ភាពយន្តឯកសារ០៩រឿងស្តីពីការវិត្តន៏នៃសង្គមកម្ពុជានឹងចាក់បញ្ចាំងជាសាធារណៈនៅថ្ងៃទី០៤ខែធ្នូខាងមុខ

ភាពយន្តឯកសារ០៩រឿងស្តីពីការវិត្តន៏នៃសង្គមកម្ពុជានឹងចាក់បញ្ចាំងជាសាធារណៈនៅថ្ងៃទី០៤ខែធ្នូខាងមុខ
ភ្នំពេញ៖ ខ្សែភាពយន្តឯកសារចំនួន ០៩រឿង ដែលផលិតដោយនិស្សិតឆ្នាំទីបី ជំនាន់ទី១២ របស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងត្រូវចាក់បញ្ចាំងជាសាធារណៈនៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។ ខ្សែភាពយន្តឯកសារនៃគម្រោង “Project 3” ផ្តោតសំខាន់លើតថភាព និងការវិត្តន៏នៃសង្គមកម្ពុជារួមមាន:        វិស័យ សេដ្ឋកិច្ច នយោបាយ វប្បធម៏ ការអប់រំ  ភាពចម្រូង ចម្រាស និង ជាពិសេសការផ្សារភ្ជាប់ការរស់នៅរបស់ប្រជាជនកម្ពុជា ពីជំនាន់មួយទៅជំនាន់មួយទៀតក្នុងទិសដៅធ្វើការផ្សះផ្សារតាមរយៈការយល់ដឹងពីប្រវត្តិសាស្រ្ត។
Project 3 គឺជាគម្រោងប្រចាំឆ្នាំក្រោមកិច្ចសហការរវាង DMC និងGIZ។ ដែលគម្រោងនេះបានផ្តល់ឪកាសដល់និស្សិតឆ្នាំទី៣ទាំងអស់អាចយកទ្រឹស្តីដែលខ្លួនបានសិក្សា ទៅអនុវត្តជាក់ស្តែងស្របតាមវិជ្ជាជីវៈដូចជា ការសរសេរ ថត និងកាត់តភាពយន្តឯកសារទាំងនេះ បន្ទាប់ពីពួកគេបានបញ្ចប់វគ្គសិក្សាស្តីពីការផលិតព័ត៌មានសោតទស្សន៍នៅក្នុងឆ្នាំ ២០១៥។ 
រាល់ខ្សែភាពយន្តឯកសារទាំង០៩ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ ដោយសាស្ត្រាចារ្យ ដែលមានបទពិសោធន៍ផ្នែកភាពយន្តឯកសារ ដើម្បីធានាថាសាច់រឿងទាំងអស់នោះ មិនមានភាពលំអៀង។ ខ្សែភាពយន្តមួយចំនួនក៏បានដាក់បញ្ចូលសម្លេងអធិប្បាយ ដើម្បីបន្ថែមព័ត៌មានឲ្យកាន់តែលំអិត និងច្បាស់លាស់សម្រាប់អ្នកទស្សនា។ 
សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៤កន្លងទៅ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បានដាក់សម្ពោធខ្សែភាពយន្តឯកសារចំនួន០៩រឿងផ្សេងៗទៀតស្ថិតក្រោមគម្រោង “កម្ពុជា មិនបញ្ចេញយោបល់ វគ្គទី៣” ឬ “No Comment Cambodia Part III”៕
ដោយ៖ ស៊ាវ ឈាន