សភា​សហភាព​អឺរ៉ុប​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​

ករណី​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្សកាន់អំណាច គំរាមកំហែង​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្សជំទាស់​ដែលមាន​លោក សម រង្ស៊ី ជា​មេដឹកនាំ គឺជា​រឿង​ដែល​ត្រូវ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​តាមដាន​ដោយ​យកចិត្តទុកដាក់​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​ឆ្នាំ​២០១៥ សភា​សហភាព​អឺរ៉ុប​បានចេញ​ផ្សាយ​ញត្តិ​អំពាវនាវ​ឲ្យ​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា ផ្តល់​អភ័យឯកសិទ្ធិ​ដល់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាបន្ទាន់​។ ជាងនេះទៅទៀត​សភា​សហភាព​អឺរ៉ុប​ដែលមាន​សមាជិក​២៨​ប្រទេស​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង ព្រមទាំង​ទម្លាក់ចោល​ច្បាប់​ស្តីពី​សហគមន៍​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផងដែរ​។

សភា​សហភាព​អឺរ៉ុប​បានលើកឡើង​ពី​កង្វល់​មួយចំនួន​ជុំវិញ​ស្ថានការណ៍​នយោបាយ​និង​បញ្ហា​សង្គម​ក្នុងប្រទេស​កម្ពុជា ដែល​កំពុង​តែមាន​ភាព​ចម្រូងចម្រាស​។ ជាមួយគ្នានេះ​សភា​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ដល់​មន្ត្រីជាន់ខ្ពស់​របស់ខ្លួន គឺ​អនុប្រធាន​នៃ​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ទទួលបន្ទុក​គោលនយោបាយ​សន្តិសុខ​និង​កិច្ចការបរទេស ឲ្យ​លើកឡើង​ពី​ស្ថានភាព​នយោបាយ ច្បាប់ និង​សិទ្ធិមនុស្ស ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា​ដោយ​ពុំមាន​ការបង្អែបង្អង់​។

ចំណុច​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​នៅក្នុង​ញត្តិ​៣​ដាច់ដោយឡែក​ពីគ្នា​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ សភា​សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​២​រូប គឺ​លោក គង់ សភា និង លោក ញ៉យ ចំរើន ដែល​បាន​ប្រព្រឹត្ត​នៅមុខ​រដ្ឋសភា​កាលពី​ចុងខែ​តុលា​កន្លងទៅ​។ សភា​សហភាព​អឺរ៉ុប​អំពាវនាវ​ឲ្យ​បញ្ឈប់​ការប្រើ​អំពើហិង្សា ការគំរាមកំហែង និង​ការរំលោភបំពាន​ផ្សេងៗ​ទៅលើ​សកម្មជន​និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​។ សភា​សហភាព​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ឲ្យ​បាន​សកម្ម ដើម្បី​ធានា​សុវត្ថិភាព​ចំពោះ​សមាជិកសភា និង​នាំខ្លួន​ជន​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​ដោយ​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​មក​ផ្តន្ទាទោស​តាមច្បាប់​។

ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​សភា​សហភាព​អឺរ៉ុប​អំពាវនាវ​ដល់​រដ្ឋសភា​កម្ពុជា​ឲ្យ​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​លោក សម រង្ស៊ី វិញ​ហើយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទម្លាក់ចោល​បទ​ចោទ​ទាំងឡាយ​ប្រឆាំង​លោក សម រង្ស៊ី ព្រមទាំង​អនុញ្ញាត​ឲ្យ​រូបលោក និង​តំណាងរាស្ត្រ​បក្សប្រឆាំង​ផ្សេងទៀត​វិល​ត្រឡប់មក​កម្ពុជា​វិញ ដោយ​មិន​បារម្ភ​ពី​ការចាប់ខ្លួន​ឬ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​។ ទន្ទឹមនឹងនេះ​សភា​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការប្រើប្រាស់​អំណាច​នយោបាយ​ទៅលើ​ប្រព័ន្ធតុលាការ និង​ដោះលែង​សកម្មជន​បក្សប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ ជាពិសេស​គឺ​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​ចំពោះ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​។ លើស​នេះ​ទៅទៀត​សមាជិកសភា​អឺរ៉ុប​ចង់ឃើញ​អាជ្ញាធរ​កម្ពុជា គោរព​អ្វីដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឲ្យ​បាន​ពេញលេញ​ទាក់ទង​ទៅនឹង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស សេរីភាព​ប​ញ្ជេ​ញ​មតិ និង​សេរីភាព​នៃ​ការជួបប្រជុំ​៕

Ravuddh0078 Ravuddh0080 Ravuddh0076