយាយឡើយ។

លោក លាត លឹម គុន មេឃុំនៅទីនោះ កំពុងធ្វើអាជីវកម្មផងដែរនោះ មិនអាចទាក់សុំការបំភ្លឺបានទេថ្ងៃនេះ។ លោក លឹម ប្រធានសហគមន៍រ៉ែមាសឃុំចុងផ្លាស់នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ៣ និង ៣៩នាទីរសៀលនេះ លោកថាជាប់រវល់ប្រពន្ធឈឺនៅស្រុក។

លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលករណីនេះ លោកក៏មានការសង្ស័យថា អាចថៅកែរណ្តៅទាំងនោះ ធ្វើអាជីវកម្មខុសទៅ និងច្បាប់តែលោកបានបញ្ជាក់ថា គ្មាននណាម្នាក់ហ៊ានចុះវាស់វែងនៅក្នុងរណ្តៅនោះទេ លោកបានបញ្ជាក់ចុងក្រោយថា បើសិនខាងមន្រ្តីជំនាញរបស់លោកធ្វើការស្រាវជ្រាវរកឃើញថា មានការធ្វើអាជីវកម្មខុសទៅនិងច្បាប់អនុញ្ញាតលោកផ្ទាល់អាចធ្វើការលុបច្បាប់នេះចោល។

មន្រ្តីសាលាខេត្តមណ្ឌលគិរី សូមមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ថា ករណីរ៉ែមាសនៅឃុំចុងផ្លាស់នេះ គេបាន ដឹងថា ខាងមន្រ្តីជំនាញ និងលោកអភិបាលខេត្តតែងតែអញ្ជើញចុះទៅពិនិត្យជាច្រើនលើកច្រើនសារនៅទីនោះ ដោយឡែករឿងខុសច្បាប់ឬត្រូវច្បាប់យ៉ាងណានោះគ្មាននណាដឹងឡើយ៕

រណ្តៅរ៉ែមាសជ្រៅៗ នៅខេត្តមណ្ឌលគិរី កំពុងរំលោភច្បាប់ អនុញ្ញាតក្រុមអាជ្ញាធរ មើលរំលង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត