អ្នក​ចាប់​បាន​បាច់​ផ្កា​ពី​កូន​កំលោះ-ក្រមុំ នឹង​ឆាប់​​រៀបការ​មែន?


អ្នក​ចាប់​បាន​បាច់​ផ្កា​ពី​កូន​កំលោះ-ក្រមុំ នឹង​ឆាប់​​រៀបការ​មែន?

ក្នុង​ពិធី​កាត់​ផ្លែឈើ ឬ​​កាត់​នំក្នុង​ពិធី​មង្គលការ គេ​សង្កេត​ឃើញ​ថា កូន​កំលោះ​កូន​ក្រមុំ តែងតែ​​​បែរ​ខ្នង​​បោះ​ចាច់​ផ្កា ទៅ​កាន់​ភ្ញៀវ​កិត្តិយស។ ការ​បោះ​បាច់​ផ្ដា ត្រូវ​​គេ​​ជឿ​ថា​បើ​នរណា​ម្នាក់​ ចាប់​បាន​ហើយ​នោះ អ្នក​នោះ​ឯង​នឹង​ជួប​គូព្រេង ឬ​នឹងមាន​ដំណឹង​​​​រៀប​ការ​​ក្នុង​ពេល​ឆាប់ៗ។

 

អ្នក​ចាប់​បាន​បាច់​ផ្កា​ពី​កូន​កំលោះ-ក្រមុំ នឹង​ឆាប់​​រៀបការ​មែន?( រូប​តំណាង)

 

ពិធី​ការិនី​រៀប​ចំ​​ពិធី​កាត់​នំ ​ក្នុង​ពិធី​មង្គលការ កញ្ញា រីយ៉ា បាន​និយាយ​ថា ការ​បោះ​បាច់​ផ្ដា​កំពុង​​ពេញ​និយម​​ក្នុង​​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន។ នារី​​រាង​តូច​ច្រឡឹង​ពោល​​ឡើង​ថា ចាច់​ផ្កា​នេះ គឺ​សម្រាប់​តែ​អ្នក​​មិន​ទាន់​មាន​គូ​ប៉ុណ្ណោះ ហើយ​បើ​តាម​ដឹង អ្នក​​ដែល​ចាប់​បាន​នឹង​ឆាប់​មាន​គូ។

 

“ឱ្យ​អ្នក​មិន​ទាន់​មាន​គូ​ ឆាប់​មាន​គូ​នឹង​គេ ព្រោះ​បាន​ផ្កា​ជ័យ​សិរីសួស្ដី ពី​គូស្នេហ៍​ថ្មោងថ្មី”។ រីយ៉ា បញ្ជាក់។ “តែ​ខ្ញុំ​មិន​សូវ​ជឿ​ទេ​បង”។

 

បើ​ទោះបី​ចាប់​បាន​ផ្កា​ពី​កូន​កំលោះ​​កូន​ក្រមុំ​ ក្នុង​ពេល​ថ្មីៗ​នេះ​ក្ដីលោក វណ្ណ វិបុល មិន​បាន​ជឿ​​លើ​​ចំណុច​នេះឡើយ ហើយ​​លើក​ឡើង​ថា ការ​ចូល​រួម​ចាប់​បាច់​ផ្កា គ្រាន់​ជា​ការ​បង្កើត​កម្មវិធី​ឱ្យ​សប្បាយ​រីករាយ​ ដល់គូ​​​ស្វាមីភរិយា​ថ្មី​​ប៉ុណ្ណោះ។

 

លោក​​រៀបរាប់​ថា ៖ “រឿង​គូ​ស្រករ​អាស្រ័យ​លើ​យើង​ជា​អ្នក​កំណត់​ប៉ុណ្ណោះ។ ឧទាហរណ៍គូស្នេហ៍​ កំពុង​រៀបការ​ជាដើម ជួន​កាល​ពួកគេ អាច​នឹង​មិន​ដែល​ចាប់​បាន​ផ្កា​ផង ប៉ុន្តែ​ស្រាប់​តែ​បាន​រៀបការ ប៉ុន្តែ​មិន​បាន​ន័យ​ថា ហាម​មិន​ឱ្យ​គេ​ធ្វើ​​ដែរ”។

 

ចំណែក​ កញ្ញា មែន កនិដ្ឋា បាន​​បង្ហើប​ឱ្យដឹង​​ដែរ​ថា អ្នក​ដែល​ទទួល​បាន​បាច់​ផ្កា ពី​កូនកំលោះ​កូនក្រមុំ ជា​រឿង​មង្គល​ល្អ ព្រោះ​គេ​​ថា​នឹង​ជិត​មាន​គូ​ស្នេហ៍ និង​បាន​ដំណឹង​រៀបការ​ឆាប់ៗ។ រីឯ​អ្នកមាន​គូ​ហើយ កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល។

 

កញ្ញា​បាន​លាតត្រដាង​ឱ្យ​ដឹង​ថា ៖ “សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​មិន​ជឿ​រឿង​គូ​អី​នោះ​ទេ ព្រោះ​ថា​ក្រោយ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​ផ្កា ២​ខែ​ក្រោយ​​មក ខ្ញុំ​ក៏​បែក​គ្នា​ជាមួយ​សង្សារ​របស់ខ្ញុំ…ឥលូវ ២ឆ្នាំ​ហើយ​គ្មាន​ឃើញ​គូ​ស្អី​ផង”។

 

ស្ត្រី​មានដើមកំណើត​​នៅ​ភ្នំពេញ​​វ័យ ​២៣​ ឆ្នាំ​​បន្ត​​​ទៀត​ថា ការ​ទទួល​ផ្កា​ពី​គូ​ស្វាមីភរិយា​ថ្មី ​គ្រាន់​តែ​ជា​ការ​ជូនពរ​ឱ្យ​អ្នកនោះ ​មាន​ស្នាម​ញញឹម និង​ក្ដី​សុខ​ក្នុង​ជីវិត​គូ មិន​មែន​ជួប​គូ​ឬ​ការ​ឆាប់ៗ​នោះ​ទេ។

 

គ្រូ​ហោរា​ចិន​ប្រចាំ​ក្រុង​ភ្នំពេញ កុក ឡុង បាន​បកស្រាយ​ថា បើ​បុរស​នារី​ណា​ទទួល​បាន​បាច់​ផ្កា​ អ្នក​នោះ​នឹង​មាន​សំណាង បាន​​​​ឆាប់​មាន​គូ និង​ឆាប់​ការ ហើយ​បាន​អាំងប៉ាវ​​ ដែល​មាន​ក្នុ​ង​បាច់​ផ្កា​ផង​ដែរ។ បន្ថែម​ពី​នេះ វា​ជា​កម្មវិធី​មួយ​​ដើម្បី​ឱ្យ​មាន​បរិយាកាស​រីករាយ ក្នុង​ពិធី​មង្គលការ។

 

លោក​គ្រូ​វ័យ ៦៦ ឆ្នាំ​បន្ថែម​ថា ៖ “…កម្មវិធី​ហ្នឹង​យក​តាម​អឺរ៉ុប ពី​មុន​ចិន​ខ្មែរ​អត់​មាន​ទេ ឥលូវ​មាន​ហើយ ឥលូវ​គេ​ជឿ…”៕

 

 

កូន​ប្រុស​ពៅ​រៀបការ​ជាមួយ​​កូន​ស្រី​ពៅ រក​ស៊ី​អត់​ឡើង?​

ប្រជ្រុយ​ ៧ កន្លែង​របស់​មនុស្ស​ប្រុស​ និង មនុស្ស​ស្រី​ដែល​បញ្ជាក់​ថា​ មាន​ភ័ព្វ​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ