ផលប៉ះពាល់ និង​វិធីសាស្ត្រ​ក្នុងការ​ថែរក្សា ធ្មេញ​ទន្សាយ

សុខភាព : ស្នាមញញឹម​ដ៏​ស្រស់ស្អាត ពិត​ជាមាន​សារសំខាន់ ក្នុង​ការលើក​សម្រស់រ​បស់​អ្នក ឲ្យ​មាន​ភាព​ទាក់ទាញ​។ ធ្មេញ​ទន្សាយ គឺជា​ធ្មេញ​មួយ​ប្រភេទ ដែល​កំពុង​ទទួលបាន​ការពេញនិយម ​អំពី​សំណាក់​យុ​វ័យ​សម័យថ្មី ប៉ុន្ដែ​មិនមែន​មានន័យថា មនុស្ស​គ្រប់គ្នា​សុទ្ធតែ ត​ធ្មេញ​ទន្សាយ​បាន​ស្រស់ស្អាត​នោះទេ គឺ​វា​អាស្រ័យ​លើ​បច្ចេកទេស​ទំនើប​របស់​គ្រូពេទ្យ​ជំនាញ​ខាង​ធ្មេញ និង​ស្ថានភាព​ធ្មេញ​ផ្ទាល់​។​

​ធ្មេញ​ទន្សាយ ដែល​ត​មិនត្រូវ​ក្បួនខ្នាត ធ្វើឱ្យ​ធ្មេញ​ដែល​ត​ឆាប់​ស្រៀវ នៅពេល​ប៉ះ​ទឹក​ក្ដៅ ទឹក​ត្រជាក់ ឬ​ប៉ះ​នឹង​កម្ទេច​ចំណីអាហារ​ផ្សេងៗ ម្យ៉ាងទៀត ប្រសិនបើ​អ្នក​ដក​ធ្មេញ​ទន្សាយ​នោះ​ចេញ អ្នកនឹង​ឃើញ​ធ្មេញ​កំណើត​ខ្លី​ហើយ​តូច មិន​សមជា​មួយ​ធ្មេញ​ដទៃទៀត​ឡើយ​។ នៅពេល​ទទួលទាន​អាហារ អ្នក​មិនអាច​ទំពារ​ចំ​ធ្មេញ​ទន្សាយ ដែល​ត​នោះបានទេ ព្រោះ​អាចធ្វើឱ្យ​ធ្មេញ​បែក និង​ឈឺ​ទៀតផង​។​

​ករណី​មួយចំនួន បន្ទាប់ពី​ត​បាន​១ ឬ​២​សប្ដាហ៍ អាចធ្វើឱ្យ​អញ្ចាញ​របស់​អ្នក​ហើម ហើយ​ឡើង​ក្រហម​។ ករណីនេះ បើ​អ្នក​មិន​ទៅ​ជួប​អ្នកជំនាញ ឲ្យ​បាន​ទាន់ពេល​នោះទេ វា​នឹង​អាច​កើតជា​ខ្ទុះ ឬ​ដំបៅ​។ ដូច្នេះ វិធីសាស្ត្រ​ងាយៗ ក្នុងការ​ថែរក្សា​ធ្មេញ​ទន្សាយ ឲ្យ​បាន​មាំ និង​មាន​សុខភាព​ល្អ អ្នក​ត្រូវ​សម្អាត​ធ្មេញ​ជាប្រចាំ​ក្នុង​មួយថ្ងៃ​២​ទៅ​៣​ដង ជាពិសេស នៅក្រោយពេល​ទទួលទាន​អាហារ និង​ក្រោកពីដំណេក​។​

​សូម​ជ្រើសរើស ថ្នាំដុសធ្មេញ ទឹក​ខ្ពុរមាត់ ដែលមាន​គុណភាព​ល្អ មកប្រើប្រាស់​។ ចំពោះ​ការ​ទំពា​អាហារ គួរ​ទំពា​ថ្នមៗ ប្រសិនបើ​ចង់​ប្រើ​ធ្មេញ​ទន្សាយ​បានយូរ​អង្វែង​។ អ្នក​គប្បី​ទៅពិនិត្យ​សុខភាព​ធ្មេញ និង​ជួប​អ្នកជំនាញ ប្រសិនបើ​មាន​បញ្ហា​អ្វី​កើតឡើង ចំពោះ​ធ្មេញ ឬ​អញ្ចាញ ចៀសវាង​ការប្រើ​ថ្នាំ ដែល​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​៕

ផលប៉ះពាល់ និង​វិធីសាស្ត្រ​ក្នុងការ​ថែរក្សា ធ្មេញ​ទន្សាយ