វិចារណកថាៈ សីលធម៌ សង្គមធ្លាក់ចុះ នាំឲ្យសោកនាដកម្ម កើនឡើង គួរឲ្យព្រួយបារម្ភ

រយៈពេលប៉ុន្មាន ខែកន្លងទៅនេះ អំពើឃាតកម្មផ្សេងៗ បានកើតឡើងគួរឲ្យភ័យខ្លាច ហើយករណីខ្លះកើតចេញពី អំពើហិង្សាក្នុងគ្រួសារ រហូតឈានដល់កាប់ សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ ។ ករណីសម្លាប់មនុស្ស តាម វិធីសាហាវៗត្រូវ បានគេហទំព័រ និងសារព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ ហើយក៏មានការចែករំលែក យ៉ាងទូលំទូលាយតាមបណ្តាញ ទំនាក់ទំនងសង្គម Facebook ផងដែរ ។ បញ្ហានេះបង្ហាញថា សីលធម៌រស់នៅ ក្នុងសង្គមខ្មែរបច្ចុប្បន្នមានការធ្លាក់ចុះ យ៉ាងគំហុក ហើយអំពើពាលាអាវាសែយង់ឃ្នង សាហាវព្រៃផ្សៃ កំពុង តែរាលដាលខ្លាំងឡើងៗនៅទូទាំងប្រទេសនាំឲ្យ បទល្មើសផ្សេងៗកើតឡើងឥតឈប់ឈរ ។ ប្រការនេះ ចាំបាច់ត្រូវមានការពង្រឹង សីលធម៌រស់នៅឡើងវិញក្នុងសង្គមខ្មែរ បច្ចុប្បន្នទើបអាចនាំឲ្យអំពើហិង្សាថយចុះ សោកនាដកម្មថយចុះ ហើយនាំមកនូវភាពសុខសាន្តក្នុងសង្គមជាតិ មានការ យោគយល់អធ្យាស្រ័យគ្នា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរទូទៅ ។

កន្លងទៅថ្មីៗនេះករណីប្តី កាប់សម្លាប់ប្រពន្ធ ហើយដុតចោលក្នុងពាងគឺជាករណីសោកនាដកម្មគួរឲ្យភ័យខ្លាច ហើយជារឿងមិនគួរកើតមានក្នុងសង្គមខ្មែរដែលមានសីលធម៌ល្អតពីដូនតាមកនោះទេ ។ ជាងនេះទៅទៀត ករណីកូន ប្រុសកាប់សម្លាប់ឪពុករួចកាត់ដៃកាត់ជើងដូចសត្វធាតុ គឹជាបញ្ហាគួរឲ្យរន្ធត់បំផុត ហើយបង្ហាញថា សីលធម៌សង្គមកំពុង ធ្លាក់ចុះយ៉ាងគំហុកតែម្តង ។ ជាពិសេសករណីកាប់សម្លាប់គ្នារវាងប្តីប្រពន្ធ បងប្អូនបង្កើត បងប្អូនសាច់ថ្លៃ និងញាតិមិត្ត ជិតខាងជាដើម កើតឡើងស្ទើរជារៀងរាល់ថ្ងៃនាំ មកនូវសោកនាដកម្ម នឹកស្មាន មិនដល់ ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងសីល ធម៌សង្គម សុជីវធម៌ក្នុងការរស់នៅ និងគុណធម៌ សម្រាប់ មនុស្សទូទៅ ។ កត្តាចាំបាច់បំផុតគឺត្រូវលុបបំបាត់បទល្មើស ផ្សេងៗដូចជាអំពើពាលាអាវាសែ បនល្បែងស្រីស្រា និងគ្រឿងញៀនជាដើមដែលនាំឲ្យសីលធម៌សង្គមចេះបន្តធ្លាក់ចុះ ហើយសោកនាដកម្ម និងបទល្មើសផ្សេងៗ កើនឡើងកាន់តែខ្លាំងក្លា ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកន្លងមកមានករណីបុរសវ័យចំណាស់ៗចាប់រំលោភកុមារីតូចៗអាយុចន្លោះពី ៥ឆ្នាំដល់១៤ឆ្នាំកើតឡើងឥតឈប់ឈរ ហើយករណីឪពុកចុងចាប់រំលោភកូន ស្រីដើមក៏ជារឿងដែលកើត ឡើងជាបន្ត បន្ទាប់ផងដែរ ។ ប៉ុន្តែឥឡូវនេះករណីបុរសវ័យក្មេងៗ ចាប់រំលោភស្រ្តីវ័យចំណាស់ អាយុជាង ៧០ឆ្នាំបានកើតឡើងគួរឲ្យ ហួសចិត្ត ហើយបញ្ហានេះជារឿង ដែលធ្វើឲ្យមហាជនទូទៅ ស្អប់ខ្ពើមយ៉ាង ខ្លាំងទៅលើជនល្មើស ។ ការធ្លាក់ចុះសីលធម៌ រស់នៅក្នុងសង្គមបែបនេះ កំពុងតែធ្វើឲ្យសង្គមជាតិ ប្រឈម នឹងវិបត្តិគួរឲ្យព្រួយបារម្ភ ហើយបទល្មើសរំលោភសេពសន្ថវៈ ជាច្រើនករណីគឺកើតចេញពី ជនល្មើសទទួល ទានគ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀនជាដើម ទើបហ៊ានប្រព្រឹត្តបទ ឧក្រិដ្ឋដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ។ ជនប្រព្រឹត្តបទល្មើសត្រូវសមត្ថកិច្ចចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទា ទោសតាមច្បាប់ជាបន្តបន្ទាប់ ក៏ប៉ុន្តែជាក់ស្តែងបទល្មើសពុំមានការថយចុះនោះទេ ។

បញ្ហាគួរឲ្យព្រួយបារម្ភ ដែលកើតចេញពីការធ្លាក់ចុះ នៃសីលធម៌សង្គម កំពុងនាំឲ្យមាន អំពើសោកនាដកម្មគួរឲ្យ ភ័យខ្លាចនៅសង្គមខ្មែរបច្ចុប្បន្ន ហើយវិធានការណ៍ ដោះស្រាយបញ្ហានេះ មិនមែនជារឿងងាយស្រួលទេ ។ ក្នុងនោះឥទ្ធិ ពលនៃគ្រឿងស្រវឹង និងឥទ្ធិពលនៃគ្រឿងញៀន ក៏ដូចជាឥទ្ធិពលល្បែងស៊ីសង អំពើពាលាអាវាសែ បានធ្វើឲ្យសីលធម៌ រស់នៅក្នុងសង្គមធ្លាក់ចុះកាន់តែខ្លាំងទៅៗឥតឈប់ឈរ ។ ជាក់ស្តែងក្នុងសង្គមខ្មែរ កន្លងមកកូនចៅតែងតែគោរពតាម ដំបូន្មានឪពុកម្តាយដោយយកចិត្តទុកដាក់ មិនហ៊ានប្រព្រឹត្តកំហុង ឆ្គងណា មួយទៅលើអ្នកមានគុណរបស់ខ្លួនឡើយ ហើយតែងតែមានការប្រាស្រ័យ ទាក់ទងជាមួយញាតិ មិត្តជិតខាង យ៉ាងទន់ភ្លន់ ។ ក៏ប៉ុន្តែឥឡូវនេះករណីកូនៗកាប់សម្លាប់ឪពុកម្តាយដោយសារឥទ្ធិពលគ្រឿងញៀន ឥទ្ធិពល គ្រឿងស្រវឹងបានកើតឡើងជាបន្តបន្ទាប់ ហើយព័ត៌មានទាំង អស់នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈទៀតផង ។ ដូច្នេះប្រជាពលរដ្ឋខ្មែរទូទៅត្រូវគិតគូរឡើងវិញអំពីបញ្ហានេះ ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក៏មិន ត្រូវមើលរំលងដែរ ។

នៅក្នុងសង្គមមួយដែលប្រជាពលរដ្ឋ មានសីលធម៌រស់នៅខ្ពស់ ចេះយោគយល់អាធ្យាស្រ័យគ្នាអត់ឱនឲ្យគ្នាទៅ វិញទៅមកនៅពេលមានទំនាស់កើតឡើង គឺនាំមកនូវភាពសុខសាន្ត និងដំណោះស្រាយដោយសន្តិវិធី ។ ប៉ុន្តែក្នុងសង្គម ខ្មែរបច្ចុប្បន្នអំពើឃាតកម្ម និងអំពើហិង្សាកើតឡើងសូម្បីតែនៅក្នុងវត្ត នៅក្នុងពិធីមង្គលការ ឬបុណ្យទានផ្សេងៗនាំមក នូវសោកនាដកម្មឥតឈប់ឈរ ។ ករណីទាំងនេះភាគច្រើន កើតចេញពីឥទ្ធិពល គ្រឿងស្រវឹង ឥទ្ធិពលគ្រឿងញៀនជា ដើម ដូច្នេះមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចគួរពង្រឹង ការអនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចដើម្បី ឲ្យប្រជាពលរដ្ឋទូទៅមានភាពកក់ក្តៅ ក្នុងការរស់ នៅប្រចាំថ្ងៃ ។ ការលុបបំបាត់ឲ្យខាងតែបាននូវបទល្មើសគ្រឿងញៀន ល្បែងស៊ីសង បនបារពាលាអាវាសែ ជាដើម គឺជាកត្តាដ៏សំខាន់ដើម្បីពង្រឹងសីលធម៌រស់នៅក្នុងសង្គមឡើងវិញ ធ្វើឲ្យ មនុស្សទូទៅយល់ដឹងអំពីតម្លៃ អាយុជីវិតរៀងៗខ្លួន ហើយអត់ឱនដល់គ្នាទៅវិញទៅមក ដើម្បីភាពសុខសាន្តនៅក្នុងក្រុម គ្រួសារ ក៏ដូចជានៅក្នុងសង្គមជាតិ ៕