គយ​នាយកដ្ឋាន​ចាប់​រថយន្ត​យី​ឌុប​ដឹកឈើ​ធ្នង់​បំរុង​ឆ្លងដែន

​ដោយ​៖​ភួង ផុន​

​ខេត្តរតនគិរី​៖​រថយន្ត​យី​ឌុប ដឹកឈើ​ប្រណីត​មួយគ្រឿង​រត់ការ​យ៉ាង​ស្អាត ធ្វើដំណើរ​ជិត​ឆ្លងដែន​ផុត​ទៅហើយ ត្រូវបាន​គយ​នាយកដ្ឋាន​ចុះបង្ក្រាប អូស​ត្រឡប់​វិល​ចូលមកក្នុង​ខេត្ត​វិញ​។​

   ហេតុការណ៍​បង្ក្រាប​នេះ ធ្វើ​ឡើ​នៅ​វេ​ល​ម៉ោង​៨.១៥​នាទី យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៧៨ ស្ថិតនៅ​ភូមិ ប៉ក់​ធំ ឃុំ ប៉ក់​ញៃ ស្រុក អូ​រយ៉ា​ដាវ ខេត្តរតនគិរី ជិត​ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ​។ ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ដោយ​លោក ព្រាប គា​រ៉ា​ត ជំនួយការ​នាយកដ្ឋាន​ស្រាវជ្រាវ បង្ក្រាប​អំពើ​គេចពន្ធ សហការ​ជាមួយ​កម្លាំង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ខណៈពេល​រថយន្ត​នោះ​បំរុង​ឆ្លងដែន ចូលទៅ​ប្រទេស​វៀតណាម​ទៅហើយ​។ រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត​នោះ មាន​ទ្រុង​ពណ៌ ខៀវ ក្បាល​ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A.0053 ។​

    បើ​យោ​យ​តាម​ការ​អោយដឹងពី​លោក ព្រាប គា​រ៉ា​ត តាម​ទូរស័ព្ទ​ថា ដោយមាន​ភ្នា​ក់​គយ​ចល័ត រាយការណ៍ ទើប​លោក​ដឹកនាំ​កម្លាំង ចុះមក​បង្ក្រាប​តែម្ដង​។ លោក​បាន​បញ្ជាក់ទៀតថា មុននឹង​រថយន្ត​ល្មើស​នេះ​ចេញដំណើរ គឺ​គេ​បាន​រតការ​រួច​អស់​ទៅហើយ ចំណែក​ការបង្ក្រាប​របស់លោក មិនមែន​បង្ក្រាប​បទល្មើស​ឈើ​ទេ គឺ​លោក​បង្ក្រាប​ទំនិញ គេចពន្ធ​។​

   បច្ចុប្បន្ន រថយន្ត ព្រមទាំង​ឈើ ត្រូវបាន​យកមក​រក្សាទុក នៅ​សាខាគយ និង​រដ្ឋ​ករ ខេត្តរតនគិរី ដើម្បី​ចាត់វិធានការ​បន្ត​។​

    គួរ​បញ្ជាក់ថា ជំនាញ​គយ គឺ​បង្ក្រាប​រាល់​ទំនិញគេចពន្ធ មិន​ថា​ឈើ មិន​ថា​ទំនិញ​អ្វី ផ្សេងៗ ទៀត​ទេ អោយតែ​បង់ពន្ធ​រួច គឺ​ចប់​ភារកិច្ច​របស់លោក​ហើយ  ចំណែក​ទំនិញ​ល្មើសច្បាប់​ផ្សេងទៀត ស្រេច​តែ​ជំនាញ​គេ​ចាត់ការ​ទៅ​ចុះ​។ ក៏ប៉ុន្តែ ឈើ​ដែល​គេ ឃើញ​នៅ​ច្រករបៀង ជិត​ទីតាំង​គយ​ឈរជើង និង​ឈើ​ដឹក​តាម​សាំ​យុង ចេញ​តាម​ច្រក ជា​រៀងរាល់​ថ្ងៃនោះ គេ​មិនដឹងថា​ជំនាញ​គយ​ចល័ត និង​គយ​ច្រកទ្វារ​បាន​បង់ពន្ធ ត្រឹមត្រូវ​ហើយ ឬ​អត់​ទេ បានជា​ឈើ​ទាំងនោះ​ចរាចរណ៍​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ​ដូច្នេះ​៕

គយ​នាយកដ្ឋាន​ចាប់​រថយន្ត​យី​ឌុប​ដឹកឈើ​ធ្នង់​បំរុង​ឆ្លងដែន
គយ​នាយកដ្ឋាន​ចាប់​រថយន្ត​យី​ឌុប​ដឹកឈើ​ធ្នង់​បំរុង​ឆ្លងដែន
គយ​នាយកដ្ឋាន​ចាប់​រថយន្ត​យី​ឌុប​ដឹកឈើ​ធ្នង់​បំរុង​ឆ្លងដែន