​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស

​រាជធានី​ភ្នំពេញ​៖​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ជនបរទេស​ម្នាក់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៩ និង​៤០​នាទី​យប់ ថ្ងៃទី​២៦ ខែ​វិ​ចិ្ឆ​កា​២០១៥ នៅ​ចំណុច​ផ្លូវ​១៧២​កែង​នរោត្តម សង្កាត់​ជ័យជំនះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សំ ល័​ក្ខ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ជា​អ្នក​ឆក់​កាបូប រីឯ​ជនសង្ស័យ​ម្នាក់ទៀត​ដែល​រត់គេចខ្លួន​គឺជា​អ្នកបើក​ម៉ូតូ​ឈ្មោះ ឃីម អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​វ៉េវ​អាល់​ហ្វា​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​-​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក NEWPHONE ចំនួន​០១​គ្រឿង ។​

​សមត្ថកិច្ច​បញ្ជាក់ថា នៅវេលា​ម៉ោង​២១ និង​៣០​នាទី ជនសង្ស័យ​ទាំង​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ា​កវេ​វ​អាល់​ហ្វា តាម​បណ្តោយ​ផ្លូវ​១៧២ ពី​លិច​មក​កើត លុះដល់​ចំណុច​មុខ​ហាង​ម៉ាស្សា​ហ័​រ​ស៊ី​ស៊ិន ក៏បាន​ឆក់​កាបូប​ជនបរទេស ហើយក៏​ជិះ​គេចខ្លួន​បាន​ប្រហែល​៥០០​ម៉ែត្រ មកដល់​ចំណុច​ផ្លូវ​១៧២​កែង​នរោត្តម ក៏ត្រូវ​បាន​កំលាំង​ល្បាត​អាវុធហត្ថ និង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ ឃាត់ខ្លួន​បាន​ម្នាក់ ។ រីឯ​ជនសង្ស័យ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​ចូលក្នុង​វត្ត​សារាវ័ន្ត​បាត់​តែម្តង​។​

​ភ្លាម​នោះដែរ​ជនរងគ្រោះ​ជា​ជនជាតិ​បរទេស​មកដល់​ក៏បាន​វាយ​ជនសង្ស័យ​២​ទៅ​៣​ដៃ​ហើយ​ក៏បាន​ទាញយក​កាបូប​របស់គេ​ពី​ជនសង្ស័យ រួច​ឡើង​ជិះ​ម៉ូតូ​កង់​៣​ចេញទៅ​បាត់​ដោយ​មិន​ព្រម​មក​ដាក់ពាក្យ​ប្តឹង​នៅ​កន្លែង​សមត្ថកិច្ច​ទេ​។​

​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ឆក់​កាបូប​របស់​ជនបរទេស​ពិតប្រាកដ​មែន រីឯ​ដៃគូ​របស់គេ​ដែល​រត់គេចខ្លួន​នោះ​ឈ្មោះ ឃីម ហើយ​ពួកគេ​ស្គាល់គ្នា​នៅក្រោយ​សាលា​យុគន្ធរ ប៉ុន្តែ​មិន​ស្គាល់​ផ្ទះ​ឈ្មោះ ឃីម នោះទេ​៕

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស