​អាជីវករ​លក់ដូរ ក្នុង​ផ្សារ​ស្អាង​ខាងត្បូង គាំទ្រ​ការស្ថាបនា​ប្រព័ន្ធ​លូ និង​ធ្វើ​ផ្លូវ​ចាក់​បេតុង ឆ្ពោះទៅ​អភិវឌ្ឍន៍​ផ្សារ​

​កណ្តាល: អាជីវករ​លក់ដូរ នៅក្នុង​ផ្សារ​ស្អាង​ខាងត្បូង ស្ថិតក្នុង​ភូមិ​ព្រែ​ករុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង រាប់សិប​គ្រួសារ បាន​គាំទ្រ​ការ​សា្ថ​ប​នា​ប្រព័ន្ធ​លូ ធ្វើ​ផ្លូវ​ចាក់​បេតុង ដើម្បី​ឆ្ពោះទៅ​អភិវឌ្ឍន៍​ផ្សារ របស់​អាជ្ញាធរ បើទោះបី​ការស្ថាបនា​នោះ បាន​ប៉ះពាល់​ដល់ផ្ទះ​សម្បែង និង​តង់​លក់ដូរ​របស់​ពួកគាត់ យ៉ាងណាក៏ដោយ ។

​ប៉ុន្តែ​ទោះជា​មានការ​គាំទ្រ​ពី ប្រជាពលរដ្ឋ​ជាច្រើន លើសលុប​យ៉ាងណាក្តី ក៏មាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​រស់នៅ​ចំណុច កែង​ផ្សារ​ខាងកើត ក្បែរ​មាត់ទន្លេ ឈាង​ខាងត្បូង មានការ​ជំទាស់​ផងដែរ ។ ការជំទាស់​នោះ ដោយសារ​ម្ចាស់ផ្ទះ បាន​សង់​របង​ស័ង្កសី រំលោភ​លើផ្លូវ ហើយ​ត្រូវបាន​អាជ្ញាធរ បញ្ជា​គ្រឿងចក្រ កម្ទេច​របង​របស់គាត់ ដើម្បី​ដាក់លូ ទើប​ធ្វើការ​តវ៉ា​ង​ប្តឹង​ជំទាស់​តែម្តង ។​

​លោក លឹម ត្រាយ ប្រធានភូមិ​ព្រែ​ករុន​ក្រោម បាន​និយាយថា បញ្ហា​ទំនាស់​រឿង ម្ចាស់​ផ្ទះមួយ​គ្រួសារ ដែល​ជំទាស់​តវ៉ា មានការ​ថ្នាំងថ្នាក់ ជាមួយ​អាជ្ញាធរ​នេះ គឺ​ដោយសារ​អាជ្ញាធរ បាន​បញ្ជា​គ្រឿងចក្រ កាយ​ដាក់​ប្រព័ន្ធ​លូ ធ្វើឱ្យ​ខូចខាត​ដល់ របង​ស័ង្កសី​របស់គាត់ ។ ប៉ុន្តែ​មុននឹង​អាជ្ញាធរ​ធ្វើ​ដូច្នេះ គឺ​បាន​ជូនដំណឹង​ដល់​គាត់ ចំនួន​ពីរលើក​រួចមកហើយ មិនតែប៉ុណ្ណោះ ក្នុងនាម​លោក ជា​មេភូមិ​ផ្ទាល់ ព្រមទាំង​មេឃុំ និង​មេ​ប៉ុស្តិ៍​រដ្ឋបាល បានធ្វើការ​សម្របសម្រួល ពន្យល់​ណែនាំ សុំឱ្យ​គាត់​រុះរើ របង​ចេញ មួយរយៈ​សិន ដើម្បី​អាជ្ញាធរ​ងាយស្រួល ក្នុងការ​ស្ថាបនា​ប្រព័ន្ធ​លូ និង​ធ្វើ​ផ្លូវ​ចាក់​បេតុង រួចរាល់​ហើយ ចាំ​គាត់​ដាក់​របង​ផ្ទះ​វិញ​ចុះ​។ តែ​គាត់​នៅតែ​មិន​ព្រម ហើយ​បែរជា​ដាក់​លក្ខខណ្ឌ ឱ្យ​អាជ្ញាធរ​ប្រគល់​សំណង​ជាច្រើន លើសលប់ ដែល​អាជ្ញាធរ​មិនអាច​ទទួលយកបាន និង​គ្មាន​លទ្ធភាព តាម​សំណូមពរ​គាត់ ដែល​បានទាមទារ លើសពី​អ្វីដែល​គាត់​មាន ។​

​លោក ខឹម ច័​ន្ធ​គិរី អភិបាលស្រុក​ស្អាង ក៏បាន​ប្រាប់​អ្នកយកព័ត៌មាន C.E.N ឱ្យដឹង​ដែរ​ថា ការស្ថាបនា​ប្រព័ន្ធ​លូ និង​ធ្វើ​ផ្លូវ​ចាក់​បេតុង បី​ខ្សែ នៅ​ជុំវិញ​ផ្សារ​ស្អាង​ខាងត្បូង​នេះ ថ្វីត្បិតតែ​ទទួលបានការគាំទ្រ​ពី​ប្រជាពលរដ្ឋ ជា​អាជីវករ នៅក្នុង​ផ្សារភាគច្រើន ក៏ពិតមែន ក៏​នៅមាន​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ភាព ដែល​រស់នៅ​ចំណុច កែង​ផ្សារ​មាត់ទន្លេ​ខាងត្បូង បាន​ជំទាស់​ដែរ ដោយសារ​គាត់បាន​យក​ស័ង្កសី​ចាស់ៗ ទៅ​បិទបាំង​ធ្វើ​របង​ផ្ទះ បង្ក​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ក្នុង​ផ្សារ ហើយ​ម្យ៉ាងទៀត គាត់​បានធ្វើ​របង​រំលោភ​លើផ្លូវ មិនតែប៉ុណ្ណោះ​គាត់​បាន​យក​កាកសំណល់ អេតចាយ ដាក់​គរ​នៅ​មាត់ទន្លេ ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​ទៀតផង ។ ត្រង់ចំណុច​នេះ ដើម្បី​ងាយ ស្រួល ក្នុងការ​ស្ថាបនា​ប្រព័ន្ធ​លូ ធ្វើ​ផ្លូវ​ចាក់​បេតុង និង​ធ្វើ​សួនច្បារ តាម​មាត់ទន្លេ លោក​បាន​ចាត់​ឱ្យ​មេភូមិ មេឃុំ ព្រមទាំង​មេ​ប៉ុស្តិ៍​រដ្ឋបាល ជូនដំណឹង​ដល់​គាត់ និង​សម្រប សម្រួល ឱ្យ​គាត់​រុះរើ​របង និង​បញ្ចៀស​កាកសំណល់​អេតចាយ ដែល​ដាក់​គរ​នៅ​មាត់ទន្លេ​នោះ ចេញ​ជាច្រើនលើក​មកហើយ តែ​គាត់​នៅតែ​មិន​យល់ព្រម ។ រហូត មកដល់​ថ្ងៃទី ២៦ ខែវិច្ឆិកា កន្លងទៅនេះ លោក​បានសម្រេច​ឱ្យ​គ្រឿងចក្រ កាយ​ដាក់​ប្រព័ន្ធ​លូ​តែម្តង ។ បើសិនជា​អនុវត្ត​ធ្វើ​ដូច្នេះ ការស្ថាបនា​ប្រព័ន្ធ​លូ និង​ធ្វើ​ផ្លូវ​ចាក់​បេតុង និង​ត្រូវ​ខកខាន​ស្ទះ​ដំណើរ ។​

​លោក​អភិបាលស្រុក បាន​ថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋ​មួយចំនួនធំ ដែលមាន​ការយល់ដឹង ព្រមព្រៀង​រុះរើ​ផ្ទះសម្បែង ស្តង់​លក់ដូរ ងៀក​ខិត​ថយ ដើម្បីឱ្យ​អាជ្ញាធរ​ងាយស្រួល ក្នុងការ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរទឹក ។​

​លោក​អភិបាលស្រុក ថ្លែង​បញ្ជាក់ថា ការស្ថាបនា​នេះ គឺជា​គម្រោង​របស់ រដ្ឋបាល​ស្រុក​យូរ​មកហើយ ។ គម្រោង​នេះ មិនមែន​មានតែ​ប្រព័ន្ធ​លូ និង​ផ្លូវ​ចាក់​បេតុង បី​ខ្សែ ជុំវិញ​ផ្សារ​នេះ​ទេ គឺ​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រៀបចំ​ការ៉ូឡា តាម​ចិញ្ចើមផ្លូវ ធ្វើ​សួនច្បារ តាម​មាត់ទន្លេ ដាំ​ដើមឈើ​ពណ៌​បៃតង និង​ដាក់​បង់ សម្រាប់​ភ្ញៀវ​ទេសចរណ៍​អង្គុយ លំហែកាយ​នៅ​មាត់ទន្លេ ។ មិនតែប៉ុណ្ណោះ លទ្ធផល​មួយចំនួន ដែល​ស្រុក​ធ្វើបាន​ជោគជ័យ គឺ​នៅ​បរិវេណ​ទីធ្លា មុខ​សាលាស្រុក​ស្អាង នេះ​ជាដើម ។

​លោក​បាន​បន្តថា បន្តិចទៀត បន្ទាប់ពី​ខាង​ក្រសួង​សាធារណការ ធ្វើ​ផ្លូវ​លេខ​២១B រួចរាល់​ហើយ  នៅ​ទីរួមស្រុក​លោក និង​រៀបចំ​តាម​ចិញ្ចើមផ្លូវ ឱ្យមាន​ការ៉ូឡា និង​ដាំ​ដើមឈើ​ពណ៌​បៃតង ដើម្បី​ឱ្យមាន​សោភ័ណ​ភាពល្អ បរិស្ថាន​ល្អ ៕V/S

​អាជីវករ​លក់ដូរ ក្នុង​ផ្សារ​ស្អាង​ខាងត្បូង គាំទ្រ​ការស្ថាបនា​ប្រព័ន្ធ​លូ និង​ធ្វើ​ផ្លូវ​ចាក់​បេតុង ឆ្ពោះទៅ​អភិវឌ្ឍន៍​ផ្សារ​

​អាជីវករ​លក់ដូរ ក្នុង​ផ្សារ​ស្អាង​ខាងត្បូង គាំទ្រ​ការស្ថាបនា​ប្រព័ន្ធ​លូ និង​ធ្វើ​ផ្លូវ​ចាក់​បេតុង ឆ្ពោះទៅ​អភិវឌ្ឍន៍​ផ្សារ​

​អាជីវករ​លក់ដូរ ក្នុង​ផ្សារ​ស្អាង​ខាងត្បូង គាំទ្រ​ការស្ថាបនា​ប្រព័ន្ធ​លូ និង​ធ្វើ​ផ្លូវ​ចាក់​បេតុង ឆ្ពោះទៅ​អភិវឌ្ឍន៍​ផ្សារ​