ព្រះ​បរមរាជវាំង​ព្យាករ​ដំណើរ​ទឹកភ្លៀង​ សម្រក់​ទៀន​២៥​​ដើម​តំណាង​រាជធានី​-​ខេត្ត​ផ្សង​តាម​បវេណី

ព្រះ​បរមរាជវាំង​ព្យាករ​ដំណើរ​ទឹកភ្លៀង​ សម្រក់​ទៀន​២៥​​ដើម​តំណាង​រាជធានី​-​ខេត្ត​ផ្សង​តាម​បវេណី

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ដ៏​សោមនស្ស​រីករាយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ក្នុង​ឆ្នាំមមែ សប្តស័ក ពុទ្ធសករាជ ២៥៥៩ ដែល​ជា​បុណ្យប្រពៃណី​ដ៏​វិសេសវិសាល​របស់​ប្រជាជន​ខ្មែរ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ នៅ​ក្នុង​រាត្រី​ដ៏​ត្រកាល​នៃ​ព្រះរាជ​ពិធីបុណ្យ​នា​ថ្ងៃ​ទី​២ គឺ​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែកត្តិក ត្រូវ​នឹង​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៥ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​សព្វព្រះរាជហឫទ័យ ព្រះ​បរម​រាជានុញ្ញាត​ថ្វាយ​សម្តេចព្រះ​រាជបុត្រី ព្រះ​រៀម នរោត្តម បុប្ផា​ទេវី ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ជា​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ជា​ព្រះ​អធិបតី​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ដែល​បាន​រៀបចំ​ឡើង​យា​៉​ង​មហោឡារិក នៅ​ក្នុង​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ ព្រះ​បរមរាជវាំង ។

បន្ទាប់​ពី​សម្តេចព្រះ​រាជបុត្រី ព្រះរាជ​តំណាង យាង​ថ្វាយ​គ្រឿង​សក្ការបូជា​រួច​មក អ្នក​ឧក​ញា​៉​ភក្តី​ព្រះស្តេច ហេង គឹ​ម​គុណ ទទួល​ធម្មការ​និង​សាសនា​ព្រះ​បរមរាជវាំង បាន​តាំង​នមស្ការ​ព្រះ​រតនត្រ័យ និង​ថ្វាយ​តង្វាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ដ៏​មង្គល​នេះ មាន​រៀបចំ​គ្រឿង​សក្ការបូជា​ផ្សេង​ៗ មាន​ទាំង​តូ​រ្យ​ត​ន្រី​ប្រគំ​ថ្វាយ​នូវ​បទ​សាធុការ ក្លុំ​ជើត​ឆា បញ្ចុះ លា​អុំទូក ទេពរំជួល ទេពនិមិត្ត ទេព​បន្ទំ អាយុ​យឺនយូរ និង​បទ​កម្សាន្ត​សួន​សួរ​ជាដើម​...​ថ្វាយ​ព្រះ​ចង្កូម​កែវ ព្រះ​រតនត្រ័យ ដែល​ទ្រង់​ស្ថិត​នៅ​ឋាន​ភុជង្គនាគ ព្រះ​ពុទ្ធបាទ​ស្ថិត​នៅ​ក្នុង​ស្ទឹង​ឈាន​កបូ​រី ព្រះ​ចូឡា​មុនី​ចេតិយ​ព្រះ​ស្ថិត​នៅ​ក្នុង​ឋាន​តា​វ​ត្តឹ​ង្ស ព្រះ​ចេតិយ​ស្ថិត​នៅ​ឋានព្រហ្ម​លោក ព្រមទាំង​សម្តេច​អម​រិ​ន្ទ្រា​ទេវរាជ សម្តេចព្រះ​មហាព្រហ្ម និង​ទេវតា​ថែរក្សា​ព្រះ​មហា​ស្វេតច្ឆត្រ​ជាដើម ។

ព្រះរាជ​ពិធី បាន​រៀបចំ​គ្រឿង​សក្ការៈ​មួយ​ផ្នែក​ទៀត មាន​អំបុក ចេក ដូង ដំឡូង ត្រាវ ជាដើម សុទ្ធ​សឹង​ជា​ផលិតផល​ដំណាំ​ក្នុងស្រុក និង​អុជ​ទៀន​ធូប ប្រទីបជ្វាលា បំភ្លឺ​ព្រោងព្រាត​ថ្វាយ​ព្រះ​ខែ បូជា​ចំពោះ​ព្រះ​បរម​រូប ព្រះ​ស សៈ​បណ្ឌិត​បរម​ពោធិសត្វ ដែល​ទ្រង់​ព្រះ​សណ្ឋិត​តាំងនៅ​ក្នុង​វង់​ព្រះ​ច័ន្ទ​សព្វ​ថ្ងៃនេះ ព្រមទាំង​ព្រះ​បញ្ច​វណ​ហៈកៈ​គ្រប់​ព្រះ​អង្គ ទេវតា​គ្រប់​ព្រះ​អង្គ តាម​ព្រះ​រាជប្បវេណី​ពី​បុរាណកាល​រៀង​មក ។

ម្យ៉ាងទៀត ព្រះរាជ​ពិធីបុណ្យ​នេះ នូវ​បាន​បួងសួង​ចង់​ដឹង​ពី​ដំណើរ​ទឹកភ្លៀង ដែល​ទេវតា​គ្រប់​ព្រះ​អង្គ ពិសេស​ព្រះ​បញ្ច​វណ​ហៈកៈ ជួ​ួ​យ​បង្អុរ​ទឹកភ្លៀង ឱ្យ​បាន​ធ្លាក់​ចុះ​នៅ​លើ​ប្រឹថពី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​២៥​រាជធានី​-​ខេត្ត ក្នុង​ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ឆ្នាំ​ក្រោយ​នេះ ថា តើ​រាជធានី​និង​បណ្តា​ខេត្ត​ណាខ្លះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាងគេ ដោយ​សន្មត​យក​ទៀន​ទាំង​២៥​ដើម តំណាង​ឱ្យ​រាជធានី​-​ខេត្ត​ទាំង​២៥ ។

ក្នុង​កិច្ច​ដំណើរការ​សម្រក់​ទៀន​ផ្សង​ចង់​ដឹង​ពី​ដំណើរ​ទឹកភ្លៀង​នេះ អ្នក​ឧក​ញ៉ា​ភក្ដី​ព្រះស្ដេច ហេង គឹ​ម​គុណ បាន​ធ្វើការ​គន់គូរ​កំណត់​យក​ទៀន​តំណាង​ឲ្យ​រាជធានី​-​ខេត្ត ទាំង​២៥ តាម​លេខ​រៀង ដោយ​រាប់​ពី​ក្បាល​នាគ​ទៅ​កន្ទុយ​នាគ​។

ចំពោះ​លទ្ធផល​នៃ​ការ​ព្យាករ​ដំណើរ​ទឹកភ្លៀង​ទាំង​២៥​រាជធានី​-​ខេត្ត​នេះ ព្រះ​ជ​យា​ធិ​បតី កង កេ​ន បារគូ​ព្រះ​បរមរាជវាំង បាន​ទូល​ថ្វាយ និង​ជម្រាប​ជូន​ដូច​តទៅ ៖
១-​ខេត្តកណ្តាល ដើមឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម កណ្តាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​តិច ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ។
២-​ខេត្តកំពត ដើមឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម កណ្តាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​តិច ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ។
៣-​ខេត្តកំពង់ចាម ដើមឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​តិច ចុងឆ្នាំ​មាន​ភ្លើង​ធ្លាក់​ច្រើន ។
៤-​ខេត្តកំពង់ធំ ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
៥-​ខេត្តកំពង់ឆ្នាំង ដើមឆ្នាំ​មាន​ភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំ​និង​ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ។
៦-​ខេត្តកំពង់ស្ពឺ ដើមឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​តិច ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ។
៧-​ខេត្ត​កែប ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
៨-​ខេត្តកោះកុង ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
៩-​ខេត្តក្រចេះ ដើមឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​តិច ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ។
១០-​ខេត្តតាកែវ ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
១១-​ខេត្តបាត់ដំបង ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
១២-​ខេត្តបន្ទាយមានជ័យ ដើមឆ្នាំ​មាន​ភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
១៣-​ខេត្ត​ប៉ៃលិន ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ មាន​ភ្លៀង​ធ្លាក់​តិច ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
១៤-​ខេត្តពោធិ៍សាត់ ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
១៥-​ខេត្តព្រៃវែង ដើមឆ្នាំ កណ្ដាល​ឆ្នាំ និង​ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ។
១៦-​ខេត្តព្រះវិហារ ដើមឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​តិច ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
១៧-​រាជធានី​ភ្នំពេញ ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
១៨-​ខេត្តមណ្ឌលគិរី ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
១៩-​ខេត្តរតនគិរី ដើមឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​តិច ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
២០-​ខេត្តស្វាយរៀង ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​តិច ។
២១-​ខេត្តសៀមរាប ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
២២-​ខេត្តស្ទឹងត្រែង ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
២៣-​ខេត្ត​ព្រះ​សីហ​នុ ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
២៤-​ខេត្តឧត្ដរមានជ័យ ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​តិច ។
២៥-​ខេត្ត​ត្បូងឃ្មុំ ដើមឆ្នាំ កណ្ដាល​ឆ្នាំ និង​ចុងឆ្នាំ​មាន​ភ្លៀង​ធ្លាក់​មធ្យម ។

តម​ក សម្ដេចព្រះ​រាជបុត្រី​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះរាជ​វង្សានុវង្ស និង​នាម៉ឺន​សព្វ​មុខមន្ត្រី​ព្រះ​បរមរាជវាំង បាន​យាង​និង​អញ្ជើញ​សោយ និង​អកអំបុក​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ប្រជាជាតិ​ខ្មែរ​យើង ៕