ការលក់​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ខេត្តមណ្ឌលគិរី គឺជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​

មួយរយៈ​ពេល​ចុង​ក្រោយនេះ ករណី​មន្ត្រី​អាជ្ញាធរ​ឃុបឃិត​លក់​ដី​សហគមន៍​រប​ស់​ជនជាតិដើម​ភាគតិច​ទៅ​ឲ្យ​អ្នកមាន​លុយ​អ្នកមានអំណាច បានក្លាយ​ទៅជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​ជនជាតិដើម​ភាគតិច​ត្រូវ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ដីធ្លី​សម្រាប់​ប្រក​បរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។ ជាក់ស្តែង​ជនជាតិ​ព្នង​នៅ​ភូមិ​ពូន​រ៉ែ​ង ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការប៉ុនប៉ង​លក់ដូរ​ដី​សហគមន៍​ដែល​អា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​។ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ឃុំ​ដាក់​ដាំ បាន​ចាត់ទុកថា ការលក់​ដី​សហគមន៍​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំងក្លា​ដល់​ការរស់នៅ​របស់​ពួកគាត់​។

​ប្រភពពី​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ភូមិ​ពូន​រ៉ែ​ង បាន​ឲ្យ​ដឹងថា​ដីព្រៃ​សហគមន៍​របស់​ពួកគាត់ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ចុះហត្ថលេខា​លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី បន្ទាប់មក​ដី​នោះ​ត្រូវបាន​ឈ្មួញ​ជា​អ្នកមាន​លុយ​និង​មន្ត្រី​មូលដ្ឋាន​ជំរុញ​ឲ្យ​អ្នកភូមិ​ផ្តិតមេដៃ​លក់​ទៅ​ឲ្យ​អ្នកទិញ យក​ធ្វើជា​កម្មសិទ្ធិឯកជន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​មូលដ្ឋាន​ឃុំ​ដាក់​ដាំ គឺជា​អ្នកជំរុញ​ឲ្យ​អ្នកភូមិ​ផ្តិតមេដៃ​លក់​ដីចម្ការ​ចាស់ ហើយ​ដី​ដែល​លក់​នោះ គឺមាន​ដីចម្ការ​ចាស់​តិចតួច​។ បញ្ហា​នេះ​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​អាជ្ញាធរ​ឃុំ​ដាក់​ដាំ និង​អាជ្ញាធរ​ស្រុក​អូររាំង ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត ព្រោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ជនជាតិ​ភាគតិច​ព្នង​ជាច្រើន​គ្រួសារ​។

តាម​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជំរុញ​ឲ្យ​ជនជាតិដើម​ភាគតិច​ព្នង​ផ្តិតមេដៃ​លើ​ឯកសារ​លក់​ដី​នោះ គឺ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដាក់​ដាំ​ឈ្មោះ ឃឿន និង​ឈ្មោះ សួន សុខា ជា​សាច់ញាតិ​របស់​អភិបាលស្រុក​អូររាំង​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​ករណីនេះ បាន​ឲ្យ​ដឹងថា​ដី​នៅ​ភូមិ​ពូន​រ៉ែ​ង គឺជា​ដីព្រៃ​សហគមន៍​ដែល​មន្ត្រី​រដ្ឋាភិបាល​ព្រៃឈើ​ដាក់​ស្លាក​ហាម​កាប់​រាល ក៏ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ បទល្មើស​កាប់​ទន្ទ្រាន​ដីព្រៃ​បានកើត​ឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​នេះ​។ ដូច្នេះ​ក្នុងនាម​ជា​អភិបាលខេត្ត​មណ្ឌលគិរី លោក អេង ប៊ុន​ហ៊ាង មិនត្រូវ​បណ្តោយ​ឲ្យ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​និង​ករណី​លក់ដូរ​ដី​សហគមន៍ កើតឡើង​យ៉ាង​ពេញបន្ទុក​តទៅទៀត​ទេ​។ បើ​មិន​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ ជនជាតិភាគតិច​ព្នង​នៅ​ភូមិ​ពូន​រ៉ែ​ង ត្រូវ​បាត់បង់​ដីចម្ការ​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​នាពេល​ឆាប់ៗ​ខាងមុខ​ជាមិនខាន​៕

DSC02366លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី 77