ឡុង សុភី មាន​បញ្ហា​សុខភាព​តិចតួច​មុន​ប៉ះ​ជើង​ខ្លាំង​ថៃ កាំឡៃភីត


ឡុង សុភី មាន​បញ្ហា​សុខភាព​តិចតួច​មុន​ប៉ះ​ជើង​ខ្លាំង​ថៃ កាំឡៃភីត

“ខ្ញុំ​មាន​បញ្ហា​សុខភាព​តិចតួច​ប៉ុន្មាន​ថ្ងៃ​នេះ ដោយសារតែ​ផ្ដាសាយ​… តែ​ដល់​ថ្ងៃ​នេះ វា​គ្រាន់​បើ​ច្រើន​ហើយ។ វ៉ៃ​ជាមួយ​កីឡាករ​ថៃ​ស្អែក ខ្ញុំ​សង្ឃឹម​តែ ​៥០​% ដូច​តែ​រាល់​ដង​នឹង។ ខ្ញុំ​មិន​ចេះ​សង្ឃឹម​ច្រើន​នឹង​គេ​ទេ ទាល់​តែ​វ៉ៃ​ហើយ​ទើប​ដឹង​តែ​ម្ដង”។ ឡុង សុភី ​និយាយ​ប្រាប់ Sabay ​ព្រឹក​នេះ។

 

ឡុង សុភី មាន​បញ្ហា​សុខភាព​តិចតួច​មុន​ប៉ះ​ជើង​ខ្លាំង​ថៃ កាំឡៃភីតឡុង សុភី

 

ជើង​ខ្លាំង​កម្ពុជា ឡុង សុភី ​នឹង​ត្រូវ​ប្រកួត​ជាមួយ​អ្នក​លេង​ឆ្លង​ដែន​ ដែល​កីឡាករ​កម្ពុជា​ច្រើន​រូប​មិន​ដែល​យក​ឈ្នះ​បាន​គឺ​ កាំឡៃភីត ( Khamlaiphet ) ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ នៅ​សង្វៀន​ប៉ុស្តិ៍ អាស៊ី​អាគ្នេយ៏ វេលា​ម៉ោង​ ២​រសៀល។ មុន​ប្រកួត​នេះ​ដែរ ឡុង សុភី ​បាន​និយាយ​បញ្ហា​ដែល​ខ្លួន​កំពុង​ប្រឈម​ថា​មាន​ជំងឺ​ផ្ដាសាយ​តិចតួច​ និង​អត់​ទាន់​បាន​មើល​ទិចនិក​ក្នុង​ការ​វាយ​របស់​ខាង​ថៃ​នោះ​ទេ។

 

“ប៉ុន្មាន​ថ្ងៃ​នឹង ខ្ញុំ​អត់​ទាន់​បាន​មើល​វីដេអូ​របស់​ខាង​ភាគី​ថៃ​ទេ ហើយ​ទោះ​ជា​មើល​ក៏​មិន​ដឹង​អី​ច្រើន​ដែរ ទាល់​តែ​ឡើង​ប្រកួត​ជាមួយ​គ្នា​ទើប​យល់​ច្បាស់​ពី​ក្បាច់​គុន​របស់​គេ។ ខ្ញុំ​មិន​ដែល​ខ្លាច​ទេ ទោះ​ជា​ខាង​ដៃ​គូ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ សំខាន់​គឺ​ខ្ញុំ​បាន​វ៉ៃ ​ហើយ​យក​បទពិសោធន៍​ពី​គេ។ ខ្ញុំ​កើត​ផ្ដាសាយ​ប៉ុន្មាន​ថ្ងៃ​ហើយ ប៉ុន្តែ​អត់​អី​ទេ ព្រោះ​វា​ធូរស្បើយ​ច្រើន​ហើយ​ថ្ងៃ​នេះ។ ទោះ​ជា​ចាញ់​ឬ​ស្មើ​ជាមួយ កាំឡៃភីត​ក្នុង​ប្រកួត​ស្អែក​នេះ ខ្ញុំ​នឹង​សុំ​សងសឹក​គេ​វិញ​នៅ​ប្រកួត​ក្រោយ​ទៀត”។ សម្ដី ឡុង សុភី។

 

កាំឡៃភីត ​ដៃ​គូ​របស់​ សុភី ​គឺ​ជា​កីឡាករ​ថៃ​ដែល​ធ្លាប់​បំបាក់​កីឡាករ​ខ្មែរ​ជា​ច្រើន​រូប​មក​ហើយ ដោយ​ធ្លាប់​ឈ្នះ ឯម វុត្ថា ត្រឹម​ទឹក​ទី​មួយ ​, ធ្លាប់​ស្មើ​ពិន្ទុ កែវ រំចង់ , ធ្លាប់​ឈ្នះ​រឿង សោភ័ណ្ឌ , សរ រាជសីហ៍  ​និង​ ព្រំ សំណាង ​ជា​ដើម៕

 

អត្ថបទ៖ មុន្នី រម្យ