សម្តេច​ហ៊ុនសែន​៖ ពិធីបុណ្យ និង​ការឈប់​សំរាក កំសាន្ត​សប្បាយ ត្រូវបាន​បញ្ចប់ ជាមួយនិង​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ដ៏​រឹងមាំ​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​២៧​វិច្ឆិកា​នេះ សម្តេច​តេ​ជោ​ហ៊ុនសែន បានប្រកាសថា ពិធីបុណ្យ និង​ការឈប់​សំរាក កំសាន្ត​សប្បាយ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦​វិច្ឆិកា ត្រូវបាន​បញ្ចប់ ជាមួយនិង​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ដ៏​រឹងមាំ​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី​២៧​វិច្ឆិកា​នេះ បាន​លើកឡើងថា "​ពិធីបុណ្យ និង​ការឈប់​សំរាក កំសាន្ត​សប្បាយ ត្រូវបាន​បញ្ចប់​ជាមួយនិង​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ដ៏​រឹងមាំ​។ សូម​កោត​ស​សើរ​គ្រប់​ស្ថាប័ន ថ្នាក់ជាតិ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​បាន​ខិតខំ​រក្សា​សន្តិសុខ សណ្ដាប់​សង្គម ដើម្បី​ការសប្បាយ​របស់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​"​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បន្តថា "​សូម​កោត​ស​សើរ​បណ្តា​ស្ថានីយទូរទស្សន៍ ដែល​បានរៀបចំ​ការប្រគុំ​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​ដោយមាន​ការចូលរួម​ពី​សិល្បករ សិល្បការិនី​ជាច្រើន​នាក់ ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​"​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​គូសបញ្ជាក់ថា "​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​ការយោគយល់ អធ្យាស្រ័យ​លើ​ការ​ដាច់​ចរន្ត​អគ្គីសនី កាលពី​រាត្រី​កន្លងទៅ ដែល​រំខាន​ដល់​ការសប្បាយរីករាយ​រប​ស់​ប្រជាជន នា​ថ្ងៃ​ចុងក្រោយ​នៃ​ថ្ងៃបុណ្យ​"៕​

សម្តេច​ហ៊ុនសែន​៖ ពិធីបុណ្យ និង​ការឈប់​សំរាក កំសាន្ត​សប្បាយ ត្រូវបាន​បញ្ចប់ ជាមួយនិង​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ដ៏​រឹងមាំ​