ជម្រើស​ជាតិ​​រត់​ប្រណាំង​ជន​ពិកា​​កម្ពុជា​ត្រៀម​ខ្លួន​ដណ្ដើម​មេដាយ​​នៅ ​SEA Para Game ​ឆ្នាំ​នេះ

ជម្រើស​ជាតិ​​រត់​ប្រណាំង​ជន​ពិកា​​កម្ពុជា​ត្រៀម​ខ្លួន​ដណ្ដើម​មេដាយ​​នៅ ​SEA Para Game ​ឆ្នាំ​នេះ

​ក្រុម​កីឡាករ​ជម្រើស​ជាតិអត្តពលកម្ម​ជន​ពិកា​កម្ពុជា​បាន​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​សកម្ម​​​ ដើម្បី​ត្រៀម​ខ្លួន​ដណ្ដើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ SEA Para Games​ ​នៅ​ប្រទេស​​សិង្ហបុរី ​នា​ខែ​ធ្នូ​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ។

 

ជម្រើស​ជាតិ​​រត់​ប្រណាំង​ជន​ពិកា​​កម្ពុជា​ត្រៀម​ខ្លួន​ដណ្ដើម​មេដាយ​​នៅ ​SEA Para Game ​ឆ្នាំ​នេះ

កីឡា​ករ​ជនពិកាជម្រើស​ជាតិ​កម្ពុជា

 

​លោក ជួង សារ៉េត គ្រូ​បង្ហាត់​កីឡា​រត់​ប្រណាំង​ជន​ពិកា​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​កូន​សិស្ស​របស់​លោក​ឆ្នាំ​នេះ​បាន​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​​តាំង​ពី​ខែ​​តុលា មក​ម្ល៉េះ​​ដើម្បី​​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​នឹង​ប្រទេស​ចំនួន ១០​​ក្នុង​តំបន់​អាស៊ាន​ក្នុង​កម្ម​វិធី​ខាង​លើ​នេះ។ ​ឆ្នាំ​នេះ​លោក​មាន​ទំនុក​ចិត្ត​ខ្ពស់​​​ក្នុង​ការ​​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ។

 

​គ្រូ​បង្ហាត់​រូប​​នេះ​បន្ត​ថា​​ ក្នុង​​មួយ​ថ្ងៃ​​ហ្វឹកហាត់​ចំនួន ពីរ​ពេល​គឺ​ព្រឹក​​ចាប់​ពី​ម៉ោង៦ដល់​ម៉ោង៩ និង​រសៀល​ចាប់​ពី​ម៉ោង២ ដល់​ម៉ោង​៥។ ​សម្រាប់​ល្បឿន​​បច្ចេកទេសពួកគេ​​ទាំង​អស់​ ​ថិត​ក្នុង​​កម្រិត​មួយ​ដែល​អាច​​ប្រកួត​ប្រជែង​នឹង​ប្រទេស​ដទៃ​បាន ​​ថែម​ទាំង​មាន​ការ​អំណត់​​​ក្នុង​ខ្លួន​សម្រាប់​កម្ម​វិធី​ប្រកួត​ឆ្នាំ​នេះ​។

 

លោក ជួង សារ៉េត​ បាន​និយាយ​ថា៖ «​ឆ្នាំ​នេះ​យើង​សង្ឃឹម​បាន​មេដាយ​មិន​ថា​មាស ប្រាក់​ ឬ​សំរឹទ្ធ​។ កូន​សិស្ស​របស់​ខ្ញុំ​ប្រឹង​ប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ ថែម​ទាំង​មាន​ការ​តាំង​ចិត្ត​​ខ្ពស់​​ក្នុង​ការ​ដណ្ដើម​មេដាយ​ទៀត​ផង​»។

 

ក្រុម​កីឡាករ​​អត្តពលកម្ម​​ជម្រើស​ជាតិ​ជន​ពិកា​កម្ពុជា​ នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី ដើម្បី​ប្រកួត​ក្នុង​កម្ម​វិធី​ខាង​លើ​នា​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ ក្រោយ​ចប់​ភារកិច្ច​​ពួក​គេ​នឹង​ត្រឡប់​មក​មាតុភូមិ​កំណើត​វិញ​នា​ថ្ងៃ​ទី៩ ខែ​ធ្នូ ឆ្នាំ​២០១៥៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​