តាវមិញស៊ឺ ជិត​ចូល​រោងការ​ជាមួយ​មិត្ត​ស្រី​ថ្មី?

តាវមិញស៊ឺ ជិត​ចូល​រោងការ​ជាមួយ​មិត្ត​ស្រី​ថ្មី?

បន្ទាប់​ពី​ទទួល​បាន​ប្រជាប្រិយ​យ៉ាង​ខ្លាំង​នៅ​បណ្ដា​ប្រទេស​អាស៊ី​តាម​រយៈ​រឿង​ភាគ​ល្បី​ល្បាញ​របស់​​តៃវ៉ាន់ “ស្នេហា​បួន​ដួង” (Meteor Garden) កាល​ពី ១៥ ឆ្នាំ​មុន មក​ដល់​ពេល​នេះ​សមាជិក​របស់​ក្រុម F4 គឺ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​វ័យ ៣០ ប្លាយ​ទាំង​អស់ ហើយ​ក៏​ដល់​វេលា​មួយ​ដែល​ពួក​គេ​គិត​គូរ​ដល់​រឿង​ចាប់​ផ្ដើម​គ្រួសារ​ផ្ទាល់​ខ្លួន​ផង​ដែរ។

 

តាវមិញស៊ឺ ជិត​ចូល​រោងការ​ជាមួយ​មិត្ត​ស្រី​ថ្មី?
 

ថ្មី​ៗ​នេះ គួចាឡឺយ Vic Zhou ទើប​តែ​ប្រកាស​ពី​គម្រោង​រៀបការ​ជាមួយ​មិត្ត​ស្រី​យូរ​ឆ្នាំ Reen Yu កាល​ពី​ថ្ងៃ ១០ ខែ​វិច្ឆិកា។ រីឯ​ម៉ីជូ Vannes Wu បាន​រៀបការ​ក្នុង​ឆ្នាំ ២០១៣។ នៅ​ខណៈ​នេះ​ដែរ មាន​ពាក្យ​ចចាមអារ៉ាម​បាន​លើក​ឡើង​ថា Jerry Yan នឹង​​ក្លាយ​ជា​សមាជិក​បន្ទាប់​របស់ F4 ចូល​រោងការ​នៅ​ពេល​ខាង​មុខ។ តារា​សម្ដែង​វ័យ ៣៨ ឆ្នាំ​ត្រូវ​បាន​គេ​ថត​បាន​ពេល​ទៅ​សម្រាក​លំហែ​កាយ​​ជាមួយ​មិត្ត​ស្រី​​តារា​ម៉ូដែល Seanna Chang។

 

កាល​ពី​ខែ​កក្កដា Jerry ត្រូវ​បាន​អ្នក​កាសែត​ថត​បានពេល​​កំពុង​ទិញ​ឥវ៉ាន់​នៅ​ហាង​នំ​មួយ​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក។ នៅ​​ពេល​នោះ​ដែរ តាម​រយៈ​បណ្ដាញ​សង្គម​ គេ​បាន​ដឹង​ថា Seanna ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។ មួយ​ខែ​ក្រោយ​មក Jerry Yan បាន​ចូល​រួម​ក្នុង​កម្មវិធី​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន។ ជា​ថ្មី​ម្ដង​ទៀត Seanna ក៏​មាន​មុខ​នៅ​ទី​នោះ​ដែរ។ តារា​ម៉ូដែល​រូប​នេះ​ព្រម​ទាំង​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​ទៀត​ថា៖ “មាន​មិត្តភ័ក្ដិ​ជាច្រើន​កំពុង​លំហែ​កាយ​នៅ​ជប៉ុន​ក្នុង​ឆ្នាំ​នេះ”។

 

តាវមិញស៊ឺ ជិត​ចូល​រោងការ​ជាមួយ​មិត្ត​ស្រី​ថ្មី?

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ថត​បាន​ឡើង​ឡាន​តែ​មួយ

 

លើស​ពី​នេះ​ទៅ​ទៀត Jerry បាន​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ថា៖ “កាល​ពី​មុន ខ្ញុំ​មិន​មែន​ជា​មនុស្ស​ចាស់​ទុំ​ម្នាក់ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​យក​ចិត្ត​ដាក់​ចំពោះ​រឿង​ស្នេហា​ជាង​មុន”។ តារា​សម្ដែង​រូប​នេះ​ក៏​បាន​សរសើរ​​តារា​ចម្រៀង Jay Chou ដែល​បាន​រក​ឃើញ​ដៃគូ​ជីវិត​របស់​ខ្លួន ហើយ​លោក​បាន​យក​តារា​ចម្រៀង​មួយ​នេះ​ជា​គំរូ​របស់​ខ្លួន។ តាម​រយៈ​ពាក្យ​សម្ដី​ទាំង​នេះ មើល​ទៅ​តួ​រឿង “ស្នេហា​បួន​ដួង” ក៏​មាន​បំណង​ចង់​ចូល​រោង​ការ​ដែរ​ហើយ។

 

គេ​មិន​ច្បាស់​ថា​តើ Jerry និង Seanna ចាប់​ផ្ដើម​ស្រលាញ់​តាំង​ពី​ពេល​ណា តែ​ចំណង​ស្នេហា​របស់​ពួក​គេ​ត្រូវ​បាន​គេ​លើក​ឡើង​នៅ​ពេល​អ្នក​ទាំង​ពីរ​ត្រូវ​ក្រុម​អ្នក​ប្រមាញ់​រូបថត​ផ្ដិត​បាន​ទៅ​ច្រៀង​ខារ៉ាអូខេ​ហើយ​ឡើង​ជិះ​ឡាន​តែ​មួយ​ជាមួយ​គ្នា​នៅ​យប់​អធ្រាត្រ។ មួយ​ខែ​ក្រោយ​មក​ក្រោយ​ពេល​រូប​របស់​តារា​ទាំង​ពីរ​ត្រូវ​ចុះ​ផ្សាយ​ Seanna បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ប្រុស Tang Kou Chang ដែល​ក៏​​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់ Jerry ដែរ៕

 

ចុចអាន៖តួ​រឿង “The Moon Embrace The Sun” មាន​ផ្ទៃ​ពោះ​កូន​ទី​ពីរ ​ក្រោយ​ការ​១០​ឆ្នាំ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖jaynestars