ដាច់​ភ្លើង​ប្រហែល ១ ម៉ោង នៅ​ទូទាំងប្រទេស​កម្ពុជា ពិសេស​នៅ​ភ្នំពេញ នាំ​ឲ្យ​មាន​ចោទសួរ​ពី​សមត្ថភាព​ផលិត​អគ្គិសនី​ក្នុងស្រុក​!

ភ្នំពេញ: កាលពី​ម៉ោង​ជិត ១០ យប់ រហូតដល់​ម៉ោង​ជិត ១១ យប់ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​នៅ​បណ្ដា​ខេត្ត​មួយចំនួន ស្ទើរតែ​ទូទាំងប្រទេស បាន​ដាច់​ចរន្ដអគ្គិសនី​។ មូលហេតុ​នៃ​ការ​ដាច់​ភ្លើង​នោះ ត្រូវបាន​អគ្គិសនី​កម្ពុជា និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ចេញមុខ​ប្រកាស​ភ្លាមៗ​ថា ដោយសារ​ប្រភព​អគ្គិសនី​ពី​វៀតណាម ត្រូវបាន​កាត់ផ្តាច់​។​

​នៅ​កម្ពុជា សព្វថ្ងៃ មាន​ប្រភព​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ៣ ប្រភេទ គឺ ១.​អគ្គិសនី ផលិត​ពី​ធ្យូងថ្ម នៅ​រោងចក្រ​ក្នុង​ខេត្ត​ព្រះសីហនុ ២.​អគ្គិសនី​មកពី​ក្រៅប្រទេស ( វៀតណាម និង​ថៃ ) និង​៣.​អគ្គិសនី បានមកពី​ទំនប់​វា​រី​អគ្គិសនី​។

​ក៏ប៉ុន្តែ​បើតាម​ហេតុការណ៍ កាលពី​យប់​ថ្ងៃទី​២៦​វិច្ឆិកា គឺ​គ្រាន់តែ​ប្រទេស​វៀតណាម ដាច់​ភ្លើង នាំ​ឲ្យ​ចរន្តអគ្គិសនី នៅ​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា ពិសេស​នៅ​ភ្នំពេញ​ទាំងមូល ត្រូវបាន​កាត់ផ្តាច់​ផងដែរ​។​

​ចំពោះមុខ​ហេតុការណ៍​ដែល​មិន​ធ្លាប់មាន​នេះ គឺជា​ប្រធានបទ​ដ៏​ក្តៅគគុក នៅតាម​តុ​កាហ្វេ និង​កន្លែងធ្វើការ​។ គេ​ចោទ​សួរថា ហេតុអ្វី មកដល់ពេលនេះ​ហើយ កម្ពុជា​យើង នៅ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង លើ​អគ្គិសនី​មកពី​វៀតណាម​ទៅវិញ​? ចុះ​វា​រី​អគ្គិសនី ដែលមាន​យ៉ាងច្រើន ដូចជា វា​រី​អគ្គិសនី កំចាយ វា​រី​អគ្គីសនី តា​តៃ ឫស្សី​ជ្រុំ និង​វា​រី​អគ្គីសនី គិរី​រម្យ ជាដើម​នោះ តើ​ផលិត​ភ្លើងអគ្គិសនី បាន​ប៉ុន្មាន​? ហើយ​រោងចក្រ​ផលិត​អគ្គិសនី ដែល​ប្រើ​ដោយ​ធ្យូងថ្ម នៅ​ខេត្ត​ព្រះសីហនុ ក៏​មិនទាន់​អាច​ផលិត​ភ្លើងអគ្គិសនី ផ្គត់ផ្គង់​ក្នុងស្រុក​គ្រប់គ្រាន់ ទេ​ឬ​?

​សរុបមក ដង្ហើម​អគ្គិសនី​កម្ពុជា គឺ​នៅតែ​ផ្តេកផ្តួល​លើ​ប្រទេស​វៀតណាម​យ៉ាងសំខាន់​នៅឡើយ​។ ដូច្នេះ បើសិនជា​ទៅ​ថ្ងៃ​ខាងមុខ វៀតណាម ផ្តាច់​តែ​ភ្លើងអគ្គិសនី នោះ​កម្ពុជា នឹងត្រូវ​ងងឹត​ស្ទើរ​មួយ​ប្រទេស ពិសេស​បេះដូង​ប្រទេស​កម្ពុជា គឺ​រាជធានី​ភ្នំពេញ ត្រូវ​គាំង​តែម្តង​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​អគ្គិសនី រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​បង្កើន​ការផលិត​អគ្គិសនី​ដោយ​ប្រើ​ធ្យូងថ្ម ឬក៏​អាច​ឈានដល់​ការផលិត​អគ្គិសនី ដោយ​នុយក្លេអ៊ែរ ព្រោះថា វា​រី​អគ្គិសនី ហាក់ដូចជា មិនបាន​ផ្តល់​អគ្គិសនី​ផ្គត់ផ្គង់​គ្រប់គ្រាន់​ទេ​។

​ឬមួយ​ក៏ត្រូវ​លើក​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ច្រើន​ថែមទៀត​។ ប៉ុន្តែ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​កម្ពុជា ត្រូវបាន​គេ​លើកឡើងថា គ្រាន់តែ​ដើម្បី​កាប់​ឈើ នៅក្នុង​គម្រោង​សាងសង់​វា​រី​អគ្គិសនី និង​នៅ​តំបន់​ជិតៗ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​នោះ​តែប៉ុណ្ណោះ​៕​

ដាច់​ភ្លើង​ប្រហែល ១ ម៉ោង នៅ​ទូទាំងប្រទេស​កម្ពុជា ពិសេស​នៅ​ភ្នំពេញ នាំ​ឲ្យ​មាន​ចោទសួរ​ពី​សមត្ថភាព​ផលិត​អគ្គិសនី​ក្នុងស្រុក​!